អាជីវកម្ម

អាជីពចាក់សាក់ កំពុងត្រូវប៉ាន់ តែមិនសូវមានអ្នករៀន


កាលពីអតីតកាល អ្នកមានជំនាញចាក់សាក់នៅកម្ពុជា ច្រើនតែជាព្រះសង្ឃ ឬ គ្រូមន្តអាគម ដែលចេះវេទមន្ត ស្តោះ ផ្លុំ និង ច្រើនមាននៅតំបន់ព្រៃភ្នំ ឬ ក្នុងវត្តអារាម ។ ប៉ុន្តែ បច្ចុប្បន្ន អាជីពចាក់សាក់ បានបង្ហាញវត្តមាន ស្មើមុខស្មើមាត់ដូចអាជីពដទៃទៀតដែរ។
លោក ហេង ឆៃឡុង កំពុងចាក់សាក់ឲ្យលោក កេង ឧត្តម (ហេង ភិរម្យ)
ដោយ

នៅទល់មុខវិទ្យាល័យទួលទំពូងរាជធានីភ្នំពេញ មានហាងចាក់សាក់មួយកន្លែង បានបើកដំណើរ អាជីវកម្មរបស់ខ្លួនអស់រយៈពេល៥ឆ្នាំមកហើយ និង មានភ្ញៀវខ្មែរ និង បរទេស ចូលមកទទួលសេវានេះ ជាហូរហែគ្រាន់បើដែរ។  

លោក កេង ឧត្តម អតិថិជនដែលចូលចិត្តចាក់សាក់នៅជាប់ខ្លួន បានអះអាងថា លោកបានមកចាក់សាក់នៅទីនេះ ចំនួន៣ដងរួចមកហើយ ពីព្រោះ ម្ចាស់ហាងនេះ មានទឹកដៃល្អ និង ប្រើប្រាស់ ទឹកថ្នាំល្អ ដែលមិនបង្កបញ្ហាដល់ស្បែក ព្រមទាំងមានតម្លៃសមរម្យទៀតផង។ 

ឧត្តម ដែលបានរូបសាក់លើស្មា ដៃ និង ក បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំឃើញពួកអឺរ៉ុប គេចាក់សាក់ស្អាតៗ ក៏មានចំណាប់អារម្មណ៍។  ពេលខ្ញុំសាក់រូបបានស្អាត ខ្ញុំតែងតែចង់បញ្ចេញឲ្យគេឃើញ ព្រោះ មានគេសរសើរខ្ញុំ ប៉ុន្តែ មិនមែនបញ្ចេញឲ្យគេខ្លាចនោះទេ។ ខ្ញុំយល់ថា ស្អាតទើបបញ្ចេញ តែបើអត់ស្អាត ខ្ញុំក៏មិនហ៊ានបញ្ចេញឲ្យគេឃើញដែរ»។ 

អាជីពចាក់សាក់នៅសម័យនេះ មិនមែនសំដៅតែលើមន្តអាគមដូចសម័យមុនឡើយ។ តែការចាក់សាក់ភាគច្រើននៅពេលសព្វថ្ងៃនេះ គ្រាន់តែជាការលម្អរាងកាយ ដើម្បីបង្អួតគ្នាប៉ុណ្ណោះ ពីព្រោះ ក្មេងៗដែលរៀនចាក់សាក់នៅសម័យនេះ ភាគច្រើនមិនចេះវិជ្ជាមន្តអាគមនោះទេ។   

តាមពិតទៅ ការចាក់សាក់នៅកម្ពុជា ក៏មិនទាន់មានភាពទូលំទូលាយ ដូចប្រទេសជិតខាងនោះឡើយ ដ្បិត សង្គមខ្មែរ មិនបានឲ្យតម្លៃ និង ចាក់ទុកអ្នកមានសាក់នៅជាប់ខ្លួន ជាមនុស្សកោង កាច ឬ អ្នកលេងជាដើម។

លោក ហេង ឆៃឡុង អ្នកជំនាញចាក់សាក់ និងជាម្ចាស់ហាងខាងលើ បានរៀបរាប់ថា បច្ចុប្បន្ន របរចាក់សាក់ កំពុងត្រូវប៉ាន់ខ្លាំង ព្រោះ សម្បូរអតិថិជន តែមិនសូវមានអ្នកចេះ ខណៈសង្គមខ្មែរ នៅតែសំឡឹងក្នុងខ្សែភ្នែកលើអ្នកមានសាក់ជាប់ខ្លួន ក្នុងរូបភាពមិនល្អនៅឡើយ។

លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «ចាស់ៗពីដើមៗ គាត់តែងគិតថា អ្នកមានសាក់ជាប់ខ្លួន ជាក្មេងមិនល្អ ឬអ្នកជក់ថ្នាំ ប៉ុន្តែ សម័យឥឡូវ វាបានក្លាយជាសិល្បៈអស់ហើយ។ ម្យ៉ាង ការចាក់សាក់នេះ កម្ពុជាយើងមានតាំងពីយូរមកហើយ ព្រោះ កន្លងមក មានការចាក់សាក់ជាយ័ន្តជាដើម មិនមែនមានតែពេលឥឡូវនេះទេ»។

លោក កេង ឧត្តម អតិថិជនចាក់​សាក់។ (ហេង ភារម្យ)

ខុសពីវិចិត្រករគូររូបលើក្រដាស់ ឬ លើជញ្ជាំងព្រះវិហារ  លោក ហេង ឆៃឡុង បែរជាចូលចិត្ត គំនូរលើសាច់ទៅវិញ។ ហេតុនេះ ទើបជំរុញឲ្យបុរស​វ័យ២៤រូបនេះ ឆ្លងដែនទៅរៀនជំនាញចាក់សាក់នេះ នៅប្រទេសថៃអស់រយៈពេល៥ឆ្នាំ ដើម្បីយកជំនាញដ៏កម្រនេះ មកបើកហាងនៅភ្នំពេញ។

បើតាម លោក ឆៃឡុង រូបសាក់នីមួយៗ លោកត្រូវចំណាយពេល ១៥នាទីសម្រាប់រូបតូចបំផុត ខណៈ រូបធំបំផុត លោកប្រើពេលរហូតដល់៨ម៉ោងក៏មានដែរ។ រីឯតម្លៃវិញ គឺគិតទៅតាម ទំហំរូបតូច ឬ ធំ  ដោយមានចាប់ពី១០ដុល្លារ ទៅ២០០ដុល្លារសហរដ្ឋអាមេរិក។ 

ហាងរបស់លោកទទួលបាន អតិថិជនចន្លោះពី ៣០ទៅ៤០នាក់ ដែលភាគច្រើនជាស្រ្តី ដោយទទួលបានប្រាក់ចំណេញជាមធ្យម៨០០ដុល្លារ នៅក្នុងមួយខែ។  

នៅថ្ងៃអនាគត កំលោះ ហេង ឆៃឡុង មានគម្រោងទៅរៀនជំនាញចាក់សាក់នៅសហរដ្ឋអាមេរិក ដើម្បីសម្រួចជំនាញនេះ យកមកបើកហាង និង បង្រៀនសិស្សនៅកម្ពុជា ដើម្បីឲ្យពួកគេមានអាជីពត្រឹមត្រូវ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការ​អភិវឌ្ឍ​ទីក្រុង​នៅ​រាជ​ធានី​ភ្នំពេញ នៅតែ​ប្រឈម​នឹង​បញ្ហា​ច្រើន ខណៈអ្នកជំនាញកំពុងព្រួយបារម្ភ

ព័ត៌មាន
នៅ​ឆ្នាំ​២០១៨ កំណើន​ប្រជាជន​រស់នៅ​តំបន់​ទីក្រុង​នឹង​កើន​ឡើង​ដល់​ជាង ៣​លាន​នាក់ ខណៈ​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុង​ដុតដៃ​ដុត…

"បើ​ចង់​មាន​ការងារ​ល្អ ត្រូវ​ប្រឹងប្រែង​រៀន​ជំនាញ​៥​យ៉ាង!" តើ​ជា​ជំនាញ​អ្វីខ្លះ?

ព័ត៌មាន
ការងារល្អ​និង​ប្រាក់​ចំណូល​ខ្ពស់ គឺ​ជា​បំណង​ប្រាថ្នា​របស់​យុវជន​គ្រប់​គ្នា ប៉ុន្តែ សំណួរ​ដែល​តែង​ចោទ​ឡើង​នោះ តើ​យុវជន​មាន​សមត្ថភាព​អា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ