លុយប៉េសូរបស់ហ្វីលីពីន បានធ្លាក់ថ្លៃដល់កម្រិតទាបបំផុតជាប្រវត្តិសាស្ត្រ ដោយសារអំពើពុករលួយ និងការបញ្ចុះអត្រាការប្រាក់ ក្នុងនោះ៥៩,២៩ប៉េសូ អាចប្ដូរបានតែមួយដុល្លារអាម៉េរិកប៉ុណ្ណោះ។ រឿងអាស្រូវអំពើពុករលួយនេះ ត្រូវបានលាតត្រដាងក្រោយប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos បានបញ្ជាឱ្យបើកការស៊ើបអង្កេតប្រឆាំងអំពើពុករលួយពាក់ព័ន្ធនឹងកិច្ចសន្យាក្លែងក្លាយ និងមូលនិធិសាធារណៈដែលត្រូវបានលួចកឹបកេង ដែលធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តរបស់វិនិយោគិន និងធ្វើឱ្យកំណើនសេដ្ឋកិច្ចជាតិថយចុះមកត្រឹម៤% ដែលជាកម្រិតខ្សោយបំផុតចាប់តាំងពីឆ្នាំ២០២១ មក។
ក្រុមអ្នកវិភាគបានលើកឡើងថា វិនិយោគិនកំពុងដកប្រាក់ចេញពីប្រទេសហ្វីលីពីន ដោយសារអំពើពុករលួយ កង្វះតម្លាភាព និងសុច្ចរិតភាព។ អំពើពុករលួយបានធ្វើឱ្យបាត់ចំណូលពន្ធ បង្អាក់ការវិនិយោគបរទេស និងជំរុញឱ្យធនាគារកណ្តាលហ្វីលីពីន បញ្ចុះអត្រាការប្រាក់ចំនួន៤ដង ដើម្បីគាំទ្រដល់កំណើន។
ក្រុមអ្នកជំនាញសេដ្ឋកិច្ចព្រមានថា ការធ្លាក់ថ្លៃលុយប៉េសូអាចធ្វើឱ្យថ្លៃប្រេងឥន្ធនៈ ថ្លៃអាហារ និងថ្លៃបំណុលកើនឡើង ទោះបីជាពលករហ្វីលីពីន ដែលធ្វើការនៅក្រៅប្រទេសនៅតែបន្តផ្ញើប្រាក់មកស្រុកក្នុងចំនួនច្រើនក៏ដោយ។ ក្រុមអ្នកជំនាញនិយាយថា រដ្ឋាភិបាលហ្វីលីពីន ត្រូវតែស្តារទំនុកចិត្តឡើងវិញ និងអនុវត្តកំណែទម្រង់ ដើម្បីរក្សាស្ថិរភាពលុយប៉េសូ និងទាក់ទាញការវិនិយោគសាជាថ្មី៕
ដោយ: តែម សុខុម