យោធាមីយ៉ាន់ម៉ាបាននាំចូលសព្វាវុធ ១ ពាន់លានដុល្លារ

របាយការណ៍ UNរកឃើញថា យោធាមីយ៉ាន់ម៉ាបាននាំចូលសព្វាវុធ ១ ពាន់លានដុល្លារ នៅក្រោយរដ្ឋប្រហារ


របាយការណ៍របស់អង្គការសហប្រជាជាតិ ដែលចេញផ្សាយកាលពីថ្ងៃពុធបាននិយាយថា យោធាមីយ៉ាន់ម៉ាបានចំណាយប្រាក់យ៉ាងតិច ១ ពាន់លានដុល្លារសម្រាប់ការនាំចូលអាវុធ និងសម្ភារៈពាក់ព័ន្ធ មកពីប្រទេសរុស្ស៊ី ចិន និងប្រទេសដទៃទៀត ចាប់តាំងពីមានរដ្ឋប្រហារកាលពីខែកុម្ភៈ ឆ្នាំ ២០២១ ហើយអាវុធមួយចំនួនត្រូវបានប្រើដើម្បីប្រព្រឹត្តអំពើឃោរឃៅទៅលើជនស៊ីវិល។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានអេភី។
របាយការណ៍ UNរកឃើញថា យោធាមីយ៉ាន់ម៉ាបាននាំចូលសព្វាវុធ ១ ពាន់លានដុល្លារ នៅក្រោយរដ្ឋប្រហារ

លោក ថម អេនឌ្រូ អ្នកស៊ើបអង្កេតឯករាជ្យនៅអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សក្នុងប្រទេសមីយ៉ាន់ម៉ា បាននិយាយថា អាវុធបានបន្តហូរចូលក្នុងដៃរបបយោធា ទោះជាមានភស្តុតាងដ៏ច្រើនលើសលុបដែលបង្ហាញពីការទទួលខុសត្រូវរបស់របបនេះចំពោះអំពើឃោរឃៅនានា ក្នុងនោះមួយចំនួនអាចស្មើនឹងឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិក៏ដោយ។

ដើម្បីជាឧទាហរណ៍នៃអំពើឃោរឃៅរបស់របបយោធាមីយ៉ាន់ម៉ា លោក អេនឌ្រូ បានលើកយកការវាយប្រហារតាមអាកាសកាលពីថ្ងៃទី ១១ ខែមេសា មកលាតត្រដាង។ ពេលនោះរបបនេះបានប្រើយន្តហោះចម្បាំងម៉ាក យ៉ាក-១៣០ (Yak-130) របស់រុស្ស៊ី ដើម្បីវាយប្រហារទៅលើពិធីមួយដែលមានការចូលរួមពីសមាជិកក្រុមប្រឆាំងប្រហែល ៣០០ នាក់ ហើយបានបន្តវាយប្រហារដោយប្រើឧទ្ធម្ភាគចក្រម៉ាក មី-៣៥ (Mi-35) របស់រុស្ស៊ីមួយទៀតបណ្ដាលឱ្យស្លាប់មនុស្សយ៉ាងតិច ១៦០ នាក់ ក្នុងនោះមានកុមារជាច្រើននាក់ផងដែរ។

លោក អេនឌ្រូ បាននិយាយដែរថា លើសពីនេះទៀត របបយោធាមីយ៉ាន់ម៉ាក៏បានប្រើកាំភ្លើងយន្ត និងគ្រាប់បែក នៅក្នុងការវាយប្រហារមួយចំនួនផងដែរ ដោយគ្រឿងបន្លាស់និងសម្ភារៈនៃគ្រឿងផ្ទុះទាំងនេះបានមកពីក្រុមហ៊ុនដែលមានទីតាំងនៅប្រទេសសិង្ហបុរី ចិន និងថៃ។

លោក អេនឌ្រូ បាននិយាយក្នុងសន្និសីទសារព័ត៌មានថា របាយការណ៍នេះបានកត់ត្រាពីការទិញដូរជាង ១២ ៥០០ លើកដែលត្រូវបានដឹកជញ្ជូនត្រង់ ទៅឱ្យយោធាមីយ៉ាន់ម៉ា ឬក៏ឈ្មួញអាវុធមីយ៉ាន់ម៉ា ដែលធ្វើការឱ្យយោធាចាប់ពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២១ ជាពេលដែលយោធាបានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុង សាន ស៊ូជី រហូតដល់ខែធ្នូ ឆ្នាំ ២០២២។

លោកបានបន្ថែមថា បរិមាណនៃឧបករណ៍ដែលយោធាទទួលបានដ៏សម្បូរបែបគឺ«គួរឱ្យភ្ញាក់ផ្អើល»ខ្លាំងណាស់ រាប់ចាប់តាំងពីយន្តហោះចម្បាំង ឧទ្ធម្ភាគចក្រចម្បាំង យន្តហោះដ្រូន ប្រព័ន្ធកាំជ្រួចទំនើបៗ រថក្រោះទំនើបៗ ឧបករណ៍ទំនាក់ទំនងដ៏ទាន់សម័យ រហូតដល់ប្រព័ន្ធរ៉ាដា និងបរិក្ខារសម្រាប់នាវាកងទ័ពជើងទឹកផងដែរ។

របាយការណ៍ដែលផ្ញើជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានបង្ហាញថា យោធាមីយ៉ាន់បានចំណាយប្រាក់ចំនួន ៤០៦ លានដុល្លារ ដើម្បីនាំចូលអាវុធនិងសម្ភារៈមកពីប្រទេសរុស្ស៊ី, ចំនួន ២៦៧ លានដុល្លារទិញអាវុធពីប្រទេសចិន, ចំនួន ២៥៤ លានដុល្លារទិញយុទ្ធភណ្ឌពីប្រទេសសិង្ហបុរី, ចំនួន ៥១ លានដុល្លារគ្រឿងសត្រាពីប្រទេសឥណ្ឌា និងចំនួន ២៨ លានដុល្លារទៀតទិញគ្រឿងប្រហារមកពីប្រទេសថៃ។

របាយការណ៍នេះបាននិយាយថា ចាប់តាំងពីមានរដ្ឋប្រហារនោះមក ក្រុមហ៊ុនឯកជន និងក្រុមហ៊ុនរដ្ឋរបស់រុស្ស៊ីចំនួន ២៨ ស្ថាប័ន បានដឹកជញ្ជូនយន្តហោះចម្បាំងនិងគ្រឿងបន្លាស់ ប្រព័ន្ធមីស៊ីលទំនើប យន្តហោះស៊ើបការណ៍និងយន្តហោះចម្បាំងគ្មានមនុស្សបើក ឧទ្ធម្ភាគចក្រចម្បាំង និងប្រព័ន្ធកាំជ្រួចផ្សេងៗទៀតទៅឱ្យរបបយោធា។

បើតាមលោក អេនឌ្រូ អ្នកទោសនយោបាយយ៉ាងតិច ២២ ០០០ នាក់ ត្រូវបានឃុំខ្លួនចាប់តាំងពីពេលមានរដ្ឋប្រហារមក ហើយជនស៊ីវិលយ៉ាងតិច ៣ ៥០០ នាក់ត្រូវបានសម្លាប់ និង ១,៥ លាននាក់ទៀត ត្រូវបានជម្លៀសទាំងបង្ខំចិត្ត៕

អត្ថបទ ៖ សុខ ជា




អត្ថបទបន្ទាប់


រដ្ឋម៉ុនតាណា ក្លាយជារដ្ឋអាមេរិកដំបូងគេ ដែលហាមប្រាមការប្រើប្រាស់កម្មវិធីបណ្តាញសង្គម TikTok

ព័ត៌មាន
អភិបាលរដ្ឋម៉ុនតាណា លោក ហ្គ្រេក ចាយអ៊ឹនហ្វ័រតេ កាលពីថ្ងៃពុធ ទី១៧ឧសភា បានចុះហត្ថលេខាលើច្បាប់មួយ ដើម្បីហាមការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គ…

ក្រុមហ៊ុនផលិតសំបកកង់ស្ថិតក្រោមសម្ពាធ ខណៈដែលកៅស៊ូកង់ច្រើនពេកកកិតនឹងផ្លូវ ហើយបំភាយជាតិពុល

ព័ត៌មាន
ក្រុមហ៊ុនផលិតសំបកកង់យានជំនិះកំពុងស្ថិតក្រោមសម្ពាធក្នុងការច្នៃប្រឌិតការផលិតសំបកកង់ឡើងវិញស្ទើរតែទាំងស្រុង ខណៈដែលនិយ័តករនានា ងាកមកត្រួតពិ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ