ពាណិជ្ជកម្មថៃ

ក្រុមហ៊ុន​លក់រាយ​ដ៏​ធំ​ជាង​គេ​បំផុត​របស់​ថៃ គ្រោង​បើក​ផ្សារ​ទំនើប​ធំ​បំផុត​នៅ​កម្ពុជា​


ក្រុមហ៊ុន​សិនត្រាល់ គ្រុប (CENTRAL Group) គឺ​ជា​ក្រុមហ៊ុន​លក់រាយ​ដ៏​ធំ​ជាង​គេ​បំផុត​នៅ​ប្រទេស​ថៃ នឹង​ចូល​មក​បោះទុន​វិនិយោគ សាងសង់​ផ្សារ​ទំនើប ​ធំ​ជាង​គេ​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១៧​នេះ​ហើយ។
ក្រុមហ៊ុន​លក់រាយ​ធំ​បំផុត​នៅ​ថៃ CENTRAL Group គ្រោង​មក​វិនិយោគ​នៅ​កម្ពុជា។ រូបភាព Wikipedia
ដោយ

ឯកឧត្តម ណាត់តាវុធ ប៉ូទីសារ៉ូ (Nuttavudh Photisaro) ឯកអគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា​បាន​ប្រាប់​សារព័ត៌មាន ខេមបូណូមីស ថា ទីបំផុត​ទៅ ក្រុមហ៊ុន​លក់រាយ​ដ៏​ធំ​ជាង​គេ​នៅ​ប្រទេស​ថៃ​ដែល​មាន​ឈ្មោះ​ថា សិនត្រាល់ គ្រុប នឹង​មក​បោះ​ទីតាំង​វិនិយោគ​ផ្សារ​ទំនើប​ដ៏​ធំ​ជាង​គេ​នៅ​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​នេះ។ 

ឯកឧត្តម​បន្ត​ថា តំណាង​ក្រុមហ៊ុន​ថៃ​មួយ​នេះ​បាន​មក​សិក្សា​លើ​ទីតាំង​សម្រាប់​សាងសង់​រួច​ហើយ។ យ៉ាង​ណា​ក៏​ដោយ ឯកឧត្តម ណាត់តាវុធ ប៉ូទីសារ៉ូ មិន​បាន​ប្រាប់​ទីតាំង​សាងសង់​ផ្សារ​ទំនើប​ដ៏​ធំ​ជាង​គេ​របស់​ថៃ​នៅ​កម្ពុជា​នេះ​ទេ ប៉ុន្តែ​គ្រាន់​តែ​បង្ហើប​ឲ្យ​ដឹង​ថា ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​មួយ ក្នុង​ទីក្រុង​ភ្នំពេញ។

ឯកអគ្គរាជទូត​ប្រចាំ​កម្ពុជា​រូប​នេះ ថ្លែង​ថា លោក​មាន​មោទនភាព​​ដែល​​ក្នុង​អាណត្តិ​ការទូត​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​រយៈពេល​បី​ឆ្នាំ​កន្លង​មក​នេះ លោក​បាន​ខិតខំ​កៀងគរ​វិនិយោគិន​ថៃ​តូច​ធំ​ជា​ច្រើន​ឲ្យ​មក​វិនិយោគ​នៅ​ប្រទេស​កម្ពុជា។ ជាក់ស្តែង ក្រុមហ៊ុន​លក់​រាយ សិនត្រាល់ គ្រុប​នេះ លោក​បាន​ទាក់ទាញ​តាំង​ពី ៣​ឆ្នាំ​មុន​មក​ម្ល៉េះ។

ក្រុមហ៊ុន សិនត្រាល់ គ្រុប មាន​អាជីវកម្ម​ធំៗ​ជាច្រើន ដូចជា ផ្សារ​ទំនើប​ថៃ ផ្សារ​ទំនើប BigC មជ្ឈមណ្ឌល​ប៉ាតាយ៉ា រ៉ូប៊ីនសុន ឌីផាតមិនស្ទ័រ មជ្ឈមណ្ឌល​សណ្ឋាគារ​ផ្លាហ្សា និង ក្រុមហ៊ុន​ផលិត​អាហារ​ទាន់​ចិត្ត ជាដើម។

ផ្សារទំនើប​ដ៏​ធំ​មួយ​នេះ ជា​របស់​ក្រុមហ៊ុន CENTRAL Group នៅ​ថៃ។ (រូបភាព៖ Wikipeida)

ក្រុមហ៊ុន សិនត្រាល់គ្រុប ទទួល​បាន​ប្រាក់​ចំណេញ​ចំនួន​ប្រមាណ​ជិត ១០​ពាន់​លាន​ដុល្លារ​អាមេរិក កាល​ពី​ឆ្នាំ​២០១៦ ពោល​គឺ​មាន​ការ​កើន​ឡើង​ប្រមាណ​ជាង ១៣​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៥។

ហើយ​នៅ​ក្នុង​ឆ្នាំ​នេះ​ដែរ ក្រុមហ៊ុន សិនត្រាល់ គ្រុប មាន​ផែនការ​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​នៅ​អឺរ៉ុប កម្ពុជា វៀតណាម ភូមា ឡាវ ដែល​មាន​ទឹក​ប្រាក់​ជាង ១​ពាន់​លាន​ដុល្លារ​អាមេរិក។

ឯកឧត្តម ណាត់តាវុធ ប៉ូទីសារ៉ូ បញ្ជាក់​ថា តាមរយៈ​ការ​វិនិយោគ​ផ្សារ​ទំនើប​ដ៏​ធំ​មួយ​នេះ សង្ឃឹម​ថា ទំហំ​ពាណិជ្ជ​កម្ម​ទ្វេ​ភាគី​រវាង​កម្ពុជា​និង​ថៃ អាច​នឹង​កើន​ឡើង​ខ្លាំង។

យោង​តាម​របាយការណ៍​ពី​ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា បង្ហាញ​ថា ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​ថៃ កាល​ពី​ឆ្នាំ​២០១៦ សម្រេច​បាន​ទឹក​ប្រាក់ ៥​ពាន់ ៦០០​លាន​ដុល្លារ ពោល​គឺ​មាន​ការ​ថយចុះ ៦​ភាគរយ បើ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

បើ​ទោះ​បី​ជា​ទំហំ​ពាណិជ្ជ​កម្ម​ទេ្វ​ភាគី​រវាង​ប្រទេស​ទាំង​មាន​ភាព​ល្អ​ប្រសើរ​ក៏​ពិត​មែន ប៉ុន្តែ​កម្ពុជា​ហាក់​បី​ដូចជា​ទទួល​បាន​ទឹក​ប្រាក់​តិច​តួច​ពី​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម​ជាមួយ​ថៃ។ ជាក់ស្តែង នៅ​ក្នុង​ឆ្នាំ​២០១៦​កន្លង​ទៅ​នេះ កម្ពុជា​បាន​នាំ​ចេញ​ផលិត​ផល​សំខាន់ៗ​ទៅ​ទីផ្សារ​ថៃ ដែល​មាន​តម្លៃ​ទឹក​ប្រាក់ ៩៣៦​លាន​ដុល្លារ  ខណៈ​ថៃ​នាំ​ចូល​មក​កម្ពុជា​វិញ គឺ​ក្នុង​​ទឹក​ប្រាក់ ៤​ពាន់ ៧០០​លាន​ដុល្លារ។ ដូច្នេះ​បើ​មើល​ពី​ទំហំ​ទឹក​ប្រាក់​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​​ពីរ​ឃើញ​ថា កម្ពុជា​ចំណេញ​តិច​តួច​ណាស់៕




អត្ថបទបន្ទាប់


កម្ពុជានឹង​បាន​ប្រយោជន៍​អ្វី​ខ្លះ​ពី​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​ក្នុង​ឆ្នាំ​នេះ?

ព័ត៌មាន
កម្ពុជា​បាន​ត្រៀម​រៀបចំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ស្តីពី​អាស៊ាន នៅ​ក្នុង​ខែ​ឧសភា ឆ្នាំ​២០១៧ ខាង​មុខ​នេះហើយ ដើម្បី​បង្ហាញ​ពី​ឱកាស​ និង…

ក្រុមហ៊ុន​បារាំង​​នឹង​ជួយ​ថែទាំ​និង​ជួសជុល​​យន្តហោះ​នៅ​ស្រុក​ខ្មែរ

ព័ត៌មាន
ក្រុមហ៊ុន​បារាំង Air France Industries KLM បាន​ឈ្នះ​ការ​ដេញ​ថ្លៃ​ទៅ​លើ​កិច្ច​ព្រមព្រៀង​រយៈពេល​វែង ក្នុង​ដំណើរ​ការ​ជួស​ជុល ថែ​រក្សា ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ