អាមេរិក និងជប៉ុន

មេដឹកនាំអាមេរិក និងជប៉ុនព្រមព្រៀងគ្នាជំរុញកិច្ចសហប្រតិបត្តិការសន្ដិសុខ និងសេដ្ឋកិច្ចកាន់តែខ្លាំងក្លា


ប្រធានាធិបតីអាមេរិក លោកចូ បៃឌិន និងនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីហ្ស៊ីដា បានព្រមព្រៀងគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសន្ដិសុខរវាងប្រទេសទាំងពីរកាន់តែខ្លាំងក្លាថែមទៀត នៅគ្រាដែលទំនាក់ទំនងរវាងមហាអំណាចអាមេរិក និងសម្ព័ន្ធមិត្ត ជាមួយនឹងប្រទេសចិន និងកូរ៉េងខាងជើងកំពុងស្ថិតក្នុភាពអាប់អួរកាន់តែខ្លាំងឡើងៗ គួបផ្សំនឹងបញ្ហាគំរាមកំហែងពីសំណាក់ប្រទេសរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនជាដើម។
ជំនួបរវាងប្រធានាធិបតីអាមេរិក លោកចូ បៃឌិន និងនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីហ្ស៊ីដា តាមអនឡាញកាលពីចុងសប្ដាហ៍មុននេះ។

ការ​ព្រមព្រៀង​គ្នា​រវាង​លោក ចូ​បៃ ឌិន និង​លោក គី​ហ្ស៊ី​ដា​នេះ គឺ​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​តាម​អន​ឡាញ​មួយ​ដែល​បាន​ធ្វើ​ឡើង​កាលពី​ចុង​ស​ប្ដា​ហ៍​មុន​នេះ​។

នៅ​ក្នុង​ជំនួប​ជាមួយនឹង​ប្រធានាធិបតី​អា​មេ​រិ​ក​គឺជា​កិច្ច​ពិភាក្សា​ដ៏​សំខាន់​ដំបូង​គេ​មួយ​របស់​លោក គី​ហ្ស៊ី​ដា តាំង​តែ​ពី​រូប​លោក​បាន​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ជប៉ុន​កាលពី​ខែតុលា មក​។ ជំនួប​នេះ ក៏​ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋមន្ត្រី​ការពារ​ជាតិ​របស់​ប្រទេស​ទាំង​ពី​នេះ នៅ​ក្នុង​ខែមករា​ថ្មី​ៗ​នេះ ក៏​ទើបតែ​មាន​កិច្ច​ពិភាក្សា​សំខាន់​មួយ ដែល​ហៅ​ថា កិច្ច​ពិភាក្សា «​ពីរ​បូក​ពីរ Two-plus-two» តាម​រយៈ​កិច្ច​ពិភាក្សា សម្ព័ន្ធមិត្ត​ទាំង​ពីរ​នេះ បាន​សម្ដែង​ការ​ព្រួយបារម្ភ​ខ្លាំង​មែនទែន អំពី​ការ​កើនឡើង​នៃ​កម្លាំង​របស់​ចិន និង​បាន​សច្ចា​រួម​គ្នា​ថា នឹង​ធ្វើការ​ឆ្លើយ​តប​វិញ​ផង​ដែរ ប្រសិនបើ​ចាំបាច់​ដើម្បី​ធានា​បាន​នូវ​ស្ថិរភាព​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក​។

លោក គី​ហ្ស៊ី​ដា និយាយ​ថា រូប​លោក និង លោក​ចូ បៃ​ឌិន បាន​ព្រមព្រៀង​គ្នា ក្នុង​កិច្ច​សហប្រតិបត្តិការ ដើម្បី​ធានា​ឲ្យ​បាន​នូវ​សេរីភាព និង​ការ​បើកចំហរ​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក ដើម្បី​ធ្វើការ​កាន់តែ​ជិត​ស្និទ្ធ​ជាមួយ​គ្នា ទៅ​លើ​បញ្ហា​ទាក់ទង​នឹង​ប្រទេស​ចិន បញ្ហា​មី​ស៊ី​ល​នៅ​កូរ៉េ​ខាងជើង និង​កិច្ច​សហ​ប្រតិបត្តិ​លើ​បញ្ហា​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​ផង​ដែរ ដែល​បច្ចុប្បន្ន​អ៊ុយ​ក្រែ​ន​កំពុង​មានការ​គំរាមកំហែង​កាន់តែ​ខ្លាំង​ពី​ប្រទេស​រុ​ស្ស៊ី​។ នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក គី​ហ្ស៊ី​ដា សង្កត់ធ្ងន់​ថា ចំពោះ​អ្វី​ដែល​ជប៉ុន និង​អា​មេ​រិ​ក​ព្រមព្រៀង​លើ​កិច្ច​សហប្រតិបត្តិការ ទាក់ទង​នឹង​បញ្ហា​ប្រទេស​ចិន​នោះ រួម​មាន បញ្ហា​នៅ​តំបន់​សមុទ្រ​ចិន​ខាងកើត និង​សមុទ្រ​ចិន​ខាងត្បូង បញ្ហា​ទីក្រុង​ហុងកុង និង​បញ្ហា​នៅ​តំបន់​ស៊ិ​ន​ជាំ​ង​ប្រទេស​ចិន​ផង​ដែរ​។

លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន គី​ហ្ស៊ី​ដា បន្ថែម​ទៀត​ថា ជប៉ុន​នឹង​បង្កើត​ឲ្យ​មាន​កិច្ចប្រជុំ​មួយ​នៃ​ក្រុម​ប្រទេស​សម្ព័ន្ធមិត្ដ​ទាំង​៤ ហៅ​ថា ឃ្វ័​ត (Quad) ដែល​មាន​អា​មេ​រិ​ក ជប៉ុន អូស្ត្រាលី និង​ឥណ្ឌា ហើយ​កិច្ចប្រជុំ​កំពូល​នេះ អាច​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ពាក់កណ្ដាល​ឆ្នាំ​២០២២​នេះ ជាមួយនឹង​វត្តមាន​ប្រធានាធិបតី​អា​មេ​រិ​ក​ចូលរួម​ផង​ដែរ​។

មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​របស់​អា​មេ​រិ​ក បាន​អះអាង​ថា លោក​ចូ បៃ​ឌិន ក៏​បាន​យល់ព្រម​នឹង​ការ​អញ្ជើញ​ពី​សំណាក់​ប្រទេស​ជប៉ុន​នេះ​រួច​ហើយ​ដែរ និង​បាន​បន្ថែម​ថា គោលបំណង​នៃ​កិច្ចប្រជុំ​សម្ព័ន្ធមិត្ត ឃ្វ័​ត (Quad) គឺ​ទាក់ទង​នឹង​ការ​ពិនិត្យ​ឡើង​វិញ​អំពី​ការ​សន្យា​ផ្គត់ផ្គង់​វ៉ាក់សាំង​១​ពាន់​លាន​ដូ​ស​ទៅ​កាន់​តំបន់​អាស៊ី​អាគ្នេយ៍ នៅ​ចុងឆ្នាំ​២០២២​នេះ​។ 

នៅ​ក្រោយ​ជំនួប​រវាង​លោក ចូ​បៃ​ឌិន ប្រធានាធិបតី​អា​មេ​រិ​ក និង​លោក ហ្វូ​មី​អូ គី​ហ្ស៊ី​ដា នាយក​រដ្ឋមន្ត្រី​ជប៉ុន ខាង​ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​ជប៉ុន​ឯណោះ​វិញ ក៏​បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​ផង​ដែរ ដោយ​បាន​លើក​ឡើង​ថា ជំនួប​រវាង​មេដឹកនាំ​ប្រទេស​ទាំង​ពីរ​នេះ គឺជា​ការ​វាយប្រហារ​ដោយ​គ្មាន​មូលដ្ឋាន ទៅ​លើ​ប្រទេស​ចិន និង​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​យ៉ាងធ្ងន់ធ្ងរ​ផង​ដែរ​។

ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​ជប៉ុន​បាន​ទទូច​ឲ្យ​ប្រទេស​ជប៉ុន និង​អា​មេ​រិ​ក ដើរ​ឲ្យ​ទាន់​និន្នាការ​នៃ​សម័យកាល បោះបង់​ចោល​នូវ​គោលនយោបាយ​ដ៏​ចង្អៀតចង្អល់ នៃ​ល្បែង​នយោបាយ​ចង់​តែ​ឈ្នះ​គេ និង​ឲ្យ​គេ​ចាញ់​ខ្លួន និង​ឈប់​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​ត​ទៀត​ទៅ​។ ហើយ​ក៏​ត្រូវ​ឈប់​គូ​រង្វង់​តូច​ៗ​សម្រាប់​ចិន ដោយ​ផ្អែក​លើ​មនោ​គម​វិជ្ជា​របស់​ខ្លួន​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នាយកប្រតិបត្តិក្រុមហ៊ុន Pfizer ថាការចាក់វ៉ាក់សាំងកូវីដ១៩ គួរធ្វើឡើងមួយឆ្នាំម្ដង ទើបជាការប្រសើរ

ព័ត៌មាន
នាយកប្រតិបត្តិក្រុមហ៊ុន Pfizer លោក Albert Bourla បាននិយាយបានអះអាងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ មួយឆ្នាំម្ដង គឺមានភាពល្អប្រស…

វីឡាចាស្មីនណាម៉ូដឺន និងវីឡាភ្លោះម៉ូដឺន ជម្រើសគេហដ្ឋានដ៏ល្អប្រណីតបែបទំនើបទាន់សម័យ សម្រាប់លោកអ្នក

ព័ត៌មាន
ពាក្យថាគេហដ្ឋានសំដៅទៅលើទីកន្លែងសម្រាប់ការរស់នៅ និងបង្កើតសុភមង្គល ក្នុងរង្វង់ក្រុមគ្រួសារ។ ដូច្នេះហើយការជ្រើសរើសគេហដ្ឋាន ពិតជាសំខាន់និងត្រូ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ