សហរដ្ឋអាមេរិក

អាមេរិក នឹងចំណាយជិត២ពាន់លានដុល្លារ សងក្រុមហ៊ុនទូរគមនាគមន៍ក្នុងស្រុក ដែលរុះរើឈប់ប្រើផលិតផល Huawei និង ZTE


គណៈកម្មការទំនាក់ទំនងសហព័ន្ធអាមេរិក (FCC) នៅដើមសប្ដាហ៍នេះ បាននិយាយថា ខ្លួននឹងបើកកម្មវិធីមួយដែលមានទំហំទឹកប្រាក់ជិត២ពាន់លានដុល្លារ ដើម្បីផ្ដល់ប្រាក់សំណងទៅឲ្យក្រុមហ៊ុនទូរគមនាគមន៍អាមេរិកទាំងឡាយ ដែលបានដកចោលឧបករណ៍បណ្តាញទូរគមនាគមន៍ ដែលផលិតដោយក្រុមហ៊ុនចិនធំៗចំនួន២ រួមមាន Huawei និង ZTE ចេញពីបណ្ដាញរបស់ខ្លួន ដោយអាមេរិកចាត់ទុកថា ឧបករណ៍របស់ក្រុមហ៊ុនចិនទាំង២នេះ គឺបានគំរាមកំហែងដល់សន្ដិសុខជាតិអាមេរិក។
ក្រុមហ៊ុនចិន Huawei និង ZTE
ដោយ

កម្មវិធី​ដែល​អា​មេ​រិ​ក គ្រោង​នឹង​ដាក់​ឲ្យ​ដំណើរការ​ផ្ដល់​ជា​ប្រាក់​សំណង​នេះ គឺ​នឹង​ត្រូវ​ចាប់ផ្ដើម​ឡើង​ពី​ថ្ងៃ​ទី ២៩ ខែតុលា រហូត​ដល់​ថ្ងៃ​ទី​១៤ ខែមករា​ឆ្នាំ​២០២២​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​រ៉​យ​ទ័​រ​។

គេ​នៅ​ចាំ​បាន​ថា កាលពី​ឆ្នាំ ២០២០ គណៈកម្មការ​ទំនាក់ទំនង​សហព័ន្ធ​អា​មេ​រិ​ក (FCC)  បាន​កំណត់ ក្រុមហ៊ុន​ចិន Huawei និង ZTE ថា ជា​ការ​គំរាមកំហែង​សន្តិសុខ​ជាតិ ដល់​បណ្តាញ​ទំនាក់ទំនង និង បាន​រារាំង​ក្រុមហ៊ុន​អា​មេ​រិ​ក​មិន​ឱ្យ​ទិញ​ឧបករណ៍​បណ្ដាញ​របស់​ក្រុមហ៊ុន​ចិន​ទាំង​ពីរ​នេះ​មក​ប្រើប្រាស់​នោះ​ឡើយ​។ ទន្ទឹម​នេះ គណៈកម្មកា​ទំនាក់ទំនង​សហព័ន្ធ​អា​មេ​រិ​ក ក៏​បាន​អនុម័ត​ច្បាប់ ដែល​តម្រូវ​ឱ្យ​ក្រុមហ៊ុន​ទូរគមនាគមន៍​អា​មេ​រិ​ក ដែល​ប្រើប្រាស់​ឧបករណ៍​បណ្ដាញ Huawei ឬ ZTE ទាំងអស់​ត្រូវ​តែ​រុះរើ និង មិន​ត្រូវ​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​ក្រុមហ៊ុន​ចិន​ទាំង​ពីរ​នេះ​តទៅ​ទៀត​ជា​ដាច់ខាត​។

ប្រការ​នេះ ក៏​បាន​បង្ក​ជា​បញ្ហា​ដ៏​ធំ​មួយ​សម្រាប់​ក្រុមហ៊ុន​ទូរគមនាគមន៍​របស់​អា​មេ​រិ​ក​នៅ​តាម​ជនបទ​ដែល​ប្រឈម​នឹង​ការ​ចំណាយ​ខ្ពស់ និង ពិបាក​ក្នុង​ការ​ស្វែងរក​កម្លាំង​កម្មករ​ដើម្បី​ដក​ចេញ និង ជំនួស​ឧបករណ៍​បណ្ដាញ​របស់​ក្រុមហ៊ុន​ចិន​។

គណៈកម្មការ​ទំនាក់ទំនង​សហព័ន្ធ​អា​មេ​រិ​ក នៅ​ខែកញ្ញា​ឆ្នាំ ២០២០ បាន​ប៉ាន់​ប្រមាណ​ថា វា​អាច​នឹង​ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ ១​ពាន់​៨​រយ​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ដក​ចេញ និង​ជំនួស​ឧបករណ៍​របស់​ក្រុមហ៊ុន Huawei និង ZTE ពី​បណ្តាញ​ទំនាក់ទំនង​របស់​អា​មេ​រិ​ក​។

គួរ​ដឹង​ថា នៅ​ខែមីនា អា​មេ​រិ​កបាន​កំណត់​ក្រុមហ៊ុន​ចិន​ចំនួន ៥ ថា ជា​ការ​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​ក្រោម​ច្បាប់​ឆ្នាំ ២០១៩ សំដៅ​ការពារ​បណ្តាញ​ទំនាក់ទំនង​របស់​អា​មេ​រិ​ក​។ ក្នុង​នោះ ក្រុមហ៊ុន​ចិន​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ គឺ​ក្រុមហ៊ុន Huawei និង ZTE​នេះឯង ដែល​មាន​រកស៊ី​ច្រើន​ជាមួយ​ក្រុមហ៊ុន​នៅ​អា​មេ​រិ​ក​។

សូម​បញ្ជាក់​ថា បទ​បញ្ញា​ត្តិ​ហាមឃាត់​ការ​ប្រើប្រាស់​ឧបករណ៍​របស់​ក្រុមហ៊ុន​ចិន នៅ​ក្នុង​បណ្ដាញ​ទូរគមនាគមន៍​របស់​អា​មេ​រិ​ក​នេះ គឺ​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​អតីត​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ នៅ​ឆ្នាំ​២០២០ ក្រោយ​លោក​ត្រាំ​ចោទ​ថា​ក្រុមហ៊ុន​នេះ គឺ​មានការ​គំរាមកំហែង​ដល់​សន្ដិសុខ​ជាតិ​របស់​អា​មេ​រិ​ក​៕

អត្ថបទ៖ ស៊ើងនិមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Panasonic នឹងកាត់បន្ថយការងារបុគ្គលិកចំនួន ១.៧០០ កន្លែង នៅជប៉ុន និងសិង្ហបុរី

ព័ត៌មាន
ក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុន Panasonic បានសម្រេចចិត្តកាត់បន្ថយការងារបុគ្គលិក ១.៧០០ កន្លែងនៅរោងចក្រប្រទេសជប៉ុន និងសិង្ហបុរី តាមរយៈកម្មវិធី…

តើវៀតណាមនឹងត្រូវថវិកាប៉ុន្មានទៀត ដើម្បីគាំទ្រដល់ពលរដ្ឋ និងអាជីវកម្មរងគ្រោះដោយសារកូវីដ១៩ និងការស្ដារសេដ្ឋកិច្ច?

ព័ត៌មាន
វៀតណាម ជាប្រទេសមួយស្ថិតនៅក្នុងចំណោមប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលកំពុងមានករណីឆ្លងរីករាលដាលកូវីដ១៩ធ្ងន់ធ្ងរជាងគេ ជាមួយនឹងករណីឆ្លងថ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ