អាមេរិក

រដ្ឋមន្ត្រីថាមពលអាមេរិកព្រមានថា ច្បាប់ហាមឃាត់លក់ប្រេងបម្រុង អាចធ្វើឲ្យប៉ះពាល់ដល់សន្តិសុខថាមពល


រដ្ឋមន្ត្រីថាមពលអាមេរិកបានបញ្ចេញប្រតិកម្មនឹងច្បាប់មួយ ដែលទើបតែត្រូវបានសភាសម្រេចអនុម័តកាលពីពេលថ្មីៗនេះ ដែលជាការផ្តួចផ្តើមដោយក្រុមតំណាងរាស្រ្តមកពីគណបក្សសាធារណរដ្ឋ ក្នុងការហាមឃាត់ការបញ្ចេញលក់ប្រេងបម្រុងអាមេរិក។ លោកស្រីបានព្រមានថា ច្បាប់នេះនឹងធ្វើឱ្យការផ្គត់ផ្គង់ប្រេងជួបប្រទះការខ្វះខាតធ្ងន់ធ្ងរ ហើយឡើងថ្លៃទៀតផង ដែលបង្កផលប៉ះពាល់ដល់ជីវភាពប្រជាជន។ នេះបើតាមការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មាន Reuters។
រដ្ឋមន្រ្តីថាមពលអាមេរិក ប្រតិកម្មនឹងច្បាប់ហាមឃាត់ការនាំចេញប្រេងបម្រុង

លោកស្រី Jennifer Granholm រដ្ឋមន្រ្តីក្រសួងថាមពលអាមេរិក បានព្រមានតំណាងរាស្រ្តគណបក្សសាធារណរដ្ឋ តាមរយៈលិខិតមួយថា ការកំណត់ដែនអំណាចរបស់ប្រធានាធិបតី ក្នុងការផ្អាកការលក់ប្រេងបម្រុង ក្រោមលេសសន្តិសុខជាតិនោះ នឹងធ្វើឱ្យចុះខ្សោយនូវសន្តិសុខថាមពល ដែលជាវិស័យដ៏សំខាន់មួយនេះ។

រដ្ឋមន្ត្រីក្រសួងថាមពលរបស់អាមេរិករូបនេះ បានអះអាងថា ច្បាប់ហាមឃាត់ការបញ្ចេញលក់ប្រេងបម្រុងនេះ នឹងធ្វើឱ្យមានកង្វះខាតការផ្គត់ផ្គង់ប្រេងកាន់តែច្រើនក្នុងពេលមានវិបត្តិ ហើយតម្លៃប្រេងសាំង ក៏កាន់តែកើនឡើងខ្ពស់ដែលប៉ះពាល់ទៅដល់អ្នកប្រើប្រាស់នៅអាមេរិក។

គួរឱ្យដឹងដែរថា លិខិតនេះធ្វើឡើង គឺតំណាងឱ្យការខិតខំប្រឹងប្រែងរបស់រដ្ឋបាលលោក ចូ បៃឌិន ក្នុងការការពារនូវវិធានការរបស់ខ្លួន និងបន្ធូរបន្ថយការបារម្ភអំពីប្រេងបម្រុង។

គួររំឭកថា កាលពីឆ្នាំ២០២២ ប្រេងប្រមាណ ១៨០លានបារ៉ែលត្រូវបានដកចេញពីស្តុកបម្រុងយុទ្ធសាស្រ្តរបស់អាមេរិក ដោយរដ្ឋបាលលោក ចូ បៃឌិន ដើម្បីបង្អាក់ការកើនឡើងតម្លៃប្រេង ដោយសារតែអង្គការ OPEC កាត់បន្ថយការផលិតប្រេង និងនៅបន្ទាប់ពីអាមេរិកបានហាមឃាត់លើការនាំចូលប្រេងរបស់រុស្ស៊ី ក្រោយការឈ្លានពានទៅលើអ៊ុយក្រែន។ យ៉ាងណាមិញ ការបញ្ចេញលក់នេះ បានធ្វើឱ្យប្រេងបម្រុងធ្លាក់ចុះនៅត្រឹមប្រហែល ៣៨០លានបារ៉ែល ដែលជាកម្រិតទាបបំផុត គិតចាប់តាំងពីឆ្នាំ១៩៨៤មក ដែលបង្កើនក្តីបារម្ភពីសន្តិសុខថាមពលជាតិរបស់អាមេរិក។

ដើម្បីទប់ស្កាត់ហានិភ័យនេះ ច្បាប់មួយដែលត្រូវបានសភាអាមេរិកបោះឆ្នោតសម្រេចកាលពីពេលថ្មីៗនេះ ដឹកនាំដោយលោកស្រី ខាធី មេកម៉ូរីា រូតជឺ (Cathy McMorris Rodger)ប្រធានគណៈកម្មាធិការថាមពល និងពាណិជ្ជកម្មរបស់សភាអាមេរិកមកពីគណបក្សសាធារណរដ្ឋ នឹងទៅកំណត់សិទ្ធិអំណាចរបស់ប្រធានាធិបតីក្នុងការបញ្ចេញប្រេងបម្រុងយុទ្ធសាស្រ្ត ប៉ុន្តែអាចបញ្ចេញលក់បានតែក្នុងករណីមានការរំខានការផ្គត់ផ្គង់ថាមពលធ្ងន់ធ្ងរតែប៉ុណ្ណោះ។

លោកស្រីរូតជឺ បានលើកឡើងថា ច្បាប់នេះគឺនឹងមិនជះឥទ្ធិពលដល់សិទ្ធិអំណាចរបស់ក្រសួងថាមពលអាមេរិកនោះទេ។ បន្ថែមពីនេះ លោកស្រីបានចោទថា ក្រសួងនេះមិនបានគ្រប់គ្រងឱ្យបានល្អនូវប្រេងបម្រុងនេះដោយគ្មានផែនការជាក់លាក់ក្នុងការបំពេញវាឡើងវិញឡើយ។ កន្លងមក តំណាងរាស្រ្តមកពីគណបក្សសាធារណរដ្ឋរូបនេះ បានចោទប្រកាន់លោកបៃឌិនថា បានប្រើប្រាស់ប្រេងបម្រុងនេះ ទៅបិទបាំងនូវគោលនយោបាយបរាជ័យរបស់លោក ហើយបានបណ្តាលឱ្យតម្លៃថាមពលឡើងថ្លៃ និងអតិផរណាកើនឡើង។

សូមជម្រាបថា បើតាមការប៉ាន់ស្មានរបស់ក្រសួងហិរញ្ញវត្ថុអាមេរិក ការបញ្ចេញប្រេងពីស្តុកបម្រុងនេះ គឺបានបន្ទាបតម្លៃប្រេងលើទីផ្សាររហូតដល់ ៤០%។ គិតចាប់តាំងពីឆ្នាំ២០១៧មក ប្រេងភាគច្រើន ដែលយកចេញពីប្រេងបម្រុងទុក គឺត្រូវបានលក់ទៅឱ្យក្រុមហ៊ុនអាមេរិកតែប៉ុណ្ណោះ ចំណែកការលក់ទៅប្រទេសចិននោះ គឺមានតិចជាង ៣%៕

អត្ថបទ ៖ នៅ សំភី




អត្ថបទបន្ទាប់


ប្រមុខ UN ស្តីបន្ទោសក្រុមហ៊ុនប្រេងធំៗថាបានភូតកុហករឿងការពារបរិស្ថាន និងការប្រែប្រូលអាកាសធាតុ

ព័ត៌មាន
ប្រមុខអង្គការសហប្រជាជាតិ បានថ្លែងស្តីបន្ទោសចំៗទៅលើក្រុមហ៊ុនប្រេងធំៗ ថាបាននិយាយភូតកុហកបោកប្រាស់ពិភពលោកថា ផលិតផលរបស់ខ្លួនមិនបានទៅបំផ្លិចប…

អាល្លឺម៉ង់ថាខ្លួននឹងបញ្ចូនរថក្រោះទៅអ៊ុយក្រែនភ្លាម ប្រសិនបើអាមេរិកព្រមផ្តល់ឱ្យដែរ

ព័ត៌មាន
ប្រភពពីរដ្ឋាភិបាលអាល្លឺម៉ង់បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា ប្រទេសអាល្លឺម៉ង់នឹងអនុញ្ញាតឱ្យបញ្ជូនរថក្រោះធុនធ្ងន់ទៅឱ្យអ៊ុយក្រែន ដើម្បីប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ