ប្រភពច្បាស់ការបានទម្លាយឱ្យដឹងថា រដ្ឋបាលលោក ដូណាល់ ត្រាំ បានជំរុញឱ្យបារាំង និង
អាល្លឺម៉ង់ ប្រញាប់បញ្ចេញស្តុកប្រេងម៉ាស៊ូតជាបន្ទាន់ ដើម្បីជួយបង្កើនការផ្គត់ផ្គង់ និងបញ្ចុះតម្លៃប្រេង
ឥន្ធនៈពិភពលោក។ ការព្រមាននេះកើតឡើង ខណៈលោក ដូណាល់ ត្រាំ បញ្ជាក់ថា លោកនៅតែពិចារណាដាក់បម្រាមនាំចេញប្រេងម៉ាស៊ូតរបស់អាម៉េរិក ដោយរំពឹងថា បម្រាមនាំចេញអាចជួយបន្ថយតម្លៃប្រេងម៉ាស៊ូតក្នុងស្រុក ប៉ុន្តែក៏អាចធ្វើឱ្យតម្លៃប្រេងសាំងកើនឡើងផងដែរ។
សូមបញ្ជាក់ថា តម្លៃប្រេងម៉ាស៊ូតនៅអាម៉េរិក បានឡើងដល់កម្រិតកំណត់ត្រាជាង៦,៥ដុល្លារក្នុងមួយហ្គាឡុង ដោយ១ហ្គាឡុងជិត៤លីត្រ ខណៈតម្លៃប្រេងសាំងកើនឡើងជាង៤០% ក្នុងរយៈពេលមួយឆ្នាំកន្លងមក។ រដ្ឋបាលលោក ត្រាំ ចាត់ទុកការរាំងស្ទះការផ្គត់ផ្គង់ថាមពលជាសកលថា ជាមូលហេតុមួយដែលធ្វើឱ្យតម្លៃហក់ឡើង រួមទាំងវិបត្តិសង្គ្រាមនៅអ៊ុយក្រែន សង្គ្រាមអ៊ីរ៉ង់ ការរាំងស្ទះនៅរោងចក្រចម្រាញ់ប្រេង និងការថយចុះនៃការនាំចេញប្រេងម៉ាស៊ូតពីតំបន់មជ្ឈិមបូព៌ា និងប្រទេសចិន ផងដែរ។
ក្រៅពីបម្រាមលើការនាំចេញ សេតវិមាន ក៏កំពុងពិចារណាកំណត់ការនាំចេញដោយស្ម័គ្រចិត្តពីក្រុមហ៊ុនចម្រាញ់ប្រេង និងវិធានការផ្សេងៗទៀតផងដែរ ដើម្បីបង្កើនការផ្គត់ផ្គង់ក្នុងស្រុក ខណៈតម្លៃថាមពលក្លាយជាបញ្ហាសំខាន់ មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកា ដ៏ខ្លីខាងមុខ៕
ដោយ: តែម សុខុម