វិស័យទេសចរណ៍

វិស័យទេសចរណ៍ថៃ អាចទទួលបានប្រាក់ចំណូល១២ពាន់លានដុល្លារបន្ថែមក្នុង១ឆ្នាំ បើកាស៊ីណូត្រូវបានដាក់ឱ្យស្របច្បាប់


យោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ ដ៏ល្បីល្បាញ Bloomberg បានឱ្យដឹងថា វិស័យទេសចរណ៍របស់ប្រទេសថៃ អាចទទួលបានប្រាក់ចំណូលបន្ថែមរហូតដល់ទៅ១២ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ដែលនឹងជំរុញឱ្យផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសនេះកើនឡើង១,១៦% ប្រសិនបើរដ្ឋាភិបាលថៃ អនុម័តដាក់ឱ្យទៅជាស្របច្បាប់ និងអនុញ្ញាតឱ្យសាងសង់កាស៊ីណូនៅក្នុងប្រទេសនេះ។
វិស័យទេសចរណ៍
ដោយ

ការចំណាយជាមធ្យមរបស់ភ្ញៀវទេសចរម្នាក់នៅក្នុងប្រទេសថៃ អាចកើនឡើង៥២% ឈានដល់ប្រមាណ១.៨០០ដុល្លារអាម៉េរិក ក្នុងដំណើរទេសចរណ៍មួយលើក ប្រសិនបើរដ្ឋាភិបាលថៃ អនុម័តដាក់ឱ្យទៅជាស្របច្បាប់ និងអនុញ្ញាតឱ្យសាងសង់កាស៊ីណូនៅក្នុងប្រទេសនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិដ៏ល្បីល្បាញ Bloomberg ដែលបានដកស្រង់ប្រភពព័ត៌មានទាក់ទិនសេចក្ដីព្រាងច្បាប់របស់ក្រុមសមាជិកសភាថៃ អំពីលទ្ធភាពដាក់កាស៊ីណូឱ្យទៅជាស្របច្បាប់ ដែលត្រូវបញ្ជូនទៅកាន់រដ្ឋសភានៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា នេះ។

ទោះជាយ៉ាងណា ការចុះផ្សាយរបស់សារព័ត៌មាន Bloomberg មិនបានបញ្ជាក់ថា តើទិន្នន័យចំណាយប្រមាណ១.៨០០ដុល្លារអាម៉េរិក ក្នុងភ្ញៀវទេសចរម្នាក់នេះ សំដៅលើភ្ញៀវទេសចរបរទេស និងភ្ញៀវទេសចរក្នុងស្រុករួមបញ្ចូលគ្នា ឬយ៉ាងណានោះទេ។ សេចក្ដីរាយការណ៍ដដែលបង្ហាញថា ប្រាក់ចំណូលទេសចរណ៍ប្រចាំឆ្នាំក្នុងប្រទេសថៃ អាចនឹងកើនឡើង១២ពាន់លានដុល្លារអាម៉េរិបន្ថែម ដែលអាចជំរុញឱ្យផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសនេះកើនឡើង១,១៦%។

កាសែត Bangkok Post បានចុះផ្សាយដោយដកស្រង់ប្រភពពីរដ្ឋមន្ត្រីក្រសួងការងារថៃ លោក ភីផាត រ៉ាតឆាគិតប្រាកាន (Phiphat Ratchakitprakarn) ​ថា ប្រសិនបើប្រទេសថៃ យល់ព្រមឱ្យសាងសង់កាស៊ីណូចំនួន៥ នៅក្នុងតំបន់ដាច់ដោយឡែកពីគ្នា វាអាចបង្កើតការងារយ៉ាងតិច៥ម៉ឺនកន្លែង។

ទោះជាយ៉ាងណា រដ្ឋមន្ត្រីការងាររូបនេះ គូសបញ្ជាក់ថា ចាំបាច់ត្រូវមានវិធានការត្រួតពិនិត្យការងារ និងប្រាក់ចំណូលរបស់ពលរដ្ឋថៃ ដែលចូលលេងកាស៊ីណូដើម្បីឱ្យប្រាកដថា ពួកគេមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចូលលេងល្បែងស៊ីសងនៅតាមកាស៊ីណូទាំងនោះ។

សារព័ត៌មាន Bloomberg បានផ្សាយថា ក្រុមសមាជិកសភា ដែលកំពុងពិនិត្យមើលបញ្ហាកាស៊ីណូក្រោមការដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក ជូឡាពុន អាម៉នវីវ៉ាត (Julapun Amornvivat) បានផ្តល់អនុសាសន៍មួយចំនួន ដើម្បីការពារពលរដ្ឋថៃ ពីការញៀននឹងល្បែងសីសង។ ទន្ទឹមនេះ នគរបាលជាតិរបស់ថៃ បានលើកឡើងថា ប្រសិនបើឈានដល់ការអនុញ្ញាតឱ្យសាងសង់កាស៊ីណូ គួរតែសាងសង់ឱ្យឆ្ងាយពីសហគមន៍ពលរដ្ឋមូលដ្ឋាន និងឆ្ងាយពីគ្រឹះស្ថានអប់រំ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោក ស៊ី ជិនពីង ប្រាប់ក្រុមវិនិយោគិនអាម៉េរិកថា សេដ្ឋកិច្ចចិន គឺរឹងមាំ និងមាននិរន្តរភាព

ព័ត៌មាន
លោក ស៊ី ជិនពីង មេដឹកនាំមហាយក្សចិន បានប្រាប់គណៈប្រតិភូសហរដ្ឋអាម៉េរិក ដែលបានទៅទស្សនៈកិច្ចដំបូងប្រចាំឆ្នាំ២០២៤ កាលពីថ្ងៃពុធថា សេដ្ឋកិច្ចរប…

ថៃកំពុងពន្លឿនការចរចាបង្កើតកិច្ចព្រមព្រៀងជាមួយប្រទេសនៅតំបន់អឹរ៉ុបចំនួន៤ ដើម្បីជំរុញពាណិជ្ជកម្ម និង ការវិនិយោគ

ព័ត៌មាន
រដ្ឋាភិបាលថៃ កំពុងសម្រុកចរចារបញ្ចប់នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងសមាគមពាណិជ្ជកម្មសេរីថៃ-អឺរ៉ុប ដើម្បីជំរុញការធ្វើពាណិជ្ជកម្ម និង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ