ផលិត​បាន​ តែ​គ្មាន​ទីផ្សារ !

អំបិល​ខ្មែរ​ត្រដាប​ត្រដួស​ប្រកួត​ប្រជែង​នឹង​អំបិល​នាំ​ចូល​ពី​ថៃ​-​វៀតណាម


អំបិល​ខ្មែរ​តែងតែ​ជួប​វិបត្តិ​ទីផ្សារ​ជា​រៀង​រាល់​ឆ្នាំ ដោយ​គ្មាន​ដំណោះស្រាយ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ទំាងអស់​នៅ​កម្ពុជា។ ហើយ​ការ​ប្រមូល​ទិន្នផល​អំបិល​ក្នុង​ឆ្នាំ​២០១៧ ត្រូវ​បាន​សហគមន៍ និង​កសិករ​ផលិត​អំបិល​ខេត្ត​កំពត កែប អះអាង​ថា នឹង​នៅ​តែ​អាច​លើស​ផែនការ​ដដែល ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​ប្រឈម​ដដែលៗ​គឺ​ទីផ្សារ​ទៅ​វិញ​ទេ។
កសិរ​ប្រមូល​ផល​អំបិល​ពី​ស្រែ​អំបិល​នៅ​ខេត្ត​កំពត។ រូបភាពពី confirel.com

ផលិតផល​អំបិល​កម្ពុជា នៅ​តែ​មិន​មាន​ការ​ពង្រីក​ទីផ្សារ​បន្ថែម​នៅ​ឡើយ ពិសេស​ទីផ្សារ​ក្រៅ​ប្រទេស។ បច្ចុប្បន្ន អំបិល​ខ្មែរ​បាន​ពឹង​ផ្អែក​ទាំងស្រុង​ទៅ​លើ​ទីផ្សារ​ក្នុង​ស្រុក។ ការ​ខ្វះ​ទីផ្សារ​នាំចេញ  រួមជាមួយ​នឹង​ការ​ប្រកួត​ប្រជែង​ដ៏​ស្រួច​ស្រាល់ ជាមួយ​អំបិល​នាំ​ចូល​ពី​ប្រទេស​វៀតណាម​និង​ថៃ នៅតែ​ជា​ក្តី​បារម្ភ​របស់​ប្រជា​កសិករ និង​សហគមន៍​ផលិត​អំបិល​ខេត្ត​កំពត កែប ដដែល។

លោក អ៊ុំ ឈុន ប្រធាន​រដ្ឋបាល​សហគមន៍​អ្នក​ផលិត​អំបិល​ខេត្ត​កំពត កែប បាន​ឲ្យ​ដឹង​ថា អំបិល​សល់​នៅ​ក្នុង​ឃ្លាំង​ពេញៗ​រាល់​ឆ្នាំ។ សហគមន៍​កំពុង​រង់ចាំចំណាត់ការ​ពី​ថ្នាក់​លើ។

លោកបន្តថា អ្នក​ផលិត​អំបិល​នៅ​ខេត្ត​កំពត និង​កែប ប្រមាណ​ជា ១៩០ ក្រុម និង ជាង ៦០០ គ្រួសារ​កំពុង​ប្រឈម​នឹង​ការ​ខាត​បង់​ដោយសារ​តែ​តម្លៃ​អំបិល​លក់​ចេញ​បាន​ធ្លាក់​ថ្លៃ ២​ពាន់​រៀល ក្នុង ១បាវ ខណៈ​ដែល​អំបិល​មក​ពី​ប្រទេស​វៀតណាម ថៃ ចិន មាន​តម្លៃ​ទាប​ជាង ហើយ​កំពុង​តែ​វាយ​លុក​ទីផ្សារ​កម្ពុជា​យ៉ាង​ខ្លាំង។

តម្លៃអំបិល​ប្រភេទ​លេខ១ លក់​ចេញ​ជា​មធ្យម ១​ម៉ឺន ២៦០០​រៀល ពោល​មិន​មាន​ការ​ប្រែប្រួល​ទេ បើ​ធៀប​នឹង​តម្លៃ​ឆ្នាំ​មុន ប៉ុន្តែ សម្រាប់​អំបិល​លេខ​២ មានតម្លៃ​១​ម៉ឺន​៦០០​រៀល និង​អំបិល​លេខ​៣ ថ្លៃ ៨៦០០​រៀល ពោល​គឺ​ធ្លាក់ចុះ ២០០០​រៀល ក្នុង​១​បាវ។

រឿង​អំបិល​ខ្មែរ​គ្មាន​ទីផ្សារ​មិន​មែន​ជា​រឿង​ថ្មី។ រាល់​រដូវ​កាល កសិករ​មិន​បារម្ភ​រឿង​ប្រមូល​ផល​ទេ តែ​បារម្ភ​រឿង​ធ្វើ​បាន​ហើយ​ មិន​ដឹង​លក់​ទៅ​ណា ឬ​លក់​បាន​ថោក។ (រូបភាពពី www.confirel.com)

ការធ្លាក់ចុះតម្លៃនេះ ត្រូវបានសហគមន៍ផលិតអំបិលខេត្តកំពត កែប អះអាងថា ដោយសារតែវត្តមានអំបិលពីប្រទេសជិតខាង ថៃ វៀតណាម នាំ​ចូលយ៉ាងច្រើនមកទីផ្សារកម្ពុជា។

លោក អ៊ុំ ឈុន បានឲ្យដឹងទៀតថា តម្រូវកាអំបិលមិនខុសពីឆ្នាំមុនៗនោះទេ គឺមានតម្រូវការចន្លោះពី ៩ម៉ឺនតោន ទៅ១០ម៉ឺនតោន ខណៈឆ្នាំ២០១៦ តម្រូវការមានជិត ១០ម៉ឺនតោនដែរ។ 

លោក អ៊ុំ ឈុន អះអាងថា សហគមន៍ និងកសិករផលិតអំបិលនៅឆ្នាំ២០១៧នេះ នឹងនៅតែជួបបញ្ហាច្រើន ដោយសារអំបិលនៅសល់ពេញៗឃ្លាំងរកតែកន្លែងរក្សាទុកគ្មាន។ ហើយមានអ្នកខ្លះ រក្សាទុកក្នុងឃ្លាំងបានតិចតួច និងអ្នកខ្លះទៀតទុកចោលកណ្តាលវាលក៏មាន ដោយសារតែទីផ្សារអំបិលនៅតូច ប្រើប្រាស់សម្រាប់តែទីផ្សារក្នុងស្រុកប៉ុណ្ណោះ។

លោកបន្តថា កសិករផលិតអំបិលមានការខាតបង់ច្រើន អ្នកខ្លះទៀតសម្រេចចិត្តបោះបង់ការផលិត ដោយសារគ្មានកន្លែងទុកដាក់។ ហើយដើម្បីជំរុញលើកស្ទួយវិស័យអំបិលនេះ សហគមន៍ស្នើឲ្យប្រជាពលរដ្ឋងាកមកចាប់អារម្មណ៍ប្រើប្រាស់អំបិលក្នុងស្រុកជាជាងប្រើប្រាស់អំបិលនាំ​ចូល។

ខេត្តកំពត និង កែបគឺជាទីតាំងផលិតអំបិលតែមួយគត់សម្រាប់ការផ្គត់ផ្គង់ទូទាំងប្រទេសដែលមានផ្ទៃដីផលិតអំបិលជាង ៤ពាន់ ៥០០ ហិកតារ។ ក្នុងមួយឆ្នាំ កម្ពុជាផលិតអំបិលជុំវិញប្រមាណជាង ១២ ម៉ឺនតោន ហើយ កាលពីឆ្នាំ២០១៦ កម្ពុជាបានលក់អំបិលបាន ប្រមាណ ៩ ម៉ឺនតោន ខណៈអំបិលសល់ក្នុងឃ្លាំងមានការកើនឡើងរហូត២៧ម៉ឺនតោន។ 

រហូតមកដល់ពេលនេះ អំបិលរបស់កម្ពុជានៅតែមិនអាចមានលទ្ធភាពនាំចេញទៅលក់នៅទីផ្សារក្រៅប្រទេសបានទេ ដោយសារតែការចំណាយផលិតខ្ពស់៕




អត្ថបទបន្ទាប់


អាកាសចរណ៍ Emirates នឹង​បើក​ការ​ហោះហើរ​មក​កម្ពុជា​នៅ​ពាក់​កណ្ដាល​ឆ្នាំ​នេះ

ព័ត៌មាន
រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា នឹង​ក្លាយ​ជា​ទិសដៅ​ថ្មី​បំផុត​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Emirates ដែល​គ្រោង​នឹង​ចាប់​ផ្ដើម​ជើង​ហោះហើរ​ន…

គិតត្រឹម​ឆ្នាំ​២០១៦ ពលរដ្ឋ​ខ្មែរ​ជំពាក់​លុយ​ធនាគារ​និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ១៧​ពាន់​លាន​ដុល្លារ

ព័ត៌មាន
ទំហំប្រាក់​កម្ចី​នៅ​​ធនាគារ និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ដែល​បាន​ផ្តល់​ទៅ​ឲ្យ​អតិថិជន​នៅ​កម្ពុជា​បាន​កើន​ដល់​ជាង ១៥​ពាន់​លាន​ដុល្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ