បើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters សហរដ្ឋអាម៉េរិកបានផ្គត់ផ្គង់អាវុធយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅឱ្យក្រុមសម្ព័ន្ធមិត្ត ព្រមទាំងបានប្រើប្រាស់គ្រាប់រំសេវជាច្រើនក្នុងប្រតិបត្តិការយោធារបស់ខ្លួននៅតំបន់មជ្ឈិមបូព៌ា ដែលកត្តានេះបានបង្កើតជាការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញការខ្វះខាតស្តុកអាវុធការពារអាកាស និងមីស៊ីលប្រកបដោយគ្រោះថ្នាក់។ កត្តានេះបានជំរុញឱ្យអាម៉េរិក សម្រេចផ្តល់កិច្ចសន្យាបន្ថែមមានតម្លៃជាង៥៨ពាន់លានដុល្លារដល់ក្រុមហ៊ុន Lockheed Martin ដើម្បីបង្កើនការផលិតប្រព័ន្ធស្ទាក់ចាប់មីស៊ីល Patriot។
មន្ទីរបញ្ចកោណបានឱ្យដឹងថា កិច្ចសន្យាថ្មីនេះ គឺជាការបន្ថែមពីលើកិច្ចព្រមព្រៀងរយៈពេល១ឆ្នាំតម្លៃ៤,៧ពាន់លានដុល្លារ ដែលបានចុះហត្ថលេខាកាលពីខែមេសា ដោយពង្រីកទៅជាកិច្ចព្រមព្រៀងរយៈពេល៧ឆ្នាំក្នុងគោលបំណងបង្កើនការទិញប្រព័ន្ធស្ទាក់ចាប់មីស៊ីលចាប់ពីឆ្នាំសារពើពន្ធ ២០២៦ ដល់ឆ្នាំ២០៣២។ ក្រុមអ្នកចរចារបស់មន្ទីរបញ្ចកោណកំពុងជំរុញឱ្យក្រុមហ៊ុនផលិតអាវុធពន្លឿនខ្សែច្រវាក់ផលិតកម្មឱ្យបានឆាប់រហ័ស ព្រោះកិច្ចព្រមព្រៀងផលិតកម្មបណ្តោះអាសន្នដែលបានធ្វើឡើងកាលពីដើមឆ្នាំនេះ គឺជាបេះដូងសំខាន់ នៃកិច្ចខិតខំប្រឹងប្រែង ដើម្បីស្តារ និងបង្កើនស្តុកអាវុធ។ ក្រៅពីនេះ កិច្ចព្រមព្រៀងក្នុងក្របខណ្ឌស្រដៀងគ្នានេះមួយទៀត ក៏ត្រូវបានធ្វើឡើងជាមួយក្រុមហ៊ុន RTX ដើម្បីបង្កើនការផលិតមីស៊ីល Tomahawk ពីប្រហែល៦០គ្រឿងឱ្យឡើងដល់១០០០គ្រឿងក្នុងមួយឆ្នាំសម្រាប់កងទ័ពអាម៉េរិក។
ក្រុមហ៊ុន Lockheed Martin ដែលមានមូលដ្ឋាននៅរដ្ឋ Maryland បានឱ្យដឹងថា ថវិកាជាង៥៨ពាន់លានដុល្លារនេះ នឹងអនុញ្ញាតឱ្យក្រុមហ៊ុនបង្កើនសមត្ថភាពផលិតប្រព័ន្ធស្ទាក់ចាប់មីស៊ីល PAC-3 MSE ឱ្យបាន៣ដងនៅចុងឆ្នាំ២០៣០។ គួររំឭកថា PAC-3 MSE គឺជាប្រព័ន្ធមីស៊ីលស្ទាក់ចាប់ និងបំផ្លាញគោលដៅ ដែលប្រើប្រាស់ក្នុងប្រព័ន្ធការពារដែនអាកាស Patriot ដើម្បីកម្ទេចមីស៊ីលបាលីស្ទិក មីស៊ីលគ្រូស និងយន្តហោះចម្បាំង។
យោងតាមការប៉ាន់ប្រមាណរបស់មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ បច្ចុប្បន្នកងទ័ពសហរដ្ឋអាម៉េរិកមានមីស៊ីលស្ទាក់ចាប់ Patriot ក្រោម១,០០០គ្រាប់ និងមីស៊ីលស្ទាក់ចាប់ THAAD ក្រោម២៥០គ្រាប់ប៉ុណ្ណោះ ខណៈប្រព័ន្ធការពារអាកាសដ៏សំខាន់ទាំងពីរនេះត្រូវបានយកទៅប្រើយ៉ាងច្រើននៅក្នុងតំបន់មជ្ឈិមបូព៌ានាពេលថ្មីៗនេះ៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស