សេដ្ឋកិច្ចនៅកម្ពុជា

ធនាគាររដ្ឋធំៗចំនួន២ ទទួលបានថវិកា១០០លានដុល្លារបន្ថែមពីរដ្ឋ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា


ដើម្បីចូលរួមលើកស្ទួយ និងជំរុញសកម្មភាពសេដ្ឋកិច្ចនៅកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ថែមមូលនិធិចំនួន ១០០លានដុល្លារទៀត សម្រាប់ធនាគាររដ្ឋធំៗចំនួន២ គឺធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ទទួលបាន៥០លានដុល្លារ និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មទទួលបានចំនួន៥០លានដុល្លារ។ នេះបើយោងតាមកិច្ចប្រជុំផ្សព្វផ្សាយរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
កសិករក្នុងខេត្តបាត់ដំបងកំពុងច្រូតស្រូវ (រូបភាព៖ CRF)

ថ្លែងនាកិច្ចប្រជុំផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញ ឯកឧត្តម​អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា កញ្ចប់ថវិកា១០០លានដុល្លារ ដែលរាជរដ្ឋាភិបាលទើបអនុម័តដាក់ឱ្យប្រើប្រាស់នេះ ជាផ្នែកមួយនៃការជំរុញ អនុវត្ត​ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយនឹងកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣។ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសរំលេចថា ក្នុងរយៈពេល ២ឆ្នាំកន្លងមក កម្ពុជា បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ​ពីវិបត្តិកូវីដ១៩ ដែលបានធ្វើឱ្យដំណើរការអភិវឌ្ឃន៍សង្គម និងសេដ្ឋកិច្ច មានភាពយឺតយ៉ាវ។

កន្លងមក ដើម្បីសម្រួលបន្ទុកប្រជាពលរដ្ឋដែលបានរងគ្រោះដោយសារវិបតិ្តកូវីដ១៩ រាជរដ្ឋាភិបាល ក៏បានសម្រេចលើកលែងការយកពន្ធលើវិស័យមួយចំនួនជាបន្តបន្ទាប់ផងដែរ។ ក្នុងនោះដែរ បើតាម​រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសង្កត់ធ្ងន់ទៀតថា រាជរដ្ឋាភិបាលចាត់ទុក ការលើកកម្ពស់ការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម ពិសេសសហគ្រាសដែលស្ថិតក្នុងវិស័យសំខាន់ៗ ដូចជា កសិកម្ម និងទេសចរណ៍ ជាដើម នឹងរួមចំណែកដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ។

ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានគូសបញ្ជាក់ថា កញ្ចប់ថវិកាដែលរាជរដ្ឋាភិបាលកម្ពុជា ផ្ដល់ឱ្យជាលើកទី២នេះ ពិតជារួមចំណែកយ៉ាងសំខាន់ក្នុងការទ្រទ្រង់សកម្មភាពសេដ្ឋកិច្ច។ បើតាមឯកឧត្តម កៅ ថាច ហិរញ្ញប្បទាន៥០លានដុល្លារ ដែលរាជរដ្ឋាភិបាលកម្ពុជា ផ្ដល់ឱ្យក្រសួងអភិវឌ្ឍន៍ជនបទ គឺផ្ដោតសំខាន់លើវិស័យកសិកម្មទាំងមូល។ បើតាមឯកឧត្តម កៅ ថាច គោលដៅនៃការប្រើប្រាស់ថវិកា៥០លានដុល្លារ សម្រាប់ឆ្នាំ២០២២ ដែលត្រូវបែងចែកសម្រាប់ទ្រទ្រង់លើវិស័យស្រូវអង្ករ ការចិញ្ចឹមសត្វ ការដាំដុះបន្លែផ្លែឈើ និងការកែច្នៃផលិតផលកសិកម្ម ជាដើម។

សូមបញ្ជាក់ថា កន្លងមក​មន្ត្រីជាន់ខ្ពស់​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្លាប់បាន​អះអាងថា នៅឆ្នាំ២០២២នេះ រាជរដ្ឋាភិបាល​កម្ពុជា​បានត្រៀមទុក​ថវិកា​ប្រមាណ ២៥០លានដុល្លារ សម្រាប់​ជួយដល់​វិស័យ​សហគ្រាសខ្នាតតូច និងមធ្យម ទាំងនៅក្នុងវិស័យកសិកម្ម និង​មិនមែនកសិកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនសាលា ចាប់ដៃគូ​យុទ្ធសាស្ត្រ​ជាមួយ អេ អឹម ខេ ដើម្បី​ផ្តល់​ឥណទាន​សិក្សា​ជូន​ដល់សិស្សនិស្សិត

ព័ត៌មាន
ក្រុមហ៊ុនសាលា និង អេ អឹម ខេ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ បាន​​ចុះហត្ថលេខាលើអនុស្សរណៈ​យោគយល់​គ្នា​មួយ​ក្នុងគោលបំណងបង្កើតជា​កិច្ចសហការ​…

វិបត្តិអ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនអញ្ជើញលោកបៃឌិនមកធ្វើទស្សនកិច្ច

ព័ត៌មាន
ប្រធានាធិបតីអ៊ុយក្រែន លោកវ្លូឌីមៀ ហ្សេលេនស្គី បានអញ្ជើញប្រធានាធិបតីអាមេរិក លោកចូ បៃឌិន មកទស្សនកិច្ចនៅក្នុងប្រទេសរបស់ខ្លួននៅក្នុងពេលឆាប់ខា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ