ក្រុមហ៊ុនវើលដ៍ប៊្រីដគ្រុប-ក្រុមហ៊ុនថៃ Jaymart

ក្រុមហ៊ុនអ្នកឧកញ៉ា សៀ ឫទ្ធីចាប់ដៃគូជាមួយក្រុមហ៊ុនថៃ Jaymart អភិវឌ្ឍវិស័យហិរញ្ញវត្ថុ អចលនទ្រព្យ និងគ្រឿងអេឡិចត្រូនិកកម្ពុជា


ក្រុមហ៊ុនវើលដ៍ប៊្រីដគ្រុបរបស់អ្នកឧកញ៉ា សៀ ឫទ្ធី បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុនដ៏ល្បីល្បាញមួយរបស់ថៃ Jaymart Group ដើម្បីពង្រីការវិនិយោគលើផលិតផល និងសេវាកម្មមួយចំនួន។ ថ្នាក់ដឹកនាំវើលដ៍ប៊្រីដគ្រុបបានចាត់ទុកការចាប់ដៃជាមួយក្រុមហ៊ុនថៃនេះ គឺការបើកទំព័រទីផ្សារថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជាទៅវិស័យហិរញ្ញវត្ថុ អចលនទ្រព្យ និងគ្រឿងអេឡិចត្រូនិក ដែលកំពុងមានការនិយមនៅកម្ពុជា។
ក្រុមហ៊ុនអ្នកឧកញ៉ា សៀ ឫទ្ធីចាប់ដៃគូជាមួយក្រុមហ៊ុនថៃ Jaymart អភិវឌ្ឍវិស័យហិរញ្ញវត្ថុ អចលនទ្រព្យ និងគ្រឿងអេឡិចត្រូនិកកម្ពុជា

អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនវើលដ៍ប៊្រីដគ្រុបបានចាត់ទុកភាពជាដៃគូជាមួយក្រុមហ៊ុន Jaymart Group ដែលទើបចុះអនុស្សរណៈនៃការយោគយល់គ្នានៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ជាបើកទំព័រទីផ្សារថ្មីមួយបន្ថែមទៀតសម្រាប់ក្រុមហ៊ុនវើលដ៍ប៊្រីដគ្រុប ក៏ដូចជាទីផ្សារកម្ពុជាទាំងមូល។ ព្រោះតាមរយៈភាពជាដៃគូនេះ ក្រុមហ៊ុនរបស់អ្នកឧកញ៉ា នឹងនាំយកបទពិសោធន៍ ផលិតផល និងសេវាកម្មថ្មីៗ ដែលក្រុមហ៊ុននេះបានជោគជ័យកន្លងមក ដើម្បីអភិវឌ្ឍទីផ្សារនៅកម្ពុជា។
បើតាមការគូសបញ្ជាក់របស់អ្នកឧកញ៉ា សៀ ឫទ្ធី តាមរយៈ អនុស្សរណៈនេះក្រុមហ៊ុនទាំងពីរនឹងវិនិយោគរួមគ្នាលើវិស័យមួយចំនួនដូចជាវិស័យហិរញ្ញវត្ថុ អចលនទ្រព្យ និងគ្រឿងអេឡិចត្រូនិច ដែលសុទ្ធសឹងជាវិស័យកំពុងមានការចាប់អារម្មណ៍ និងមានតម្រូវការខ្ពស់នៅកម្ពុជា។ ក្រៅពីផ្តល់ការងារជូនប្រជាពលរដ្ឋ កម្ពុជាក៏អាចសិក្សារៀនសូត្រពីបទពិសោធន៍ជោគជ័យរបស់ក្រុមហ៊ុនថៃមួយនេះ ដើម្បីអភិវឌ្ឍលើវិស័យនានានៅកម្ពុជាផងដែរ។ អ្នកឧកញ៉ា សៀ ឫទ្ធី បានបន្ថែមថា តាមរយៈភាពដៃគូនេះក្រុមហ៊ុនទាំងពីរគ្រោងនឹងចាប់ផ្តើមអនុវត្តន៍ការងាររួមគ្នានៅចុងត្រីមាសទី១ឆ្នាំ២០២៣ ខាងមុខ តែអ្វីដែលក្រុមហ៊ុនទាំងពីរត្រូវធ្វើបន្ទាប់ពីការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ គឺបង្កើតក្រុមការងារ និងរកមេធាវី ដើម្បីធ្វើកិច្ចការលើបញ្ហានេះ មុនឈានទៅបង្កើតក្រុមហ៊ុនរួមគ្នាមួយនាពេលឆាប់ៗខាងមុខនេះ។ បើតាមអ្នកឧកញ៉ា សៀ ឫទ្ធី គោលបំណងនៃការចាប់ដៃគ្នាជាមួយក្រុមហ៊ុនថៃមួយនេះ គឺដើម្បីនាំយកផលិតផល និងសេវាកម្ម ដែលមានគុណភាពល្អ និងតម្លៃសមរម្យជូនប្រជាពលរដ្ឋកម្ពុជា។

លោក Adisak Sukumvitaya នាយកប្រតិបត្តិក្រុមហ៊ុន Jaymart Publci Company Limited បានគូសបញ្ជាក់ថា ក្រុមហ៊ុនលោកនឹងនាំយកបទពិសោធន៍អាជីវកម្មដែលធ្លាប់បានអនុវត្តកន្លងមកមកបំពេញបន្ថែមលើសេវាកម្ម ដែលក្រុមហ៊ុនវើលដ៍ប៊្រីដមានស្រាប់ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ លោករំពឹងថា តាមរយៈភាពជាដៃគូនេះ ក្រុមហ៊ុនវើលដ៍ប៊្រីដនឹងអាចជួយដោះស្រាយបញ្ហាមួយចំនួន ដែលក្រុមហ៊ុនលោកធ្លាប់បានជួបប្រទះ ក៏ដូចជាអាចជួយឲ្យអាជីវកម្មរបស់ក្រុមហ៊ុនលោកមានការរីកចម្រើន និងពង្រីកការវិនិយោគទៅបណ្តាប្រទេសផ្សេងៗបន្ថែមទៀត។
លោក Adisak Sukumvitaya មានប្រសាសន៍ថា «ខ្ញុំធ្លាប់មកទីនេះកាលពី៤ឆ្នាំមុន ហើយបានធ្វើការយ៉ាងល្អ។ ប៉ុន្តែដោយសារតែច្បាប់នៅមិនទាន់មានភាពច្បាស់លាស់ ទើបយើងមិនអាចបន្តបានទៀតឡើយនាពេលនោះ ខណៈដែលអតិថិជនរបស់យើងដូចជា អ៊ីអន និងស្ថាប័នហិរញ្ញវត្ថុដទៃទៀតដែលមកពីប្រទេសថៃ សុទ្ធតែត្រូវការប្រើសេវាកម្មរបស់យើង»។ លោកបន្ថែមថា «ខ្ញុំយល់ថាបន្ទាប់ពីរយៈពេល ៤ឆ្នាំនេះ មានរឿងជាច្រើនបានផ្លាស់ប្តូរ ហើយ កិច្ចពិភាក្សាជាមួយនឹង World bridge នេះ ខ្ញុំគិតថា យើងបានមើលឃើញបញ្ហានៅក្នុងអតីតកាល។ ខ្ញុំគិតថាវាបានជួយយើងក្នុងការដោះស្រាយបញ្ហាទាំងនោះ។ ដូច្នេះ នេះគឺជាឱកាសមួយ ដែលយើងមកកម្ពុជា ហើយធ្វើការជាមួយ World Bridge»។
គួរបញ្ជាក់ផងដែរថា ការចុះអនុសារណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុនទាំងពីរធ្វើឡើងនៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ នាសណ្ឋាគារសូហ្វីតែលភ្នំពេញ ក្រោមវត្តមានរបស់អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនវើលដ៍ប៊្រីដគ្រុប និងលោកលោក Adisak Sukumvitaya នាយកប្រតិបត្តិក្រុមហ៊ុន Jay Mart Public Company Limited៕




អត្ថបទបន្ទាប់


អ្នកដឹកនាំជំនាន់ថ្មីចំនួន ១៥០ នាក់មកពី ១១ ប្រទេសបានចូលរួមកំពូលយុវជនអាស៊ីអាគ្នេយ៍នៅភ្នំពេញ

ព័ត៌មាន
ក្រសួងការបរទេសរបស់សហរដ្ឋអាមេរិក រួមទាំងស្ថានទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជា បានរៀបចំនូវកិច្ចប្រជុំ ផ្តួចផ្តើមគំនិតអ្នកដឹកនាំវ័យក្មេងអាស៊…

ក្រុមសហជីព បារម្ភពីការកើនឡើងនៃព្យួរការងារកម្មករ-និយោជិត ខណៈការបញ្ជាទិញផលិតផលកាត់ដេរធ្លាក់ចុះ

ព័ត៌មាន
ការបញ្ជាទិញផលិតផលកាត់ដេររបស់កម្ពុជាពីទីផ្សារអន្តរជាតិ ជាពិសេសសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក មិនទាន់មានសញ្ញាវិជ្ជមានឡើងវិញនៅឡើយទេ នៅចុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ