ស្វែងយល់ពីផ្សារហ៊ុន!

តើការវិនិយោគលើទីផ្សារហ៊ុន​និងការជួញដូរលើឧបករណ៍និស្សន្ទខុសគ្នាដូចម្តេច?


គណៈកម្មការមូលបត្រកម្ពុជា នៅថ្ងៃទី២៦ ខែមេសានេះ បានបើកវគ្គបណ្ដុះបណ្ដាលមួយដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដើម្បីពន្យល់ជំនួញប្រភេទថ្មី ដែលគេហៅថា ការជួញដូរឧបករណ៍និស្សន្ទ។
នេះសិក្ខាសាលាស្ដីពីការជួញដូរឧបករណ៍និស្សន្ទនៅគណៈកម្មការមូលបត្រកម្ពុជា
ដោយ

ក្នុងសិក្ខាសាលាដែលមានអ្នកសារព័ត៌មានជាតិនិងអន្តរជាតិប្រមាណ៦០នាក់ លោក ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា បានថ្លែងថា ការបណ្ដុះបណ្តាលនេះ គឺជាលើកទី៧ហើយ ដើម្បីផ្តល់ឲ្យអ្នកសារព័ត៌មាននូវចំណេះដឹងស្ដីពីការជួញដូរឧបករណ៍និស្សន្ទនៅកម្ពុជា ហើយ ផ្សព្វផ្សាយទៅកាន់មហាជនឲ្យបានយល់ដឹងពីតើអ្វីទៅជាការជួញដូរឧបករណ៍និស្សន្ទ?

លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «បើខ្ញុំបើកវគ្គបង្រៀនពលរដ្ឋសាមញ្ញយើងអាចបង្រៀនម្ដងបានត្រឹម ៣០០ នាក់ តែបើយើងបណ្ដុះបណ្ដាលអ្នកសារព័ត៌មានតែ១០ស្ថាប័ន ហើយសារព័ត៌មាន ដែលគេចាប់អារម្មណ៍ ច្រើន ពួកគាត់នឹងសរសេរការពិតនៃជំនួញនេះ ទៅកាន់មនុស្សរាប់ពាន់នាក់…»។ 

លោក តែ គីមហុង ប្រធានផ្នែកសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍នៃក្រុមហ៊ុន អាល់ហ្វា ហ្គោល ភ្យូឈ័ររ ឯ.ក ដែលជាក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទមួយក្នុងចំណោមក្រុមហ៊ុន១៤ដែលទទួលបានអាជ្ញាប័ណ្ណពីគណៈកម្មការមូលបត្រកម្ពុជា បានពន្យល់ថា ឧបករណ៍និស្សន្ទ សំដៅដល់កិច្ចសន្យាលើគម្លាតថ្លៃ (Contract For Difference-CFD) ឬការជួញដូរហាងឆេងឧបករណ៍ហិរញ្ញវត្ថុដើម ដែលចេញពីមូលបត្រកម្មកសិទ្ធិ មូលបត្របំណុល សន្ទស្សន៍លោហៈធាតុមានតម្លៃ ប្រេងឆៅ ឧស្ម័នធម្មជាតិ កសិផល រូបិយប័ណ្ណ ដែលនឹងត្រូវបានជួញដូរក្នុងទីផ្សារ។ ឧបករណ៍និស្សន្ទទាំងនេះ គឺជាឧបករណ៍ហិរញ្ញវត្ថុដែលជាប្រភេទនៃមូលបត្រ។ 

លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «អត្ថប្រយោជន៍នៃការជួញដូរឧបករណ៍និស្សន្ទ គឺជាការជួញដូរមានរយៈពេលវែង២៤ម៉ោងក្នុងមួយថ្ងៃ និង​៥ថ្ងៃក្នុងមួយសប្ដាហ៍។ លើសពីនេះ ការជួញដូរមានភាពងាយស្រួល ព្រោះ វាជាទីផ្សារពិភពលោកមួយដ៏ធំ ដូច្នេះ អ្នកអាចជួញដូរបានគ្រប់វេលា និងគ្រប់ទីកន្លែង…ជាទូទៅ មិនថា មាស ឬលុយនោះទេ អ្នកអាចទិញក្នុងតម្លៃទាប និងលក់ក្នុងតម្លៃខ្ពស់ ហើយទទួលបានប្រាក់ចំណេញ…»។ 

ការធ្វើជំនួញប្រភេទនេះ ឲ្យទទួលបានជោគជ័យនោះ គឺទាមទាអ្នកវិនិយោគពូកែវិភាគទាំងផ្នែកបច្ចេកទេស និងមូលដ្ឋានទូទៅ ដូចជា ការយល់ដឹងពីការប្រែប្រួលនៃទីផ្សារពិភពលោកជាដើម។  ការឡើងចុះតម្លៃឧបករន៍និស្សន្ទក្នុងទីផ្សារពិភពលោក បណ្ដាលមកពីមូលហេតុមួយចំនួន ដូចជា ការប្រែប្រួលនៃកត្តាសង្គម ភេរវកម្ម បញ្ហានយោបាយ សង្គ្រាម និងគ្រោះធម្មជាតិ ព្រមទាំងការចេញគោលនយោបាយរបស់រដ្ឋាភិបាលក្នុងប្រទេស គោលនយោបាយថ្នាក់តំបន់ និងពិភពលោក។

តើរវាងការវិនិយោគលើទីផ្សារហ៊ុន និងការជួញដូរលើឧបករណ៍និស្សន្ទខុសគ្នាដូចម្តេច?

ការវិនិយោគលើទីផ្សារហ៊ុន មានលក្ខណៈ៣សំខាន់ គឺការទិញលក់ត្រូវចំណាយទុនទាំងស្រុង១០០%ការទទួលបានជាភាគលាភ និងផលចំណេញ និងមានហានីភ័យទាប។ ដោយឡែក ការវិនិយោគលើការជួញដូរឧបករណ៍និស្សន្ទ មានលក្ខណៈសំខាន់៣ដែរ គឺចំណាយដើមទុនវិនិយោគមួយភាគរយនៃទុនសរុប ទទួលបានផលចំណេញជារឿយៗពេលដែលជួញដូរជោគជ័យ និងមានការខាតបង់មានទំហំធំ។     

សូមជម្រាបជូនថា ក្រុមហ៊ុនដែលបានបោះផ្សាយមូលបត្រដែលស្ថិតក្រោមទីផ្សារមូលបត្រកម្ពុជា មាន៥ គឺក្រុមហ៊ុន Sihanoukville Autonomous Port ក្រុមហ៊ុន Phnom Penh SEZ Plc. ក្រុមហ៊ុន Phnom Penh Autonomous Port  ក្រុមហ៊ុន Grand Twins International (Cambodia) Plc ក្រុមហ៊ុន Phnom Penh Water Supply Authority។ ចំណែក ការវិនិយោគលើការជួញដូរឧបករណ៍និស្សន្ទ បច្ចុប្បន្ន គណៈកម្មការមូលបត្រកម្ពុជា បានផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនសមភាគីកណ្ដាលចំនួន៤ រួមមាន៖ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ឯ.ក ក្រុមហ៊ុនភ្នំពេញ ដេរីវ៉េទីវ អ៊ិចឆេង ភីអិលស៊ី ក្រុមហ៊ុនរ៉ូយ៉ាល់ ហ្វាយនែនសល ខបភើរេសិន និងក្រុមហ៊ុន ហ្គោល ហ្វាយនែនសល គ្លូប៊ល អ៊ិនវេសម៉ិន។ លើសពីនេះ គណៈកម្មការមូលបត្រកម្ពុជា បានផ្តល់អាជ្ញាប័ណ្ណដល់ឈ្មួញជើងសាឧបករណ៍និស្សន្ទចំនួន១៤ក្រុមហ៊ុនទៀតផង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


7-Eleven គ្រោង​ពង្រីក​ខ្លួន​ក្នុង​ទីផ្សារ​តំបន់​បន្ថែម​ទៀត ក្នុង​នោះ​ក៏​មាន​កម្ពុជា​ដែរ!

ព័ត៌មាន
ហាង​លក់​ទំនិញ 7-Eleven ដែល​មាន​សាខា​រាប់​ម៉ឺន​កន្លែង​នៅ​ទូទាំង​ពិភព​លោក​នោះ នឹង​ធ្វើការ​ពង្រីក​សាខា​របស់​ខ្លួន​បន្ថែម​ទៀត នៅ​ក្នុង…

សម្ភាសន៍​ពិសេស​ជាមួយអ្នក​និពន្ធ ម៉ីសន សុធារី អំពី​វិវឌ្ឍន៍​ថ្មីៗ​នៃ​​ភាពយន្ត​ខ្មែរ

ព័ត៌មាន
សន្ទុះ​នៃ​ការ​ផលិត​ភាពយន្ត​ក្នុង​ស្រុក មិន​ថា​រឿងភាគ ភាពយន្ត​បញ្ចាំង​នៅ​រោង រឿង​សម្រាប់​ចាក់​ផ្សាយ​លើ​បណ្តាញ Internet ទេ គឺ​កាន់​តែ​ម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ