ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅវិមានរដ្ឋាភិបាល កាលពីថ្ងៃទី៥ ខែសីហា ប្រមុខការទូតថៃ លោក ស៊ីហាសាក់ ភួងកេតកែវ បានសម្តែងឥរិយាបថធ្វើមិនដឹង មិនឮ ដោយបញ្ជាក់ថា ផែនការរបស់កម្ពុជា ក្នុងការស្នើសុំឱ្យអង្គការសហប្រជាជាតិ ទទួលស្គាល់អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ និងផែនទីខ្នាត១/២០០.០០០ គឺគ្មានអ្វីថ្មី និងមិនប៉ះពាល់ដល់ថៃ នោះឡើយ។ តែយ៉ាងណា រដ្ឋមន្ត្រីការបរទេសថៃ រូបនេះ បានទទួលស្គាល់ដោយផ្ទាល់មាត់ថា អនុស្សរណៈ និងផែនទីស្របច្បាប់ទាំងនេះត្រូវបាន UN ចុះបញ្ជី និងទទួលស្គាល់រួចរាល់ហើយ។
ទោះជាយ៉ាងណាការទទួលស្គាល់បែបក្រឡិចក្រឡុចរបស់លោក ស៊ីហាសាក់ បានស្តែងឱ្យឃើញពីការប្រើប្រាស់នយោបាយបែបឌឺដង និងគ្មានភាពស្មោះត្រង់ផ្នែកការទូត ព្រោះលោកបានព្យាយាមបង្វែរដានថា MOU ឆ្នាំ២០០០ មិនបានកម្រិតត្រឹមផែនទីខ្នាត១/២០០.០០០ នោះទេ ហើយថៃនៅតែរក្សាជំហររឹងរូសប្រើប្រាស់ផែនទីខ្នាត១/៥០.០០០ ដែលខ្លួនគូសវាសឡើងដោយឯកតោភាគី ដើម្បីកេងចំណេញលើការកំណត់ខ្សែបន្ទាត់ព្រំដែនគោក។
ពាក់ព័ន្ធនឹងយន្តការផ្សះផ្សារដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) លោក ស៊ីហាសាក់ បានសម្តែងភាពជឿជាក់ថា ថៃនឹងអាចការពារផលប្រយោជន៍របស់ខ្លួនបាន ហើយបានអះអាងថា បញ្ហានេះមិនទាន់ឈានដល់ដំណាក់កាលផ្សះផ្សារដោយបង្ខំនោះទេ ហើយត្រូវតែឆ្លងកាត់ការចរចាទ្វេភាគីជាមុនសិន។
លើសពីនេះប្រមុខការទូតថៃរូបនេះ ថែមទាំងបានប្រើវោហាសព្ទវាយប្រហារទៅកាន់អ្នករាយការណ៍ពិសេសរបស់ UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាលោក ថម អ៊ែនឌ្រូ (Tom Andrews) ដោយអះអាងថា ការរាយការណ៍ ឬការកំណត់ថា ភាគីណាជាអ្នករំលោភបំពាន គឺមិនស្ថិតក្នុងដែនសមត្ថកិច្ចរបស់អង្គការសហប្រជាជាតិនោះទេ។
ទង្វើ និង សម្តី បន្លាប់ សភាពការណ៍របស់រដ្ឋមន្ត្រីការបរទេសថៃ នាពេលនេះ កាន់តែគូសបញ្ជាក់ឱ្យពិភពលោកឃើញកាន់តែច្បាស់ថា ថៃដឹងខ្លួនឯងច្បាស់ណាស់ថា កំពុងប្រើប្រាស់ផែនទីខុសច្បាប់ ប៉ុន្តែនៅតែព្យាយាមប្រព្រឹត្តអំពើរំលោភបំពានមកលើកម្ពុជា ដោយប្រើប្រាស់យុទ្ធសាស្ត្រពន្យារពេល និងទាញយកប្រយោជន៍ពីផែនទីឯកតោភាគីរបស់ខ្លួន៕
ដោយៈ សរ សុជាតិ