ប្រទេសថៃ

ថៃគ្រោងដំឡើងពិដានបំណុលសាធារណៈឲ្យស្មើនឹង ៧០% នៃGDP ដើម្បីមានលទ្ធភាពស្រោងស្រង់សេដ្ឋកិច្ច


ក្រសួងហិរញ្ញវត្ថុ បានរៀបចំនូវសំណើសុំ តម្លើងពិដានបំណុលសាធារណៈរបស់រដ្ឋ ធៀបនឹងផលិតផលក្នុងស្រុកសរុប ដែលកាលពីមុនកំណត់យកត្រឹមតែ ៦០%ប៉ុណ្ណោះនៃGDP ប៉ុន្ដែ ការស្នើសុំថ្មីនេះ គឺដំឡើងដល់ ៧០% នៃ GDP ពោលគឺវាអនុញ្ញាតឲ្យ ថៃ អាចខ្ចីប្រាក់ដល់ទៅ ៦០ពាន់លានដុល្លារអាមេរិកបន្ថែមទៀត បន្ទាប់ពីទទួលបានការអនុញ្ញាតលើសំណើថ្មីៗនេះ។ នេះបើយោងតាមការចុះផ្សាយនៅថ្ងៃនេះ ដោយសារព័ត៌មានក្នុងស្រុកថៃ។
រូបភាព ហាងលក់ទំនិញមួយចំនួននៅក្នុងប្រទេសថៃមានសភាពស្ងាត់ជ្រងំ អំឡុងពេលនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នៅទូទាំងប្រទេស

គណៈកម្មាធិការ​ដឹកនាំ​ដោយ​នាយក​រដ្ឋមន្ត្រី​ថៃ គឺ​មាន​សិទ្ធិ​អំណាច​ក្នុង​ការ​ពិនិត្យ ពិ​ដាន​បំណុល​នេះ រៀង​រាល់ ៣​ឆ្នាំ​ម្តង ដោយ​រាប់​បញ្ចូល​ទាំង​ឆ្នាំ ២០២១​នេះ​ផង​ដែរ​។

គណៈកម្មាធិការ​នេះ គឺ​បង្កើត​ឡើង​ដោយ​មាន​តំណាង​មក​ពី ក្រសួង​ហិរញ្ញវត្ថុ ធនាគារកណ្តាល​ថៃ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង សង្គម និង ការិយាល័យ​ថវិកាជាតិ​។

កាលពី​ឆ្នាំ ២០២០​កន្លង​ទៅ រាជរដ្ឋាភិបាល​ថៃ បាន​ដាក់​ចេញ​នូវ​ច្បាប់​អនុញ្ញាត​ប្រាក់​កម្ចី​សង្គ្រោះ​បន្ទាន់ ជា​លើក​ដំបូង ដែល​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ៣០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ចាក់​បញ្ចូល​ទៅ​ក្នុង​ផែនការ​ប្រយុទ្ធ​ប្រឆាំង​នឹង វិបត្តិ​មេរោគ​កូ​វី​ដ​១៩ ហើយ​ចូល​មក​ដល់​ឆ្នាំ ២០២១​នេះ រាជរដ្ឋាភិបាល​ថៃ ក៏​បាន​អនុម័ត​ជា​លើក​ទី ២ ក្នុង​ការ​ខ្ចីប្រាក់​បន្ថែម ១៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ទៀត​។

ក្នុង​ខែកញ្ញា ឆ្នាំ ២០១៩ បំណុល​សាធារណៈ​របស់​ថៃ ស្ថិត​នៅ​រង្វង់ ២០៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤១% នៃ​ផលិតផល​ក្នុងស្រុក​សរុប ហើយ​តួលេខ​នេះ បាន​កើនឡើង​មក​ដល់ ២៦៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ឬ ៥៥% នៃ GDP គិត​ត្រឹម​ខែកក្កដា ឆ្នាំ ២០២១​នេះ រុញច្រាន​ដោយ​កម្ចី​លើក​ទី ១ ជាង ៦០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​របស់​រាជរដ្ឋាភិបាល​ថៃ​កាលពី​កន្លង​ទៅ​នេះ​។

សេដ្ឋវិទូ និង ស្ថាប័នឯកជន​ជា​ច្រើន បាន​ស្នើ​ឲ្យ រាជរដ្ឋាភិបាល​ថៃ បង្កើន​ការ​ខ្ចីប្រាក់​បន្ថែម ដើម្បី​ជួយ​ស្រោចស្រង់​ដល់​សេដ្ឋកិច្ច​ដែល​កំពុង​អន់​ខ្សោយ និង​កប់​ផុង​កាន់តែ​ជ្រៅ ដោយសារ​តែ​ការ​អូស​បន្លាយ​នៃ​វិបត្តិ​មេរោគ​កូ​វី​ដ​១៩​។

យ៉ាងណា​ក៏​ដោយ​ចុះ ក៏​មានការ​តិះ​តៀន​មួយ​ចំនួន​ជុំវិញ​នឹង​ការ​បង្កើន​ពិ​ដាន​បំណុល​របស់​រដ្ឋ​ថៃ​នេះ  ដោយ​ប្រភព​ខ្លះ​បាន​លើក​ឡើង​ថា បំណុល​សាធារណៈ​របស់​ថៃ អាច​នឹង​កើនឡើង​លើស​ពី ៦០% បើសិនជា រាជរដ្ឋាភិបាល​ថៃ ខ្ចីប្រាក់​បន្ថែម ហើយ​កំណើនសេដ្ឋកិច្ច​ថៃ អាច​នឹង​ធ្លាក់​ចុះ​ទាប ឬ អាច​ឈាន​ទៅ​រក​អវិជ្ជមាន​។

សូម​ជម្រាប​ថា អត្រា​ពិ​ដាន​បំណុល​របស់​រាជរដ្ឋាភិបាល​ថៃ កំណត់​ត្រឹម ៦០% គឺ​មាន​ជា​យូរណាស់​មក​ប៉ុន្ដែ ថៃ​ក៏​ធ្លាប់​បាន​ទម្លាក់​អត្រា​ពិ​ដាន​បំណុល​នេះ​មក​នៅ​ត្រឹម ៥៥% ម្ដង​ផង​ដែរ ប៉ុន្ដែ ក៏​បាន​ដំឡើង​មក​វិញ​៕

អត្ថបទ​៖ វណ្ណ វុ​ឌ្ឍ​វិវឌ្ឍន៍ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


CDC អនុម័តគម្រោងរោងចក្រដំឡើងរថយន្ដថ្មីមួយទៀត តម្លៃ៧លានដុល្លារនៅប៉ោយប៉ែត

ព័ត៌មាន
គម្រោងរោងចក្រផ្គុំ និងដំឡើងរថយន្ដថ្មីមួយទៀតហើយ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តជាផ្លូវការ ដោយរោងចក្រនេះ មានតម្លៃដើមទុនច…

ភាពតានតឹងនយោបាយរវាងអាមេរិក និងចិនធ្វើឲ្យការវិនិយោគបច្ចេកវិទ្យារវាងប្រទេសទាំងពីរដាំក្បាលចុះ ៩៦%

ព័ត៌មាន
ភាពតានតឹងផ្នែកនយោបាយរវាងមហាយក្សសេដ្ឋកិច្ចអាមេរិក និង ចិនបានធ្វើឲ្យការវិនិយោគផ្នែកបច្ចេកវិទ្យារវាងប្រទេសទាំងពីរយ៉ាងខ្លាំង ដ្បិតថា ទាំងខាង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ