Advertisement
ចំណីគំនិត

ភាពខុសគ្នា៩ចំណុច រវាងអ្នកចំណូលមធ្យម និងអ្នកចំណូលខ្ពស់


កម្រិតនៃជីវភាពរបស់មនុស្សម្នាក់ៗ បណ្ដាលមកពីការគិត និងទង្វើរបស់ពួកគេ កាលណាអ្នកគិតត្រូវ ធ្វើត្រូវ នោះលទ្ធផលនឹងទទួលបានជាទីគាប់ចិត្ត។ ប៉ុន្ដែ បើអ្នកគិតខុស ធ្វើខុស ឬ គិតត្រូវ តែធ្វើខុស ក៏លទ្ធផលមិនសូវជាបានគាប់ប្រសើរនោះដែរ។ ដូចពាក្យមួយឃ្លាថា «ការគិតរបស់អ្នក នឹងបញ្ជាក់ពីអនាគតរបស់អ្នក»។
រូបតំណាង
ដោយ

ផ្អែកតាមការ​ស្រាវជ្រាវ ខេមបូណូមីស សូមណែនាំ​​នូវគំនិត​ពិចារណា​មួយចំនួន អំពី ភាព​ខុសប្លែក​គ្នា​ រវាង​អ្នក​ចំណូល​មធ្យម និងអ្នក​ចំណូល​ខ្ពស់ ក្នុង​ការ​ចាយវាយ និង​សម្រេច​ចិត្ត ដើម្បីឲ្យលោកអ្នក​យកទៅ​សិក្សាស្វែងយល់។ 

១, អ្នក​ចំណូល​មធ្យម​ចង់តែ​ដេក​ស្រណុក អ្នកចំណូល​ខ្ពស់​រស់​ដើម្បី​ដោះស្រាយ​ភាព​មិន​ស្រណុក

«ដាក់​ខ្លួន​ដើម្បី​ហ៊ាន​ជំនះ​រឿង​លំបាក វាពិត​ជារឿង​លំបាក​ណាស់ ប៉ុន្ដែ វា​ក៏ជាតម្លៃ​តិចតួច​មួយ​សម្រាប់ ​ការរស់​នៅ​ដើម្បី​ក្ដីស្រមៃ»។ - លោក Peter McWilliams

«វា​គឺជារឿង​ងាយស្រួល​នៅពេល​យើង​មានការងារ​ធ្វើច្បាស់​លាស់ ឬធ្វើការ​ឲ្យគេ​វាស្រួលចិត្ត​ជាង​រកស៊ី​ខ្លួនឯង ដែលវា​មិនត្រូវ​ប្រឈម​នឹង​ហានិភ័យ​ខាតបង់​ខ្ពស់» នេះគឺ​ជាអ្វី​ដែល​អ្នក​ចំណូល​មធ្យម​តែងតែ​គិត ហើយ​វាជា​តំបន់​ស្រណុក​សុខ​ស្រួល​មួយ សម្រាប់​ពួកគេ​ដែល​មិន​ចង់​មានការ​ផ្លាស់ប្តូរ (Comfort zone)​។ ប៉ុន្ដែ សម្រាប់​អ្នកមាន ​គឺជឿ​លើការ​​ផ្លាស់ប្តូរ និងមាន​ជំនឿចិត្ត​ថា ពីក្រោយ​រឿង​លំបាកៗ គឺជាក្ដី​សុខ​បំផុត​សម្រាប់​ពួកគេ ដូច្នេះហើយ​ទើបពួកគេ​និយមដោះ​ស្រាយ​បញ្ហា​នានា​សម្រាប់​អ្នក​ចំណូល​មធ្យម​ដែលមិន​សូវចង់​ធ្វើ តួយ៉ាង​ការចាប់​ផ្ដើម​អាជីវកម្ម និង​ការវិនិយោគ ទោះបី​គេ​ដឹងថា វាមាន​ហានិភ័យ​ខ្ពស់​ក៏ដោយ។

Advertisement

២, អ្នកចំណូល​មធ្យម​រស់ដើរ​ងើយ អ្នក​ចំណូល​ខ្ពស់​រស់ដើរ​ឱន

«គ្មានភាព​ហ៊ឺហា ឬភាព​ស៊ីវិល័យ​ខុសគេ​ឯណា ដែល​ធ្វើឲ្យគេ​ភ្ញាក់ផ្អើល ឬគិតថា​អ្នកថ្លៃថ្នូរ​នោះទេ។ មានតែការរស់​នៅជាមួយ​នឹងអ្វីដែល​ខ្លួនកំពុង​មាន​ប៉ុណ្ណោះ ទើបអាច​បញ្ជាក់​សេចក្ដី​ថ្លៃថ្នូរ និងការ​គោរព​បាន​»។ -លោក CalVin Coolidge

«មនុស្ស​ភាគច្រើន​ប្រើបំណុល​ដើម្បីទិញ​របស់​ដែលខ្លួន​មិនចង់​បាន ដើម្បី​បង្ហាញ​ទៅកាន់​មនុស្ស​ដែលខ្លួន​មិនចូលចិត្ត»។ - លោក Will Rogers

«បើអ្នកទិញ​របស់​ដែលខ្លួន​មិនចាំ​បាច់​មាន មិនយូរទេ​អ្នកនឹង​ត្រូវលក់​របស់​​ដែលខ្លួន​ចាំបាច់​វិញ»។ - លោក Warren Buffett

អ្នកមាន​ចំណូល​មធ្យម​ខ្លះ ហាក់​កំពុង​ដើរតួរ​ធ្វើជា​អ្នកមាន ព្រោះខ្លាច​គេថា​ខ្លួន​អន់ ទើប​ខំចំណាយ​លុយ​សន្សំ និងប្រើ​បំណុល​បន្ថែម ដើម្បីទិញ​របស់​ប្រើប្រាស់​នានា សម្រាប់​បង្ហាញ​​ពីភាព​អស្ចារ្យ​របស់​ខ្លួន។  ប៉ុន្ដែ សម្រាប់​អ្នកមាន​ពិតប្រាកដ គេមិន​បាន​ប្រើខ្ទង់​ចំណាយ​បែបនេះ​ឡើយ ប៉ុន្ដែ រាល់ការ​ចំណាយរបស់​ពួកគេ គឺដើម្បី​បង្កើន​ទ្រព្យ តែមិន​សូវគិត​ពីរឿង​ស៊ីវិល័យ​ប៉ុន្មាន​នោះទេ ដូចពាក្យ​ខ្មែរយើង​ពោល​ថា «ងើយស្កក ឱនដាក់គ្រាប់»។ 

៣, អ្នកចំណូល​មធ្យម​ឡើង​តាម​ជណ្ដើរ អ្នក​ចំណូល​ខ្ពស់​ជាម្ចាស់​ជណ្ដើរ

«អ្នកមាន​បំផុត​ក្នុងលោក ស្វែងរក និង​បង្កើត​បណ្ដាញ​ទំនាក់ទំនង (Networks) ហើយ​អ្នកផ្សេង​ទៀតចេះតែ​ស្វែង​រកការងារ​ធ្វើប៉ុណ្ណោះ»។ - លោក Robert Kiyosaki

អ្នកចំណូល​មធ្យម​ភាគច្រើន ចូលចិត្ត​ធ្វើការ​ឲ្យអ្នក​ដទៃ ហើយ​ការងារ​នោះជាប្រភព​ចំណូល​សំខាន់​សម្រាប់​ពួកគេ។ រីឯអ្នក​មាន​ចំណូល​លើ​មធ្យម គឺជាអ្នក​ធ្វើការ​សម្រាប់​ខ្លួនឯង ហើយគាត់​ជាម្ចាស់​នៃការងារ​នោះ។ ដោយឡែក អ្នកចំណូល​ខ្ពស់ ជាអ្នក​ធ្វើ​ពាណិជ្ជ​កម្ម សហគ្រិន ឬវិនិយោគិន។ ពួកជា​អ្នកបង្កើត និងជាម្ចាស់​នៃជណ្ដើរ​សម្រាប់​ឲ្យអ្នក​ចំណូល​មធ្យម​ដើរ​ចុះឡើង​រាល់ថ្ងៃ។

៤, អ្នកចំណូល​មធ្យម​ជាមិត្ត​នៃមនុស្ស​គ្រប់គ្នា អ្នក​ចំណូល​ខ្ពស់​ជ្រើសរើស​មិត្តដោយ​ម៉ត់ចត់

«វាជារឿង​ប្រសើរ​បំផុត ដែលអ្នក​ដើរចូល​ជាមួយ​មនុស្ស​ដែល​ល្អជាងអ្នក។ ការសេពគប់ មនុស្សដែលមាន​ចរិយា​មាយាថ​ល្អជាងអ្នក នោះនឹង​អាចនាំ​អ្នកទៅ​រកអនាគត​គាប់ប្រសើរ»។ -លោក Warren Buffett

ការសេព​គប់​មិត្តភក្ដិ ដែលមាន​គំនិត និងអត្ត​ចរិតល្អ នោះអនាគត​របស់អ្នក​នឹងដើរ​ទៅរក​ផ្លូវល្អដែរ។ តែបើជុំវិញ​ខ្លួន​អ្នកសុទ្ធ​តែជាមនុស្ស​ពូកែដើរ​លេង ផឹកស៊ី គ្មាន​ការគិត​វែងឆ្ងាយ នោះមិន​យូរ​មិនឆាប់​អ្នកក៏​អាចដើរ​ទៅរក​ផ្លូវនោះ​ដែរ។ ការសេព​គប់មិត្ត​ភក្ដិ ក៏ជាការ​វិនិយោគ​មួយដែរ បើអ្នក​ជ្រើស​ខុស អ្នក​នឹងត្រូវ​ខាតបង់​ធ្ងន់ធ្ងរ​នៅថ្ងៃ​ក្រោយ។

មនុស្សភាគច្រើនប្រើបំណុលដើម្បីទិញរបស់ដែលខ្លួនមិនចង់បាន ដើម្បីបង្ហាញទៅកាន់មនុស្សដែលខ្លួនមិនចូលចិត្ត
— លោក Will Rogers

៥, អ្នក​ចំណូល​មធ្យម​ធ្វើការ​ដើម្បី​រក​លុយ អ្នក​ចំណូល​ខ្ពស់​ធ្វើការ​ដើម្បី​​រៀន​ច្រើនជាង​រកលុយ​

«ពេលអ្នក​នៅក្មេង ធ្វើការ​ដើម្បី​រៀន កុំធ្វើការ​ដើម្បី​តែ​លុយ» ។ - លោក Robert Kiyosaki

អ្នក​ចំណូល​មធ្យមងាយ​ស្រួល​ក្នុងការ​បញ្ចុះបញ្ចូល​ ដើម្បីផ្លាស់​ប្តូរ​ការងារ​ណាស់ ប្រសិនបើ​ផ្ដល់​ប្រាក់​ខែឲ្យ​ខ្ពស់ជាង​កន្លែង​ការចាស់។ ប៉ុន្ដែ អ្នកចំណូល​ខ្ពស់ យល់​ច្បាស់ថា ការធ្វើការ​មិនមែន​សម្រាប់​តែលុយ​នោះទេ ជាពិសេស​គឺនៅឆ្នាំ​ដំបូងៗ​នៃការចូល​ប្រឡូក​ក្នុង​វិស័យការងារ។ ពួកគេ​យល់ថា ការងារ គឺជាការអភិវឌ្ឍ​ជំនាញ និងបុគ្គលិក​លក្ខណៈ ដើម្បីអភិវឌ្ឍ​ខ្លួន​ឲ្យក្លាយ​ជាអ្នកមាន​នៅថ្ងៃណា​មួយ។ តួយ៉ាង ការធ្វើការងារ​ជាបុគ្គលិក​ផ្នែកលក់ គឺជាការ​ស្វែង​យល់ពី ពិភព​នៃការលក់ (World of selling)។ បើអ្នកធ្វើ​ជាគណនេយ្យ​ករ ឬបម្រើការ​ក្នុងវិស័យ​ធនាគារ គឺជាការ​ស្វែងយល់​ពីជំនាញ​គណនេយ្យ ដែលជំនាញ​ទាំងអស់​នេះ សុទ្ធតែទាមទារ​ឲ្យអ្នក​ត្រូវចេះ​នៅពេល​ដែលអ្នក​ក្លាយទៅ​ជា​ថៅកែគេ ឬអ្នកមាន។ 

Advertisement

៦, អ្នកចំណូល​មធ្យម​ផ្ដោត​លើការ​សន្សំ អ្នកចំណូល​ខ្ពស់ផ្ដោត​លើការ​រកលុយ​បន្ថែម

«ទ្រព្យសម្បត្តិ​ដ៏ប្រសើរ​បំផុត គឺជា​សមត្ថភាព​ក្នុង​ការបង្កើន​ប្រាក់​ចំណូល ហើយ​ធនធាន​ដ៏សំខាន់​បំផុត​សម្រាប់អ្នក គឺពេល​វេលា​ដែល​អ្នកមាន»។ -លោក Brian Tracy

ការសន្សំ គឺមាន​សារ​សំខាន់ តែការវិនិយោគ គឺរឹតតែសំខាន់​ជាង​ការសន្សំ​ទៅទៀត។ ប៉ុន្ដែ ការបង្កើនចំណូល គឺជាគ្រឹះ​នៃវិធីទាំងពីរ​នេះ។ អ្នកមាន​ចំណូលខ្ពស់​ដឹងយ៉ាង​ប្រាកដថា ការសន្សំ​មិនងាយ​នឹងក្លាយ​ជាអ្នកមាន​បាន​ឡើយ តែការប្រើ​សមត្ថភាព​ក្នុងការបង្កើន​ចំណូល​តាមរយៈ​ការវិនិយោគ ឬបង្កើតអាជីវកម្ម​ផ្សេងៗ ទើបជា​វិធីសាស្ត្រ​ដ៏ល្អបំផុត​ដើម្បីក្លាយ​ជាអ្នកមាន។ 

៧, អ្នកចំណូល​មធ្យម​ប្រើអារម្មណ៍​គ្រប់គ្រងលុយ អ្នកចំណូល​ខ្ពស់​ប្រើ​តក្កវិជ្ជា (Logical)

«មានតែ​ការប្រើប្រាស់​នូវពាក្យ​សម្ដី ប្រកប​ដោយបញ្ញា និងការគ្រប់​គ្រង​ផ្លូវអារម្មណ៍​ប៉ុណ្ណោះ ទើបអ្នកអាច​ទទួល​បាន​កិរិយា​មាយាថ និងការ​សម្រេចចិត្ត​ដោយ​សមហេតុ​ផល»។ -លោក Warren Buffett

នៅក្នុងសៀវភៅ​ដែលមាន​ចំណងជើង​ថា «របៀបគិត​របស់​អ្នកមាន (How Rich People Think)» បានលើកឡើងថា មានជាង​ ១០០ករណី​ផ្សេងគ្នា ដែលអ្នកមាន​គិតពី​លុយ បើធៀប​នឹងអ្នក​ចំណូល​មធ្យម។ ក្នុងនោះ ចំណុច​ពិសេសមួយ ដែលមាន​ភាពខុសគ្នា​បំផុត រវាងបុគ្គល​ទាំង២​ប្រភេទនេះ គឺអ្នក​ចំណូលមធ្យម​មើលឃើញ​លុយ​ក្នុងលក្ខណៈ​ផ្លូវអារម្មណ៍ ប៉ុន្ដែ​អ្នកមានមើល​ឃើញពីលុយ​ក្នុងលក្ខណៈ​តក្កវិជ្ជា។ ការយល់​ឃើញ​បែបបុគ្គល​អ្នកចំណូល​មធ្យមនេះ វាអាច​នឹងជិះឥទ្ធិពល​ដល់ការ​សម្រេចចិត្ត​ទាក់ទង​នឹងហិរញ្ញវត្ថុ ព្រោះបើអ្នក​ប្រើអារម្មណ៍​ដើម្បី​សម្រេចចិត្ត វាអាច​​ងាយ​នឹងប្រឈម​​មុខ​​​នឹង​ភាព​ហិនហោច​ទៅថ្ងៃមុខ។ មហាសេដ្ឋី​ពិភពលោក លោក Warren Buffett បាន​ពន្យល់​ថា ការវិនិយោគ គឺទាមទារ​ឲ្យមាន​ការគ្រប់​គ្រង​អារម្មណ៍​ឲ្យច្រើន​ជាងការ​ប្រើលុយ ព្រោះពេល​ខ្លះអារម្មណ៍​អាចជំរុញ​ឲ្យមនុស្ស​ចំណាយ​លុយ​ច្រើន តែរកមក​វិញ​បានតិច។ 

៨, អ្នកចំណូល​មធ្យម​យល់ថា សក្ដានុពល​ខ្លួនមាន​ដែន​កំណត់ អ្នកចំណូល​ខ្ពស់​កំណត់​គោលដៅ​មហិមា

«កំណត់​គោលដៅ​ឲ្យខ្ពស់ ហើយកុំ​បញ្ឈប់ ដរាបណា​អ្នកទៅ​ដល់»។ - លោក Bo Jackson

«បើអ្នក​ជ្រុល​តែគិត​ហើយ ត្រូវហ៊ាន​គិតឲ្យធំ»។ - លោក Donald Trump

អ្នកចំណូល​មធ្យម​មានការ​កំណត់​គោលដៅ ទៅតាម​លទ្ធភាព និងមាន​លក្ខណៈ​ខុសប្លែកគ្នា​ពីអ្នក​ចំណូលខ្ពស់។ អ្នកចំណូល​មធ្យម តែង​និយម​កំណត់គោល​ដៅ​ណា ដែលមាន​សុវត្ថិភាព ឬងាយៗ​នឹងសម្រេច​បាន។ ប៉ុន្ដែ អ្នកចំណូល​ខ្ពស់វិញ គឺកំណត់​គោលដៅ​ណា ដែលអ្នកភាគ​ច្រើន​គិតថា មិនអាច​ធ្វើទៅ​បាន ពោលគឺ ជាគោលដៅ​ដែល​លំបាកៗ ឬអ្នក​ដទៃតែង​ហៅថា «គោលដៅ​ឆ្កួតៗ»​។ ប៉ុន្ដែ ពួកគេដឹង​យ៉ាងច្បាស់​ថា ខ្លួនគេ​ពិតជា​សម្រេច​វាបាន ហើយវា​ស្ថិតជាប់​នៅក្នុង​ផ្នត់គំនិត​របស់ពួកគេ​ជានិច្ច។

៩, អ្នក​ចំណូល​មធ្យម​ជឿលើការ​ខិតខំ​ធ្វើការងារ​សកម្ម អ្នកចំណូល​ខ្ពស់​ជឿលើ​កម្លាំង​ជំរុញ​បន្ថែម (Leverage)   

«វាជារឿង​ងាយ​ស្រួលក្នុង​ការដាក់​បញ្ចូលធនធាន​ដែលដំណើរ​ការ​ដើម្បី​ប្រើការ ជាជាង​ការខំ​អភិវឌ្ឍធនធាន​ដែលមិនអាច​ដំណើរ​ការ​បាន»។ - លោក George Soros

ការខិត​ខំធ្វើការងារ​ឲ្យ​សកម្ម គឺជារឿង​ចាំបាច់​សម្រាប់​បុគ្គល​គ្រប់រូប ប្រសិន​បើយើងចង់​ឈាន​ទៅដល់​ចំណុច​កំពូល ពោលគឺ​ត្រូវដាក់ចិត្ត​ដាក់កាយ​ក្នុងការងារ​នោះ។ បញ្ហា​គឺស្ថិតនៅ​ត្រង់ថា ការធ្វើការងារ​សកម្មតែ​ម្យ៉ាង មិនអាច​ជួយឲ្យ​ក្លាយជា​អ្នកមាន​បានទេ អ្នកមិន​អាចយកដៃ​ទាំងពីរ​របស់​អ្នក​ឱបភ្នំ​មួយម្នាក់ឯង​បានឡើយ។ អ្នកត្រូវ​ប្រើប្រាស់​កម្លាំង​ជំនួយ​បន្ថែម ដើម្បី​ជំរុញ​ឲ្យកិច្ចការកាន់​តែទៅមុខ​បានរលូន និង​ជោគជ័យ​បានឆាប់។ ជំនួយ​បន្ថែម (Leverage) គឺជា​មធ្យោបាយ​មួយ ដែលអាច​ប្រើប្រាស់​បាន​ក្នុងបរិបទ​ច្រើន​យ៉ាង​ណាស់ ដូចជា​ការប្រើប្រាស់​ធនធាន​ខាងក្រៅ (លុយកាក់ គំនិត ជំនាញ​របស់អ្នកដទៃ) ដើម្បី​ការវិនិយោគ ឬប្រកប​អាជីវកម្ម​ជាដើម។

គួរកត់សម្គាល់ថា គំនិតដែលបានលើកឡើងខាងលើនេះ គឺជាគំនិត​ដែលបានសិក្សាស្រាវជ្រាវ​របស់ខេមបូណូមីស ដោយផ្អែក​លើ​ឯកសារមួយចំនួន និងបទពិសោធន៍​របស់បុគ្គលជោគជ័យ​ ដែលវាគ្រាន់តែជាចំណី​គំនិតសម្រាប់​ការពិចារណាប៉ុណ្ណោះ។ ទោះយ៉ាងណា ខេមបូណូមីស​ សង្ឃឹម​ថា លោកអ្នក​នឹងទទួលបានចំណេះដឹង​ថ្មី​ៗ បន្ទាប់ពី​បានអាន​អត្ថបទ​មួយនេះ៕ ​ 

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សិល្បៈនៃការ​ឆ្លើយ​តប​បដិសេធ ឲ្យ​មាន​ប្រសិទ្ធភាព

ចំណេះដឹង
រាល់ការឆ្លើយបដិសេធទៅលើគំនិតណាមួយរបស់អ្នកដទៃ នៅក្នុងបរិបទការងារ ឬការរស់នៅក៏ដោយ វាមិនមែនគ្រាន់តែនិយាយថា “ទេ ឬ NO” មួយម៉ាត់ត្រូវចប...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ