វិស័យដឹកជញ្ជូន

សភាពាណិជ្ជកម្មអាម៉េរិក ប្រចាំកម្ពុជា បង្ហាញក្ដីបារម្ភយ៉ាងខ្លាំង និងស្នើស្ថានទូតអាម៉េរិក នៅកម្ពុជា ឱ្យជួយ ក្រោយយោធាថៃ ព្រមានបិទផ្លូវដឹកជញ្ជូនតាមសមុទ្ររបស់កម្ពុជា


ប្រធានសភាពាណិជ្ជកម្មអាម៉េរិក ប្រចាំកម្ពុជា បានបង្ហាញក្ដីបារម្ភយ៉ាងខ្លាំងពាក់ព័ន្ធនឹងការកំណត់ របស់យោធាថៃ ដែលថា កំពង់ផែរបស់កម្ពុជា ជាទីតាំងមាន «ហានិភ័យខ្ពស់ » និង បិទផ្លូវដឹកជញ្ជូនប្រេងឥន្ធនៈ និងទំនិញផ្សេងទៀតមកកាន់កម្ពុជា។
វិស័យដឹកជញ្ជូន
ដោយ

ប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំកម្ពុជា លោក Casey Barnett បានលើកឡើងយ៉ាងដូច្នេះ នៅក្នុងលិខិតមួយ ដែលបាន ផ្ញើជូនលោកស្រី Bridgette Walker ភារធារីនៃស្ថានទូតអាម៉េ​រិក ប្រចាំនៅភ្នំពេញ នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៥ ដើម្បីស្នើឱ្យស្ថានទូត បញ្ជូនសារទៅរដ្ឋាភិបាលអាម៉េរិក ឱ្យបានឆាប់ អំពីក្ដីបារម្ភរបស់ក្រុមហ៊ុនអាម៉េរិក ចំពោះស្ថានការដែលកំពុងតានតឹងខ្លាំងនាពេលនេះ។

បើតាមការគូសបញ្ជាក់របស់លោក Barnett បច្ចុប្បន្នមានអាជីវកម្ម ដែលគ្រប់គ្រងដោយជនជាតិអាម៉េរិក និងបានចុះបញ្ចីនៅកម្ពុជា សរុប ចំនួន ៨៦៥ ក្រុមហ៊ុន ហើយក្រុមហ៊ុនរាប់រយទៀតកំពុងធ្វើការជាមួយនឹងក្រុមហ៊ុនផលិតរបស់កម្ពុជា ដើម្បីផលិតទំនិញសម្រាប់ម៉ាកយីហោអាម៉េរិក។ ក្រុមហ៊ុនទាំងនេះ បានវិនិយោគរាប់ពាន់លានដុល្លារ នៅក្នុងប្រទេសកម្ពុជា និងបានផ្គត់ផ្គង់ផលិតផល និងសេវាកម្ម ដែលមានគុណភាពខ្ពស់ តម្លៃសមរម្យ សម្រាប់អ្នកប្រើប្រាស់ជាប្រជាជនអាម៉េរិកកាំង រួមទាំងកម្ពុជា ផងដែរ។

ប្រធានសភាពាណិជ្ជកម្មអាម៉េរិក ប្រចាំកម្ពុជា រូបនេះ ក៏បានគូសរំលេចអំពីទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក និងកម្ពុជា ដែលបាននិងកំពុងរីកចម្រើនយ៉ាងខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសនៅក្នុងឆ្នាំ ២០២៥ ដោយប្រទេសទាំងពីរមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពី ពាណិជ្ជកម្មបដិការ ជាមួយគ្នា។ បន្ថែមពីនេះ ក៏មានជនជាតិអាម៉េ​រិករាប់ពាន់នាក់កំពុងរស់នៅក្នុងប្រទេសកម្ពុជា ជាមួយគ្រួសារ កូនៗ និងមនុស្សជាទីស្រលាញ់របស់ពួកគេ។ ជនជាតិអាម៉េ​រិក បានបង្កើតសាលារៀន និងសេវាថែទាំសុខភាពមួយចំនួននៅក្នុងប្រទេសកម្ពុជា ផងដែរ។

ដូច្នេះហើយ លោក Barnett ពិតជាមានក្ដីបារម្ភជាពន់ពេក ចំពោះសេចក្តីថ្លែងការណ៍របស់យោធាថៃ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ដោយគំរាមកំហែងនឹងកំណត់កំពង់ផែរបស់កម្ពុជាថា ជាហានិភ័យខ្ពស់ និងបិទផ្លូវដឹកជញ្ជូនប្រេងឥន្ធនៈ និងទំនិញផ្សេងទៀតតាមសមុទ្រ។

លោក Barnett បាននិយាយថា៖ «ការបិទផ្លូវប្រេងឥន្ធនៈនឹងមានផលវិបាកយ៉ាងធ្ងន់ធ្ងរដល់គ្រួសារ និងអាជីវកម្មអាម៉េ​រិកនៅក្នុងប្រទេសកម្ពុជា។ អាជីវកម្មអាម៉េ​រិកនឹងបិទទ្វារ គ្រួសារអាម៉េ​រិកនឹងប្រឈមមុខនឹងបញ្ហាក្នុងការបំពេញតម្រូវការដឹកជញ្ជូន និងថាមពលប្រចាំថ្ងៃជាមូលដ្ឋាន រួមទាំងសម្រាប់សាលារៀន និងការព្យាបាលវេជ្ជសាស្ត្រផងដែរ ហើយ ជនស៊ីវិលអាម៉េ​រិកនឹងរងទុក្ខ»។

យោងតាមលោក Barnett ពាណិជ្ជកម្មភាគច្រើនរវាងសហរដ្ឋអាម៉េ​រិក និងកម្ពុជា ត្រូវបានធ្វើឡើងតាមរយៈការដឹកជញ្ជូនតាមសមុទ្រ។ ការកំណត់កំពង់ផែស៊ីវិលរបស់កម្ពុជាថា ជាហានិភ័យខ្ពស់នឹងធ្វើឱ្យថ្លៃធានារ៉ាប់រង និងការដឹកជញ្ជូនមិនអាចមានលទ្ធភាពទិញបាន ដែលនឹងបំផ្លាញពាណិជ្ជកម្មដែលកំពុងរីកចម្រើនរវាងសហរដ្ឋអាម៉េ​រិក និងកម្ពុជា។

របាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៥ គិតចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៥ ពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក មានទំហំជាង ជិត ១២ពាន់លានដុល្លារ កើនឡើងជិត ២៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ ក្នុងនោះ កម្ពុជាបាននាំចេញទៅអាម៉េរិក ក្នុងតម្លៃជាទឹកប្រាក់សរុបជាង ១១ ពាន់លានដុល្លារអាម៉េ​រិក បានកើនឡើងជាង ២៧% ខណៈនាំចូលពីសហរដ្ឋអាម៉េរិកមកវិញ មានតម្លៃជាង ៣៦៧លានដុល្លារ កើនឡើងជាង ៥០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤៕




អត្ថបទបន្ទាប់


យោធាថៃ ប្រកាសរឹតបន្តឹងដែនសមុទ្រ ដើម្បីទប់ស្កាត់ការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងទំនិញយុទ្ធសាស្ត្រដល់កម្ពុជា

យោធាជើងទឹកថៃ បានបញ្ជាក់នៅថ្ងៃចន្ទ ដើមសប្តាហ៍នេះថា យោធាថៃ ពិតជាបានចាត់វិធានការរឹតបន្តឹងនៅឈូងសមុទ្រថៃ មែន ប៉ុន្តែគ្រាន់តែដើម្បីផ្ដល់ដំណឹ…

ក្រុមធុរកិច្ចថៃ ព្រមានថា ការផ្លាស់ប្តូរទៅជារដ្ឋាភិបាលចាំផ្ទះនឹងធ្វើឱ្យសេដ្ឋកិច្ចថៃ ដាំក្បាលចុះ និងធ្វើឱ្យការចរចាពន្ធគយជាមួយអាម៉េរិក ត្រូវពន្យារពេល

ស្របពេលដែលកងទ័ពថៃ កំពុងជាប់ដៃចូលឈ្លានពានកម្ពុជា ទាំងកម្រោលផ្អើលដល់សហគមន៍អន្តរជាតិ ថ្នាក់ដឹកនាំធុរកិច្ចថៃ កំពុងស្លន់ស្លោ ហើយបានសម្តែងការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ