
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះសុន្ទរកថារបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅក្នុងសម័យប្រជុំលើកទី៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ដែលបានបង្ហាញការពិតនូវអ្វីដែលកម្ពុជា កំពុងរងគ្រោះ ទៅកាន់មេដឹកនាំពិភពលោក។ អ្នកជំនាញរូបនេះ បានចាត់ទុកការចូលរួមរបស់មន្រ្តីជាន់ខ្ពស់កម្ពុជា នៅក្នុងសម័យប្រជុំលើកទី៨០នេះថា ជាឱកាសដ៏កម្ររបស់កម្ពុជា ក្នុងការនិយាយការពិតប្រាប់ដល់ពិភពលោក។
បើតាមអ្នកជំនាញភូមិសាស្រ្តនយោបាយរូបនេះ សុន្ទរកថារបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអង្រួនដល់ពិភពលោកឱ្យបានស្គាល់កម្ពុជា ដែលកំពុងរងទុក្ខពីការឈ្លានពានរបស់ថៃ។ តាមរយៈសុន្ទរកថានេះ អ្នកជំនាញរូបនេះសង្ឃឹមថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងប្រធានាធិបតីសហរដ្ឋអាម៉េរិក ព្រមទាំងប្រធានប្ដូរវេនអាស៊ាន នឹងមានចំណាត់ការអន្តរាគមន៍ច្បាស់លាស់ទៅលើប្រទេសថៃ ដើម្បីដោះស្រាយភាពតានតឹងជាមួយកម្ពុជា ដោយសន្តិវិធី។
សូមបញ្ជាក់ថា នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ នៅសហរដ្ឋអាម៉េរិក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបង្ហាញពីការឈឺចាប់របស់កម្ពុជា ប្រាប់ទៅកាន់មេដឹកនាំពិភពលោកថា សន្ដិភាពដែលកម្ពុជា បានមកដោយលំបាកកំពុងរងការគំរាមកំហែងដោយសារជម្លោះព្រំដែនជាមួយប្រទេសថៃ។ ឯកឧត្តមបានបន្តថា កម្ពុជា បានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ ដោយបង្ហាញសុឆន្ទៈ និងតម្លាភាពពេញលេញក្នុងការអនុវត្តលក្ខខណ្ឌនៃបទឈប់បាញ់ និងរក្សាភាពអត់ធ្មត់ជាទីបំផុតចំពោះការបង្ករឿង និងការរំលោភបំពានម្តងហើយម្តងទៀតរបស់ថៃ។ ជាក់ស្តែងកាលពីព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ កងទ័ពថៃ បានប្រើកាំភ្លើងត្បាល់ និងកាំភ្លើងដៃបាញ់ប្រហារមកលើមូលដ្ឋានទ័ពរបស់កម្ពុជា នៅតំបន់អានសេះទាំងបំពានបទឈប់បាញ់ ហើយបានចោទប្រកាន់ទាំងឥតអៀនខ្មាសថា កងកម្លាំងរបស់កម្ពុជា បានបើកការបាញ់ប្រហារមុន។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សុខុន បន្តស្នើឱ្យបន្តជួយគាំទ្រ និងសម្របសម្រួលពីប្រធានអាស៊ាន និងប្រទេសសមាជិកអាស៊ាន, អគ្គលេខាធិការ និងស្ថាប័នពាក់ព័ន្ធនៃអង្គការសហប្រជាជាតិ ព្រមទាំងថ្នាក់ដឹកនាំជុំវិញពិភពលោក ដើម្បីជួយបន្ធូរបន្ថយភាពតានតឹង លើកទឹកចិត្តដល់ការដោះស្រាយជម្លោះដោយសន្តិវិធី និងទប់ស្កាត់ការកើតឡើងនូវសោកនាដកម្មបន្ថែមទៀត៕
អត្ថបទ៖ បូ ដូឡា