ផ្ទុយទៅវិញ វាគឺជាអាវុធផ្លូវច្បាប់ និងជាភស្តុតាងវិទ្យាសាស្ត្រដ៏រឹងមាំ ដែលកម្ពុជា អាចប្រើប្រាស់ដើម្បីដាក់សម្ពាធតាមច្បាប់អន្តរជាតិ និងតម្រូវឱ្យភាគីថៃ ចេញមុខទទួលខុសត្រូវ ព្រមទាំងសងសំណងការខូចខាតទាំងស្រុង។ អ្នកជំនាញជឿជាក់ថា ទង្វើរបស់ថៃ នាពេលនេះ គឺជាការប៉ុនប៉ងលុបបំបាត់ភស្តុតាងប្រជាសាស្ត្រនៅតំបន់ព្រំដែន ហើយកម្ពុជា ចាំបាច់ត្រូវពន្លឿនការរៀបចំសំណុំរឿងទាមទារយុត្តិធម៌នៅលើឆាកអន្តរជាតិ។
លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានចាត់ទុករូបភាពពីផ្កាយរណបរបស់ក្រុមហ៊ុន Apple ដែលបង្ហាញពីការបំផ្លិចបំផ្លាញ និងឈូសឆាយផ្ទះប្រជាប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធនៅលើទឹកដីកម្ពុជា ក្នុងខេត្តបន្ទាយមានជ័យសំណាក់យោធាថៃ គឺជាភស្តុតាងបែបវិទ្យាសាស្រ្ត ដែលថៃ មិនអាចប្រកែកបានឡើយជុំវិការបំផ្លាញផ្ទះសំបែង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលក្រោយមានបទឈប់បាញ់។
អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា សកម្មភាពនេះវាមិនត្រឹមតែជាសកម្មភាពខុសច្បាប់នោះទេ ប៉ុន្តែវាបានបង្ហាញពីចេតនាទុច្ចរិតរបស់ថៃក្នុងការលុបបំបាត់ភស្តុតាងប្រជាសាស្រ្ត និងការប៉ុនប៉ងចង់លេបត្របាក់ទឹកដីកម្ពុជាទាំងបំពានច្បាប់។ បើតាមអ្នកជំនាញរូបនេះ រដ្ឋាភិបាលគួរតែបង្ខំឱ្យភាគីថៃចេញមុខសងសំណងរាល់ការខូចខាតដល់ពលរដ្ឋខ្មែរ តាមរយៈការប្រមូលរបាយការណ៍ រៀបចំសំណុំរឿងទាមទារសំណងប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ឬអង្គការសហប្រជាតិ និងត្រូវមានភ្នាក់ងារស៊ើបអង្កតឯករាជ្យបន្ថែមទៀត។
ជាមួយគ្នានេះ លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយ និងជាអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិ បានលើកឡើងថា រដ្ឋាភិបាលចាំបាច់ត្រូវតែធ្វើកិច្ចសហការជាមួយអង្គការអន្តរជាតិ និងជាតិ ដើម្បីប្រមូលភស្តុតាង ដែលថៃបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ផ្ទះសំបែងពលរដ្ឋបន្ទាប់ពីមានបទឈប់បាញ់ ហើយតាមរយៈរបាយរូបភាពភស្តុតាងបែបវិទ្យាសាស្រ្តរបស់ក្រុមហ៊ុន Apple ដែលត្រូវបានបង្ហោះដោយអង្គការលីកាដូនាពេលថ្មីៗនេះ កំពុងបង្ហាញយ៉ាងច្បាស់ពីការឈ្លានពានរបស់ថៃ។
បើតាមអ្នកជំនាញរូបនេះតាមរយៈភស្តុតាងពីផ្កាយរណប អាចដាក់សម្ពាធលើភាគីថៃមិនឱ្យបានគេចវេះ ឬបដិសេធបន្តទៀតបានឡើយ ហើយដើម្បីឱ្យថៃចេញមុខមកដោះស្រាយ និងសងរាល់ការខូចខាត កម្ពុជាត្រូវការធ្វើការយ៉ាងជិតស្និតជាមួយសហគមន៍អន្តរជាតិ ដើម្បីដាក់សម្ពាធដល់ភាគីថៃចេញមកទទួលខុសត្រូវ។
ពាក់ព៍ន្ធបញ្ហានេះដែរលោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការសិទ្ធិមនុស្ស លីកាដូ បានឱ្យដឹងថា កាលពីដើមឆ្នាំ២០២៦ អង្គការលីកាដូ បានតាមដានរាល់សកម្មភាពបំផ្លិចបំផ្លាញរបស់យោធាថៃ ផ្អែកលើរូបភាពផ្កាយរណបពីទីភ្នាក់ងារអវកាសអឺរ៉ុប នឹងចុះផ្សាយពីការប៉ះពាល់ម្ដងរួចហើយ ដោយនៅក្នុងខែមីនា ឆ្នាំ២០២៦ នេះ អង្គការលីកាដូ សង្កេតឃើញជាថ្មីម្ដងទៀតជាមួយរូបភាពថ្មីជាច្រើនសន្លឹក ដែលមានគុណភាពច្បាស់ជាងមុន ក្រោយពេលដែលផែនទីរបស់ក្រុមហ៊ុនអេបផល (Apple Maps) ត្រូវបានធ្វើបច្ចុប្បន្នភាពជាថ្មីម្តងទៀត ដោយឃើញមានខ្នងផ្ទះ និងហេដ្ឋារចនាសម្ពន័្ធស៊ីវិលនៅទីតាំង ដែលថៃ បានកាន់កាប់ដោយខុសច្បាប់ត្រូវបានបំផ្លាញយ៉ាងដំណំ។
ទន្ទឹមនឹងនេះ លោកស្នើឱ្យថៃ ត្រូវបញ្ឃប់រាល់សកម្មភាពបំផ្លាញទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ពន្ធ័ស៊ីវិលរបស់ពលរដ្ឋខ្មែរ និងស្នើឱ្យសហគមន៍អន្តរជាតិរួមជាមួយរដ្ឋាភិបាលត្រូវធ្វើយ៉ាងណាឱ្យពលរដ្ឋអាចត្រឡប់ទៅលំនៅឋានវិញប្រកបដោយសុវត្ថិភាព សន្តិវិធី និងធានាទាមទារលំនៅឋានឱ្យពលរដ្ឋបានត្រលប់មកវិញ។
បើយោងតាមអង្គការសិទ្ធិមនុស្សលីកាដូ រូបថតជាច្រើនសន្លឹកពីផ្កាយរណប ដែលត្រូវបានថតកាលពីខែមីនា ឆ្នាំ២០២៦ បានបង្ហាញថា កងកម្លាំងយោធារបស់ប្រទេសថៃ បានឈូសឆាយផ្ទះសម្បែងរបស់ប្រជាពលរដ្ឋយ៉ាងតិចណាស់ចំនួន៦២៧ខ្នង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនផ្សេងទៀតយ៉ាងតិចនៅក្នុងភូមិចំនួន៣ នៅតាមបណ្តោយព្រំដែនខ្មែរ និងថៃ ដែលស្ថិតនៅក្នុងភូមិជោគជ័យ តំបន់បឹងត្រកួន និងភូមិព្រៃចាន់ ក្នុងខេត្តបន្ទាយមានជ័យ ក្រោយពេលមានកិច្ចព្រមព្រៀងឈប់បាញ់ កាលពីខែធ្នូ ឆ្នាំ២០២៥កន្លងទៅ៕
អត្ថបទ៖ ជា ម៉ារ៉ា