អង់គ្លេស-ចិន

ប៉េកាំងចេញមកឆ្លើយតបភ្លាមៗ ក្រោយមេភ្នាក់ងារចារកម្មអង់គ្លេសចោទថា បច្ចេកវិទ្យាចិនកំពុងគំរាមកំហែងសន្តិសុខសាកល


ប្រមុខចារកម្មរបស់អង់គ្លេសលោក Jeremy Fleming បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះការប្រើប្រាស់បច្ចេកវិទ្យា របស់ប្រទេសចិន ដែលបាននឹងកំពុងបង្កការគំរាមកំហែង និងគ្រប់គ្រងសន្តិសុខអន្តរជាតិ ដោយលោកបានហៅថាទង្វើនេះថា ជាការរបើកច្រកទ្វារប្រវត្តិសាស្រ្តថ្មី។ ក្រោយពីការលើកឡើងបែបនេះ ទីក្រុងប៉េកាំងក៏បានចេញមកច្រានចោលភ្លាមៗដែរ ដោយថា វាគឺជាការចោទប្រកាន់គ្មានមូលដ្ឋានច្បាស់លាស់។
មេចារកម្មអង់គ្លេស បារម្ភពីការគំរាមរបស់បច្ចេកវិទ្យាចិន ទៅលើសន្តិសុខសាកល

លោក Jeremy ថែមទាំងបានព្រមាន កុំឱ្យពឹងផ្អែកលើបច្ចេកវិទ្យាចិនខ្លាំងពេក និងបានជំរុញឱ្យក្រុមហ៊ុន និងអ្នកស្រាវជ្រាវរបស់លោកខាងលិច ត្រូវប្រុងប្រយ័ត្នបង្កើនភាពតឹងរ៉ឹងនូវការការពារកម្មសិទ្ធិបញ្ញារបស់ខ្លួន កុំឱ្យធ្លាក់ចូលក្នុងដៃមហាយក្សសេដ្ឋកិច្ចទី២នេះផងដែរ។

ទោះយ៉ាងណា ការលើកឡើងនេះ ក៏ត្រូវបានទីក្រុងប៉េកាំងចេញមកឆ្លើយតបច្រានចោលទាំងស្រុងផងដែរ។នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសធំៗ។

លោក Jeremy Fleming នាយកទីភ្នាក់ងារសន្តិសុខ និងចារកម្មអង់គ្លេស បានថ្លែងក្នុងសិក្ខាសាលាដ៏កម្រមួយនៅក្រុងឡុងដ៏ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ថា យុទ្ធសាស្រ្តនយោបាយរបស់ក្រុងប៉េកាំងចំពោះវិស័យបច្ចេកវិទ្យា គឺជាបញ្ហាបន្ទាន់ខ្លាំងមួយដែលយើងត្រូវដឹង និងត្រូវដោះស្រាយ។ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា គឺជាឧបករណ៍របស់ចិន ក្នុងការគ្រប់គ្រងទីផ្សាររបស់ពួកគេ ក៏ដូចជាសន្ដិសុខពិភពលោកផងដែរ។ នេះបើតាមការអះអាងរបស់លោក Jeremy។

ជាមួយគ្នានោះ លោកក៏បានព្រមានទៅកាន់ បណ្តាប្រទេសដែលទិញប្រព័ន្ធ និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាពីចិនផងដែរ ដោយថា បច្ចេកវិទ្យារបស់ទីក្រុងប៉េកាំងនឹងជះឥទ្ធិពល ក៏ដូចជាការគំរាមកំហែង ដល់ប្រទេសទាំងនោះ។ មេចារកម្មរបស់អង់គ្លេសដដែលនេះ អះអាងថា ការទិញបច្ចេកវិទ្យារបស់ចិន ជាមួយនឹងតម្លៃលាក់បាំង អាចបង្កហានិភ័យខ្លាំងណាស់នាពេលអនាគត។

លោក Fleming បន្ថែមថា ក្នុងអំឡុងពេលមានវិបត្តិអ្វីមួយកើតឡើង ក្រុងប៉េកាំងអាចនឹងទាញយកព័ត៌មានពាក់ព័ន្ធនឹងសេដ្ឋកិច្ច និងរដ្ឋាភិបាលរបស់ប្រទេស ដែលជាអតិថិជនដែលប្រើប្រាស់បច្ចេកវិទ្យារបស់ខ្លួន។

នាយកចារកម្មអង់គ្លសរូបនេះ ក៏បានលើកឡើងពីការគ្របដណ្តប់អវកាសរបស់ចិន តាមរយៈប្រព័ន្ធផ្កាយរណប Beidou និងការបង្កើតលុយយ័នឌីជីថលមួយ ដែលអាចឃ្លាំមើលពលរដ្ឋ និងក្រុមហ៊ុនរបស់ពួកគេ ប៉ុន្តែក៏អាចជួយការពារចិនផងដែរ ពីទណ្ឌកម្មរបស់អន្តរជាតិ។ តួយ៉ាងដូចជាករណីរុស្ស៊ី ដែលបានឈ្លានពានអ៊ុយក្រែន និងការដាក់ទណ្ឌកម្មរបស់លោកខាងលិចទៅលើទីក្រុងមូស្គូនោះ គឺចិនបានយល់ដឹងពីបញ្ហានេះរួចស្រេចទៅហើយ។

ជុំវិញនឹងការលើកឡើងរបស់នាយកចារកម្មរបស់អង់គ្លេសខាងលើនេះ ក៏ត្រូវបានរដ្ឋាភិបាលក្រុងប៉េកាំងចេញមុខច្រាលចោល និងថា វាគ្រាន់តែជាការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់។ ក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃទី ១១ ខែតុលា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បានបញ្ជាក់ថា ការអភិវឌ្ឍបច្ចេកវិទ្យារបស់ចិន មិនមានគោលដៅ ឬគំរាមដល់នរណាម្នាក់ឡើយ។ លោកស្រីបន្ថែមថា ការចោទប្រកាន់បែបនេះ មកលើប្រទេសចិន មិនមានផលប្រយោជន៍អ្វីនោះទេ ប៉ុន្ដែ វានឹងបង្កការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងទៅវិញទេ។

គួរកត់សម្គាល់ដែរថា ទំនាក់ទំនងរវាងអង់គ្លេស និងចិន កាន់តែមានភាពរង្គោះរង្គើក្នុងប៉ុន្មានឆ្នាំចុងក្រោយ បន្ទាប់ពីមន្រ្តីអង់គ្លេសបានចោទក្រុងប៉េកាំងជុំវិញរឿងការបំពានសិទ្ធិមនុស្ស និងបង្កបញ្ហាសេដ្ឋកិច្ច។ កាលពីឆ្នាំ២០២០ រដ្ឋាភិបាលអង់គ្លេសបានសម្រេចចិត្តដកគ្រឿងបរិក្ខាររបស់ក្រុមហ៊ុនយក្សចិន Huawei ពីបណ្តាញ 5G របស់ខ្លួនឱ្យអស់នៅត្រឹមឆ្នាំ២០២៧ បន្ទាប់ពីអាមេរិកបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ៕

អត្ថបទ៖ នៅ សំភី




អត្ថបទបន្ទាប់


ថៃឈប់រំពឹងលើទេសចរណ៍ចិនតទៅទៀត ដោយងាកមកផ្ដោតក្រសោបយកភ្ញៀវអឺរ៉ុប និងអាមេរិកវិញ

ព័ត៌មាន
សំបុត្រយន្តហោះថ្លៃកប់ពពក វិធានការកូវីដ១៩ដ៏តឹងរ៉ឹងដែលពិបាកដល់ការធ្វើដំណើរ ជាហេតុធ្វើឱ្យប្រទេសថៃលែងចង់ស្រមើរស្រម៉ៃចង់បានភ្ញៀវទេសចរមកពីប្រ…

TikTok ប្តេជ្ញាចិត្តបណ្ដុះទំហំឌីជីថលវិជ្ជមានថែមទៀត ដោយធ្វើបច្ចុប្បន្នភាពមុខងារសុវត្ថិភាព

ព័ត៌មាន
ក្នុងឱកាសទិវាសុខភាពផ្លូវចិត្តពិភពលោកនេះ TikTok បង្ហាញការធ្វើបច្ចុប្បន្នភាពមជ្ឈមណ្ឌលសុខុមាលភាពឌីជីថល (Digital Wellness Hub) របស់ខ្លួន និ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ