
ឧកញ៉ា កែវ មុំ អគ្គនាយិកាក្រុមហ៊ុនលីលី ហ្វ៊ូដ កត់សម្គាល់ឃើញថា ចាប់តាំងពីមានជម្លោះព្រំដែនរវាងកម្ពុជា និងថៃមក ប្រជាពលរដ្ឋកម្ពុជា បានងាកមកគាំទ្រ និងប្រើប្រាស់ផលិតផលដែលផលិតនៅក្នុងស្រុកយ៉ាងគំហុក ជំនួសឱ្យការប្រើប្រាស់ផលិតផលរបស់ថៃ។ អ្នកជំនួញរូបនេះបានបន្ថែមថា តាមរយៈកំណើនគាំទ្រនេះបានជំរុញឱ្យការផលិតរបស់ក្រុមហ៊ុនខ្លួន និងក្រុមហ៊ុនក្នុងស្រុកដទៃទៀតមានសម្ទុះកំណើនខ្ពស់ជាងមុនគួរឱ្យកត់សម្គាល់។ ជាក់ស្តែងក្រុមហ៊ុនលីលី ហ្វ៊ូដ កាលពីពេលលថ្មីៗនេះបានសម្រេចសាងសង់រោចក្រថ្មីបន្ថែម ដើម្បីបំពេញតម្រូវការផ្គត់ផ្គង់នៅលើទីផ្សារ ដែលកំពុងមានការកើនឡើង។ បើតាមឧកញ៉ា កែវ មុំ កាលណាតម្រូវការផលិតក្នុងស្រុកកើនឡើង នោះឱកាសការងារ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋក្នុងស្រុក ក៏មានកំណើន ដែលជំរុញឱ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើនផងដែរ។
ជាមួយគ្នានេះ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ទទួលស្គាល់ថា សម្ទុះនៃការគាំទ្រផលិតផលខ្មែរនាពេលបច្ចុប្បន្ននេះពិតជាមានកំណើនខ្ពស់ប្រាកដមែន បន្ទាប់ពីពលរដ្ឋមួយចំនួនបានពហិការឈប់ប្រើប្រាស់ផលិតផលថៃ ក្រោយថៃ បានផ្តើមសង្គ្រាមឈ្លានពានមកលើទឹកដីកម្ពុជា យ៉ាងគឃ្លើន។ កំណើននេះ បានជំរុញឱ្យសហគ្រាសធុនតូច និងធម្យមកំពុងពង្រីកខ្សែច្រវាក់ផលិតកម្មបន្ថែម ដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក ដែលកំពុងមានសម្ទុះខ្លាំង ហើយកត្តានេះវានឹងជួយជំរុញឱ្យវិស័យ SME នៅកម្ពុជា មានការរីកចម្រើនលឿនជាងមុនបន្ថែមទៀត។ បើតាមការអះអាងរបស់ឧកញ៉ា តែ តាំងប៉ ទាល់តែសហគ្រាសក្នុងស្រុកបង្កើនការផលិតលើសមុនពី៣ទៅ៤ដង ទើបអាចបំពេញត្រូវការប្រើប្រាស់ជំនួសការនាំចូលពីប្រទេសជិតខាងបាន។
គួរជម្រាបថា កន្លងមកកម្ពុជា បាននាំចូលផលិតផលពីប្រទេសថៃ យ៉ាងច្រើនរាប់ចាប់តាំងពីផលិតផលប្រើប្រាស់ប្រចាំថ្ងៃ និងផលិតផលម្អូបអាហារជាដើម។ នៅក្នុងរយៈពេល៦ខែឆ្នាំ២០២៥នេះ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ មានទំហំជិត២ពាន់២រយលានដុល្លារមានការកើនឡើង៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះកម្ពុជា នាំចេញទៅថៃ មានទំហំប្រមាណ៤៤៨លានដុល្លារ ខណៈថៃ នាំចូលមកកម្ពុជាវិញ មានទំហំជាង១ពាន់៧រយលានដុល្លារ។ នេះបើតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕