គំនិតអាជីវកម្ម

លោក ឌិន សុមេធារិទ្ធ៖ ខ្ញុំមិនយកមនុស្សចេះពេក មកធ្វើការជាមួយខ្ញុំនោះទេ!


ការជ្រើសរើសមនុស្សមកធ្វើការងារជាមួយ គឺពិតជាមានសារសំខាន់ណាស់សម្រាប់ការរីកចម្រើនរបស់ក្រុមហ៊ុន។ សម្រាប់ លោក ឌិន សុមេធារិទ្ធ នាយកប្រតិបត្តិសណ្ឋាគារ Frangipani Villa ដែលជាយីហោសណ្ឋាគារដ៏ល្បីមួយដែរនៅកម្ពុជា បានផ្តល់បទសម្ភាសន៍​ខ្លីដល់សារព័ត៌មាន ខេមបូណូមីស ថា លោកមិនជ្រើសរើសមនុស្សចេះពេកមកធ្វើការជាមួយលោកឡើយ។
លោក ឌិន សុមេធារិទ្ធ ប្រធានសមាគមសណ្ឋាគារកម្ពុជា និងជានាយកប្រតិបត្តិសណ្ឋាគារ Frangipani Villa
ដោយ

«ខ្ញុំ​ជ្រើសរើស​មនុស្ស​ស្មោះត្រង់ មនុស្ស​ស្រឡាញ់​ការងារ មនុស្ស​មាន​សុបិន​ច្រើន មនុស្ស​ចង់​រីក​ចម្រើន តែ​ប៉ុណ្ណឹង​ទេ។ មិន​បាច់​ចេះ​ពេក​ទេ មនុស្ស​ខ្លះ​ចេះ​ពេក​ខូច​វិញ​ទេ។ តែ​ក៏​មិន​មែន​ប្រើ​មនុស្ស​មិន​ចេះ​ដែរ ខ្ញុំ​អត់​ចង់​យក​មនុស្ស​ចេះ​ពេក ព្រោះ ជំនាញ​គេ​បង្រៀន​ឲ្យ​ចេះ​បាន តែ​បើ​យក​មនុស្ស​ខូច​មក​បង្រៀន​ កែ​ផ្នត់​គំនិត កែមិនចេញ​ទេ។ បើ​គាត់​មាន​ឥរិយាបថ​ល្អ និង​ចំណេះដឹង​គាត់​មាន​ទៀត គឺ​ល្អ​ហើយ។ ប៉ុន្តែ បើ​មាន​ចំណេះ​ដឹង តែ​ឥរិយាបថ និង​អត្តចរិត​ល្អ​អត់​មាន​ផង យក​មក​ធ្វើ​អ្វី?» នេះជាប្រសាសន៍របស់លោក ឌិន សុមេធារិទ្ធ ប្រធានសមាគមសណ្ឋាគារកម្ពុជា និងជាអ្នកជំនួញដ៏លេច​ធ្លោមួយនៅកម្ពុជា។

លោកបន្ថែមថា មនុស្សដែលពុំមានគោលដៅ ឬបំណងប្រាថ្នា គឺមិនអាចដឹកនាំក្រុម ដើម្បីធ្វើឲ្យ​ក្រុមហ៊ុនរីកចម្រើននោះទេ។ 

លោក​ពន្យល់​យ៉ាងដូច្នេះថា៖ «ដូចប៉ុន្មានខែមុន ឧកញ៉ា សៀ ឫទ្ធី បាននិយាយថា បើគាត់សម្ភាស GM គាត់សួរតែសំណួរមួយ តើមាន​ឡាន​ជិះអត់? គេថា គាត់​សម្ភារៈ​និយមណាស់។ តាមពិត គាត់ចង់និយាយថា អ្នកឯងធ្វើធំម៉េច? បើរកឡានមួយ​ជិះមិនបានផងហ្នឹង។ គាត់មិនមែននិយាយឲ្យមនុស្សទូទៅទេ។ គាត់ចង់និយាយថា អ្នកមានតួនាទីជាមេគេ ហើយជិះម៉ូតូត្រឹកៗទៅធ្វើការ បានន័យថា យើងអត់មាន Mission ទេ ទៅដឹកនាំយ៉ាងម៉េច?»។

គួរ​បញ្ជាក់​ថា លោក​ ឌិន សុមេធារិទ្ធ ក្រៅ​ពី​ជា​នាយកប្រតិបត្តិសណ្ឋាគារ Frangipani Villa ដែលជាយីហោសណ្ឋាគារមួយ​ល្បីល្បាញ​គួរសម នៅកម្ពុជា និង​ជា​ប្រធាន​សមាគម​សណ្ឋាគារ​កម្ពុជា លោក​ក៏ជា​ស្ថាបត្យករ​មួយ​រូប​ផង​ដែរ។ 

ថ្មីៗ​នេះ លោក​បាន​និង​កំពុង​បោះជំហាន​ចូល​ប្រឡូក​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​ដី​ធ្លី និងអចលនទ្រព្យ​ថែមទៀត ដោយ​កំពុង​រៀបចំ​បង្កើត​គម្រោង​ភូមិ ផ្កា​ត្រកួន ដែល​ជា​ភូមិដ្ឋាន​ជា​លក្ខណៈ​រមណីយដ្ឋានធម្មជាតិ នៅ​ស្រុក​ស្អាង ខេត្ត​កណ្ដាល៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឌិន សុមេធារិទ្ធ៖ បើចង់ក្លាយជាសហគ្រិន អ្នកត្រូវដើរច្រើន សង្កេតច្រើន និងរៀនឲ្យបានច្រើន

ព័ត៌មាន
«បើអ្នកចង់ក្លាយជាសហគ្រិន អ្នកត្រូវដើរឲ្យបានច្រើនទាំងស្រុកខ្មែរ និងស្រុកក្រៅ សង្កេតឲ្យបានច្រើន និងរៀនឲ្យបានច្រើនទាំងសាលា និងក្រៅសាលា។ រៀនច្រើនម…

លោក អ៊ិន ចាន់នី បញ្ជាក់ពីមូលហេតុ អេស៊ីលីដា បាត់បង់ប្រាក់ចំណេញជិត៣៥លានដុល្លារ

ព័ត៌មាន
ធ្លាប់តែមានប្រាក់ចំណេញដល់ខ្ទង់រយលានដុល្លារក្នុងមួយឆ្នាំ ប៉ុន្ដែ នៅឆ្នាំ២០១៧មុននេះ ធនាគារអេស៊ីលីដា បានធ្លាក់ចុះប្រាក់ចំណេញរបស់ខ្លួនមកនៅក្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ