លោក ស៊ឺ ជឺជាំង ដែលគេដាក់រហ័សនាមឱ្យថា ជាស្តេចល្បែង ត្រូវបានប៉ូលិសថៃ ចាប់ខ្លួនកាលពីខែសីហា ឆ្នាំ២០២២ តាមដីកាអន្តរជាតិ និងនិវេទន៍ក្រហមរបស់ប៉ូលិសអន្តរជាតិ ដែលបានស្នើឡើងដោយទីក្រុងប៉េកាំង ក្រោមការចោទប្រកាន់ពីបទបើកប្រតិបត្តិការល្បែងស៊ីសងតាមអ៊ីនធឺណិតខុសច្បាប់។
កាលពីពេលកន្លងទៅ តុលាការព្រហ្មទណ្ឌថៃ បានបង្គាប់ឱ្យធ្វើបត្យាប័នបុរសវ័យ៤៣ឆ្នាំរូបនេះទៅប្រទេសចិនវិញក្នុងខែឧសភា ឆ្នាំ២០២៤ ប៉ុន្តែត្រូវបានក្រុមមេធាវីរបស់លោកប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសេចក្តីសម្រេចនេះ ដោយអះអាងថា សេចក្តីសម្រេចនេះបានរំលោភច្បាប់។ ប៉ុន្តែកាលពីខែតុលា កន្លងទៅនេះ តុលាការធម្មនុញ្ញថៃ បានចាត់ទុកសេចក្តីសម្រេចរបស់តុលាការថៃ ក្នុងការធ្វើបត្យាប័នស្ដេចល្បែងរូបនេះ គឺស្របច្បាប់។
ស្ថាប័នអយ្យការរបស់ថៃ បានអះអាងថា លោក ស៊ឺ នឹងត្រូវធ្វើបត្យាប័នទៅប្រទេសចិន ដើម្បីឡើងសវនាការពីបទបើកកាស៊ីណូខុសច្បាប់ ប៉ុន្តែមិនបញ្ជាក់ច្បាស់ថា តើនឹងត្រូវបញ្ជូនទៅនៅពេលណានោះទេ ដោយគ្រាន់តែនិយាយថា ទីភ្នាក់ងារដ្ឋាភិបាលមានពេល៩០ថ្ងៃក្នុងការរៀបចំបញ្ជូនលោក ស៊ឺ ត្រឡប់ទៅចិនវិញតែប៉ុណ្ណោះ។ បទល្មើសដែលត្រូវបានចោទប្រកាន់លើលោក ស៊ឺ ក៏បានរួមបញ្ចូលទាំងការបង្កើត និងដំណើរការគេហទំព័រល្បែងស៊ីសងចំនួន២៣៩ ដែលមានដើមទុនចរាចរប្រមាណ៣៨៦ពាន់លានដុល្លារ។
ក្រៅពីបទចោទខាងលើនេះ លោក ស៊ឺ ក៏ត្រូវបានចោទប្រកាន់ពីបទសាងសង់ និងដំណើរការកាស៊ីណូចំនួនពីរនៅប្រទេសមីយ៉ាន់ម៉ា ដោយនៅទីនោះស្ដេចល្បែងរូបនេះ ត្រូវបានចោទថាបានបញ្ចុះបញ្ចូលជនជាតិចិន ឱ្យចូលរួមក្នុងសកម្មភាពលេងល្បែងតាមរយៈវេទិកាអនឡាញផ្សេងៗផងដែរ៕