វិស័យទេសចរណ៍ប្រទេសថៃ

ថៃឈប់រំពឹងលើទេសចរណ៍ចិនតទៅទៀត ដោយងាកមកផ្ដោតក្រសោបយកភ្ញៀវអឺរ៉ុប និងអាមេរិកវិញ


សំបុត្រយន្តហោះថ្លៃកប់ពពក វិធានការកូវីដ១៩ដ៏តឹងរ៉ឹងដែលពិបាកដល់ការធ្វើដំណើរ ជាហេតុធ្វើឱ្យប្រទេសថៃលែងចង់ស្រមើរស្រម៉ៃចង់បានភ្ញៀវទេសចរមកពីប្រទេសចិនដូចកាលពីមុនទៀតហើយ។ ជំនួសឱ្យទាក់ទងាញភ្ញៀវជនជាតិចិន អាជ្ញាធរទេសចរណ៍នៃប្រទេសថៃ ឥឡូវនេះ បាននិងកំពុងសម្លឹងឃើញទេសចរបរទេសពីតំបន់អឺរ៉ុប និងអាមេរិកវិញ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
ថៃឈប់រំពឹងលើទេសចរចិនងាកមករកភ្ញៀវអឺរ៉ុបនិងអាមេរិក!

នេះមិនមែនជារឿងចេះតែនឹកឃើញរបស់រដ្ឋាភិបាលក្រុងបាងកកនោះទេ ពោលគឺគេមានផែនការ និងចក្ខុវិស័យច្បាស់លាស់សម្រាប់ដាក់គោលដៅ លើទេសចរអឺរ៉ុប និងអាមេរិក។ ជាក់ស្តែង ថៃចង់ទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទាំងពីរតំបន់នេះ ខណៈដែលបច្ចុប្បន្នក្នុងប្រទេសនិងតំបន់របស់ពួកគេកំពុងជួបការលំបាកនៃរដូវរងា ជាមួយនឹងការចំណាយខ្ពស់ អតិផរណា និងថាមពលឡើងថ្លៃជាដើម ដោយពួកគេអាចងាកមករីករាយជាមួយអាកាសធាតុត្រូពិចរបស់ប្រទេសថៃវិញ។

យុទ្ធនាការទីផ្សារ ដែលទើបដាក់ឱ្យដំណើរការនាពេលថ្មីៗនេះ មានគោលបំណងលើកកម្ពស់ប្រទេសថៃជាគោលដៅទេសចរណ៍ពេញមួយឆ្នាំតែម្តង នៅគ្រាដែលថ្លៃរស់នៅក្នុងតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិកកំពុងហក់ឡើងខ្លាំង។ ការទាក់ទាញភ្ញៀវទេសចរពីទីផ្សារអឺរ៉ុប និងអាមេរិកនេះ សុទ្ធសឹងជាទេសចរដែលមានទំនោរស្នាក់ និងដើរកម្សាន្ដរយៈពេលយូរ ហេតុនេះវានឹងក្លាយជាគោលដៅស្នូលសម្រាប់អាជ្ញាធរទេសចរណ៍ ឈានទៅសម្រេចបានគោលដៅប្រាក់ចំណូលជាង៦០០ពាន់លានបាត ឬស្មើនឹងជិត ១៦ ពាន់លានដុល្លារ រួមនឹងចំនួនភ្ញៀវទេសចរ ១០លាននាក់នៅឆ្នាំនេះ។

លោក យុទ្ធថាសាក់ សុផាសន(Yuthasak Supasorn) អភិបាលនៃអាជ្ញាធរទេសចរណ៍ថៃ បានថ្លែងថា៖ ថៃនឹងផ្តោតលើគុណភាពទេសចរណ៍បន្ថែមទៀត សម្រាប់អ្នកដែលមកលេងប្រទេសថៃញឹកញាប់ និងអ្នកដែលមកលេងហើយ បន្តស្នាក់នៅរយៈពេលយូរ។

ក្រៅពីនេះ អាជ្ញាធរទេសចរណ៍ថៃបានបង្ហាញការអស់ជំនឿចិត្តសម្រាប់ទេសចរចិន ដោយបានលើកឡើងថា ប្រទេសថៃមិនអាចរង់ចាំបានទេ ព្រោះគេរំពឹងទាបណាស់ ដែលប្រទេសចិននឹងបើកឱ្យមានការធ្វើដំណើរងាយស្រួលឡើងវិញបានមុនដាច់ឆ្នាំ២០២២នេះ។ លោក យុទ្ធថាសាក់ សុផាសន លើកឡើងថា ប្រទេសថៃមិនអាចរង់ចាំភ្ញៀវចិនបានទេ ប៉ុន្តែត្រូវងាកមកធ្វើការជាមួយតំបន់ជាច្រើន និងប្រទេសជិតខាងក្នុងតំបន់អាស៊ី ជាពិសេសគឺប្រទេសកូរ៉េខាងត្បូង និងជប៉ុន។

បន្ថែមពីលើភ្ញៀវអឺរ៉ុប និងភ្ញៀវនៅប្រទេសក្បែរខាង ដើម្បីជំនួសអ្នកចំណាយដ៏ធំរបស់ភ្ញៀវចិន ប្រទេសថៃ បានជំរុញគម្រោងដ៏ធំមួយ ដើម្បីទាក់ទាញភ្ញៀវទេសចរឥណ្ឌា និងមជ្ឈិមបូព៌ា ដែលក្រុមនេះក៏កំពុងរត់គេចចេញពីរដូវក្តៅក្នុងតំបន់របស់ខ្លួនផងដែរ។ រហូតមកដល់ពេលនេះ ប្រជាជនឥណ្ឌាជាង ៥០ម៉ឺននាក់ហើយបានទៅលេងប្រទេសថៃក្នុងឆ្នាំនេះ ខណៈជនជាតិម៉ាឡេស៊ីមានចំនួនជាង៦៣ម៉ឺននាក់។

ភាពអំណោយផលនៃវិស័យទេសចរណ៍ថៃ បានជ្រោមជ្រែងពីការបន្ធូរបន្ថយទាំងស្រុងរបស់រដ្ឋាភិបាលក្រុងបាងកកលើការរឹតបន្តឹងកូវីដ១៩។ ថៃបានទទួលភ្ញៀវទេសចរប្រហែលមួយលាននាក់ក្នុងមួយខែៗ ចាប់តាំងពីខែឧសភាមក ដោយបានងើបឡើងវិញលឿនជាងប្រទេសជិតខាងរបស់ខ្លួន ដែលជាប្រទេសពឹងផ្អែកលើទេសចរណ៍ដូចគ្នា។

ទោះយ៉ាងណា បញ្ហាប្រឈមនៅតែមាន ពោលគឺវិស័យដឹកជញ្ជូនដើម្បីនាំយកភ្ញៀវមកកាន់ប្រទេសថៃ។ ការហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍មានចំនួន៣០% ប៉ុណ្ណោះបើធៀបនឹងកម្រិតមុនការរាតត្បាតកូវីដ១៩ ដែលនាំឱ្យតម្លៃសំបុត្រយន្តហោះកើនឡើងទ្វេដង។ ផ្នែកបដិសណ្ឋារកិច្ចក៏កំពុងប្រឈមនឹងកង្វះកម្លាំងពលកម្មផងដែរ ដោយសារពលករចំណាកស្រុកមិនបានត្រឡប់ទៅប្រទេសថៃវិញច្រើនឡើយ ពេលបើកប្រទេសឡើងវិញ។ ក្រសួងទេសចរណ៍បានកំណត់គោលដៅសណ្ឋាគារចំនួន ៥៥% នៃសណ្ឋាគារសរុប ឱ្យបើកដំណើរការ ទើបអាចទទួលភ្ញៀវទេសចរចំនួន១០លាននាក់បាន៕




អត្ថបទបន្ទាប់


ភ្ញៀវទេសចរទៅកម្សាន្តនៅខេត្តព្រះសីហនុកើនឡើងយ៉ាងគំហុក ក្រោយដាក់ឲ្យដំណើរការសាកល្បងផ្លូវល្បឿនលឿន

ព័ត៌មាន
ចំនួនភ្ញៀវទេសចរទៅកម្សាន្តតាមគោលដៅទេសចរណ៍នានា ក្នុងខេត្តព្រះសីហនុ មានការកើនឡើងយ៉ាងគំហុក ក្រោយក្រសួងសាធារណការបើកឲ្យប្រជាពលរដ្ឋធ្វើដំណើរសាក…

ប៉េកាំងចេញមកឆ្លើយតបភ្លាមៗ ក្រោយមេភ្នាក់ងារចារកម្មអង់គ្លេសចោទថា បច្ចេកវិទ្យាចិនកំពុងគំរាមកំហែងសន្តិសុខសាកល

ព័ត៌មាន
ប្រមុខចារកម្មរបស់អង់គ្លេសលោក Jeremy Fleming បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះការប្រើប្រាស់បច្ចេកវិទ្យា របស់ប្រទេសចិន ដែលបាននឹងកំពុងបង្កក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ