របរ​រត់​រ៉ឺម៉ក​កង់បី​ជួ​ប​បញ្ហា?

រ៉ឺម៉ក​បរទេស​សម្រុក​ចូល​កម្ពុជា​កាន់​តែ​ច្រើន ធ្វើ​ឲ្យ​អ្នក​រត់​រ៉ឺម៉ក​ខ្មែរ​កំពុង​ត្រដរ​ខ្យល់


បច្ចុប្បន្ន រ៉ឺម៉ក​កង់បី​ប្រើប្រាស់​ប្រព័ន្ធ App បាន​និង​កំពុង​វាយ​លុក​ក្នុង​ទីផ្សារ​កម្ពុជា​យ៉ាង​ខ្លាំង ដែល​ធ្វើ​ឲ្យ​អ្នក​រត់​រ៉ឺម៉ក​ខ្មែរ បាត់បង់​ចំណែក​ទីផ្សារ​របស់​ខ្លួន ហើយ​ធ្វើ​ឲ្យ​អាជីព​នេះ​កំពុង​រស់​ទាំង​ត្រដរ។
រ៉ឺម៉ក​បរទេស​សម្រុក​ចូល​កម្ពុជា​កាន់​តែ​ច្រើន ធ្វើ​ឲ្យ​អ្នក​រត់​រ៉ឺម៉ក​ខ្មែរ​កំពុង​ត្រដរ​ខ្យល់។ រូបភាព៖ ហេង ភារម្យ
ដោយ

លោក លឹម ឌីណា  ជា​អ្នក​ប្រកប​អាជីព​រត់​រ៉ឺម៉ក​កង់បី​នៅ​ភ្នំពេញ បាន​រអ៊ូ​រទាំ​ជុំវិញ​ការ​ធ្លាក់​ចុះ​ចំណូល​ប្រចាំ​ថ្ងៃ បន្ទាប់​ពី​មាន​រ៉ឺម៉ក​កង់បី​របស់​ក្រុមហ៊ុន​បរទេស ដែល​មាន​ប្រើប្រាស់ App ទូរស័ព្ទ​ដៃ ហូរ​ចូល​មក​កម្ពុជា​កាន់​តែ​ច្រើន។

បុរស​វ័យ​៣៤​ឆ្នាំ​រូប​នេះ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «រាល់​ថ្ងៃ ស្ងាត់​ណាស់ ខ្ញុំ​រក​មិន​សូវ​បាន​ទេ។ ជិះ​ឆ្វែល​មួយ​ថ្ងៃ បាន ១ ឬ ២​ម៉ូយ។ ខុស​ពី​មុន ដែល​មាន​អ្នក​រត់​រ៉ឺម៉ក​តិច តែ​ឥឡូវ រ៉ឺម៉ក​ឥណ្ឌា​ភ្ជាប់​ប្រព័ន្ធ​ទំនើប​ចូល​មក​ច្រើន ហើយ​ភ្ញៀវ​គេ​ចុច​ហៅ​ភ្លែត ទុកទុក​ហ្នឹង​ទៅ​ដល់​ផ្ទះ​ភ្លាម។ ពី​មុន​រក​បាន​ប្រាំ​ប្រាំមួយ​ប្រាំ​ពីរ​ម៉ឺន ឥឡូវ​បាន​មួយ​ថ្ងៃ​បាន​តែ​មួយ​ជើង​ពីរ​ជើង​ទេ»។

ជា​អ្នក​ខេត្ត​តាកែវ ដែល​មាន​កូន​ពីរ​នាក់​ក្នុង​បន្ទុក លោក លឹម ឌីណា បាន​មក​ភ្នំពេញ​ដើម្បី​ប្រឹងប្រែង​រក​ប្រាក់​ពី​របរ​រត់​រ៉ឺម៉ក​កង់បី​ជាង​៣​ឆ្នាំ​មក​ហើយ។

រ៉ឺម៉ក​វិល​កង់​តាំង​ពី​ព្រលឹម​ទល់​ព្រលប់ ឌីណា អាច​រក​ចំណូល​បាន​មិន​ដល់​១០​ដុល្លារ​ផង​ទេ នៅ​ក្នុង​មួយ​ថ្ងៃ។ ចំណូល​ធ្លាក់​ចុះ បាន​ធ្វើ​ឲ្យ​លោក​មិន​ហ៊ាន​ជួល​ផ្ទះ​ស្នាក់​នៅ​ឡើយ ដោយ​លោក​ត្រូវ​បង្ខំ​ចិត្ត​គេង​លើ​រ៉ឺម៉ក ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ និង​សល់​ប្រាក់​ខ្លះ ផ្ញើ​ជូន​ប្រពន្ធ​កូន​នៅ​ស្រុក​កំណើត។

លោក​ត្អួញ​ត្អែរ​ថា៖ «ពី​មុន​ធ្លាប់​រក​បាន​ជាង​១​លាន​ក្នុង​មួយ​ខែ តែ​ឥឡូវ​រក​អត់​បាន ៥០​ម៉ឺន​ផ្ញើ​ឲ្យ​គ្រួសារ​ផង ព្រោះ យើង​ទុក​ហូប​បាយ ធ្វើ​ម៉ូតូ ណា​មួយ​រក​មិន​សូវ​បាន ព្រោះ ទុកទុក​ឥណ្ឌា​វ៉ៃ​លុក​ចូល​ច្រើន»។

សព្វថ្ងៃនេះ នៅតាមដងផ្លូវនានានៅទីក្រុងភ្នំពេញ មានរ៉ឺម៉កកង់បីរបស់ក្រុមហ៊ុនដែលប្រើប្រព័ន្ធ App តាមទូរស័ព្ទដៃ ដើម្បីទាក់ទងដោយផ្ទាល់ជាមួយអ្នកដំណើរ បានកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។ 

រ៉ឺម៉កប្រើប្រព័ន្ធ App មានសេវាតម្លៃថោក និង  បានបង្កើតភាពងាយស្រួលដល់អតិថិជន បានអូសទាញអ្នកដំណើរឲ្យប្រើប្រាស់សេវាររបស់ពួកគេភ្លូកទឹកភ្លូកដី។

ថ្វី​ដ្បិត​តែ​បច្ចេក​វិទ្យា App បាន​ធ្វើ​ពលរដ្ឋ​ខ្មែរ ជាពិសេស យុវជន​កម្ពុជា​រីករាយ​ប្រើប្រាស់ ប៉ុន្តែ App កំពុង​សម្លាប់​អាជីព​អ្នក​រត់​រ៉ឺម៉ក​កង់​បី​ខ្មែរ ជា​បណ្តើរៗ​ហើយ។

លោក ម៉ៅ សារ៉ុម អ្នក​រត់​រ៉ឺម៉ក​កង់បី​មក​ពី​ខេត្ត​តាកែវ​ម្នាក់​ទៀត បាន​ប្រាប់​ ខេមបូណូមីស ថា ចាប់​តាំង​ពី​មាន​ការ​ហូរ​ចូល​រ៉ឺម៉ក​ប្រើប្រាស់ App ធ្វើ​ឲ្យ​ភ្ញៀវ​ចូល​ចិត្ត​ជិះ​រ៉ឺម៉ក​ឥណ្ឌា ជាង​រ៉ឺម៉ក​របស់​លោក។  ប្រការ​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​អ្នក​រត់​រ៉ឺម៉ក​វ័យ​៥៦​ឆ្នាំ​រូប​នេះ បាត់​ចំណែក​ទីផ្សារ​របស់ខ្លួន​ស្ទើរ​តែ​បាត់បង់​អាជីព​ទៅ​ហើយ។ 

លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «ឥឡូវ​ចំណូល​ខ្ញុំ​ថយ​ចុះ កាល​មុន​រក​បាន​ពី ៦ ទៅ ៨​ម៉ឺន ដោយ​អាច​ឲ្យ​យាយ​នៅ​ខេត្ត​មួយ​ខែ​បាន ៤០ ​ទៅ ៦០​ម៉ឺន​ដែរ។ តែ​ចាប់​ពី​រ៉ឺម៉ក​ឥណ្ឌា​ចូល​ច្រើន ហើយ​គេ​មាន​ប្រព័ន្ធ​អ៊ិនថឹណិត​របស់​គេ ចំណែក​រ៉ឺម៉ក​ខ្មែរ​អត់​មាន​អ៊ិនថឹណិត។ ដូច្នេះ យើង​ដណ្តើម​ម៉ូយ​មិន​ឈ្នះ​គេ​ទេ»។

កន្លងមក អ្នក​ជំនាញ​ធ្លាប់​អះអាង​ថា ការ​បណ្ដាក់​ទុន​វិនិយោគ​ក្នុង​វិស័យ​នេះ ពិត​ណាស់ នឹង​ធ្វើ​ឲ្យ​អ្នក​រត់​រ៉ឺម៉ក​បាត់​បង់​អាជីព។ ប៉ុន្តែ ប្រសិនបើ អ្នក​រត់​រ៉ឺម៉ក​ខ្មែរ ដែល​ស្គាល់​ផ្លូវ​ច្បាស់​ស្រាប់​ហើយ​នោះ ងាក​មក​ធ្វើ​ជា​បុគ្គលិក​ឲ្យ​ក្រុមហ៊ុន​រ៉ឺម៉ក​ប្រើ​ប្រព័ន្ធ App វិញ នោះ​ពួកគេ​នៅ​តែ​ទទួល​បាន​ចំណូល​ចិញ្ចឹម​ជីវិត និង​អាច​ថែ​រក្សា​អាជីព​នេះ​បាន​ទៀត​ផង គ្រាន់តែ​ដូរ​ពី​ម្ចាស់​អាជីវកម្ម មក​ជា​បុគ្គលិក​គេ​ប៉ុណ្ណោះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្ពានអាកាសរង្វង់មូលចោមចៅ នឹងបើកការដ្ឋានសង់នៅខែមេសានេះហើយ!

ព័ត៌មាន
នាអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរគម្រោង ស្ពានអាកាស និង ផ្លូវក្រោមដី ដែលស្ថិត​នៅរង្វង់​មូល​ចោមចៅ នឹងត្រូវ​បើកការ​ដ្ឋាន​សាងសង់​ហើយ នេះបើតាមកា…

ឧកញ៉ា ម៉ុង ឫទ្ធី បោះទុនជាង១០លានដុល្លារវិនិយោគ​ឆ្នេរ​កែវផុស​និង​​បើកឲ្យពលរដ្ឋចូលលេងដោយមិនគិតថ្លៃ

ព័ត៌មាន
លោកឧកញ៉ា ម៉ុង ឫទ្ធី អ្នកជំនួញជើងចាស់ដ៏ល្បីឈ្មោះ បានប្រកាសថា ឆ្នេរសមុទ្ទកែវផុស ដែលវិនិយោគទឹកប្រាក់មិនតិចជាង១០លានដុល្លារសហរដ្ឋអាមេរិក និ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ