វៀតណាមមើលឃើញឱកាសនាំចេញផលិតផលសមុទ្រទៅប្រទេសចិន

វៀតណាមមើលឃើញឱកាសនាំចេញអាហារសមុទ្រទៅចិន ចំពេលចិនហាមឃាត់ការនាំចូលពីជប៉ុន


ប្រទេសវៀតណាម ដែលជាប្រទេសនាំចេញអាហារសមុទ្រធំមួយនៅក្នុងតំបន់ បានសម្លឹងឃើញឱកាសនៅក្នុងការនាំចេញផលិតផលអាហារសមុទ្ររបស់ខ្លួនទៅកាន់ទីផ្សារប្រទេសចិន នៅចំពេលដែលទីក្រុងប៉េកាំងបានសម្រេចហាមឃាត់ការនាំចូលគ្រឿងសមុទ្រពីប្រទេសជប៉ុន ក្រោយពេលដែលទីក្រុងតូក្យូបានបង្ហូរទឹកកាកសំណល់វិទ្យុសកម្មចូលក្នុងសមុទ្រ។
វៀតណាមមើលឃើញឱកាសនាំចេញផលិតផលសមុទ្រទៅប្រទេសចិន
ដោយ

បើទោះបីជា វាជាឱកាសសម្រាប់វៀតណាមក្នុងការបង្កើនការនាំចេញអាហារសមុទ្រទៅកាន់ប្រទេសចិនក្ដី ប៉ុន្ដែ គេរំពឹងថា ការនាំចេញនឹងមិនមានច្រើននោះទេ ដ្បិតថា បច្ចុប្បន្នតម្រូវការទីផ្សារនៅក្នុងចិនមានការធ្លាក់ចុះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌ មាន VNExpress។

កាលពីថ្ងៃទី២៤ ខែសីហា ប្រទេសចិនបានដាក់បម្រាមទាំងស្រុងលើផលិតផលអាហារសមុទ្ររបស់ជប៉ុន បន្ទាប់ពីប្រទេសនេះ បានចាប់ផ្តើមបញ្ចេញទឹកវិទ្យុសកម្មដែលបានចម្រោះរួច ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ៊្វូគូស៊ីម៉ា ចូលទៅក្នុងសមុទ្រ។ ទីក្រុងហុងកុង និងម៉ាកាវ ក៏បានប្រកាសហាមប្រានាំចូលអាហារសមុទ្រមកពីតំបន់ចំនួន១០នៅប្រទេសជប៉ុនផងដែរ។
នាយកប្រតិបត្តិនៃក្រុមហ៊ុននាំចេញអាហារសមុទ្រវៀតណាម មួយនៅក្នុងទីក្រុងញ៉ាត្រា (Nha Trang) នៅភាគកណ្តាលប្រទេសវៀតណាមបាននិយាយថា ការហាមឃាត់នេះ អាចជួយបង្កើនការនាំចេញផលិតផលសមុទ្រមួយចំនួនរបស់វៀតណាម ដូចជាត្រីធូណាជាដើម។

នាយកប្រតិបត្តិដដែលនេះបាននិយាយថា កន្លងមកការបញ្ជាទិញត្រីធូណាពីអ្នកទិញនៅក្នុងប្រទេសចិន កើនឡើងចំនួន១៥% ក្នុងមួយឆ្នាំនេះ ប៉ុន្តែតម្រូវការបង្គា និងត្រីមឹកនៅតែមានកម្រិតទាបជាងឆ្នាំមុន ២០%ជាដដែល។
ទោះយ៉ាងណា ឧស្សាហកម្មមួយចំនួនទៀតនៅក្នុងប្រទេសវៀតណាមក៏បាននិយាយដែរថា ការហាមប្រាមរបស់ចិនចំពោះអាហារសមុទ្រនាំចូលពីជប៉ុននេះ អាចផ្តល់ឱកាសដល់អាហារសមុទ្រវៀតណាម ប៉ុន្តែគ្រាន់តែបន្តិចបន្តួចប៉ុណ្ណោះ ព្រោះប្រទេសជប៉ុនគ្រាន់តែជាអ្នកនាំចេញអាហារសមុទ្រដ៏តូចមួយទៅកាន់ទីផ្សារចិន។

កាលពីឆ្នាំមុន ប្រទេសជប៉ុនមានចំណែក៣% នៃការនាំចូលអាហារសមុទ្រទៅកាន់ប្រទេសចិន ខណៈដែលប្រទេសអេក្វាឌ័រមានចំណែកជិត១៩% និងរុស្ស៊ីមានអត្រាជាង១៤% ព្រមទាំងវៀតណាមមានចំណែកជិត ៩%។
ប្រភេទត្រីប្រា ត្រូវបានគេចាត់ទុកជាប្រភេទអាហារសមុទ្រ ដែលមានការនាំចេញដ៏សំខាន់មួយរបស់វៀតណាម ប៉ុន្តែគេមិនបានឃើញមានការកើនឡើងគួរឱ្យកត់សម្គាល់ណាមួយក្នុងការដឹកជញ្ជូនត្រីប្រភេទនេះ ទៅកាន់ប្រទេសចិនទេ នៅចំពេលទីផ្សារមានតម្រូវការទាប។ នេះបើតាមរបាយការណ៍របស់ក្រុមស្រាវជ្រាវ SSI Research នៅប្រទេសវៀតណាម។

ឧស្សាហកម្មគ្រឿងសមុទ្រវៀតណាមបាននិងកំពុងប្រឈមនឹងឆ្នាំដ៏លំបាកមួយ ដោយសារតម្រូវការពីទីផ្សារធំៗដូចជាសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសចិនជាដើម បានធ្លាក់ចុះ ចំពេលមានការកើនឡើងអតិផរណា និងបញ្ហាប្រឈមសេដ្ឋកិច្ច។
យោងតាមសមាគមអ្នកនាំចេញ និងផលិតករអាហារសមុទ្រវៀតណាម (VASEP) បានឱ្យដឹងថា ការនាំចេញប្រភេទត្រីប្រា ទៅប្រទេសចិនបានធ្លាក់ចុះ៣២% កាលពីឆ្នាំមុន ដោយមានតម្លៃនាំចេញមកនៅត្រឹម ៣២៥លានដុល្លារ ហើយបង្គាបានធ្លាក់ចុះ៩% មកនៅត្រឹម៣៣៨លានដុល្លារ។

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


តើមូលនិធិរូបិយវត្ថុអន្តរជាតិផ្តល់អនុសាសន៍អ្វីខ្លះដល់អាស៊ាន ដើម្បីឲ្យតំបន់រួចផុតពីបញ្ហាប្រឈមសេដ្ឋកិច្ចពិភពលោក?

ព័ត៌មាន
ខណៈដែលស្ថានភាពសេដ្ឋកិច្ចពិភពលោករកកលនឹងធ្លាក់ចូលទៅក្នុងវិបត្តិ លោកស្រី គ្រីស្តាលីណា ចចជីវ៉ា (Kristalina Georgieva) នាយកគ្រប់គ្រងនៃមូលនិធ…

សហរដ្ឋអាមេរិកថា កូរ៉េខាងជើងនឹងទទួល«រងផលវិបាក» បើសិនជាហ៊ានផ្គត់ផ្គង់សព្វាវុធទៅឱ្យរុស្ស៊ី

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអង្គារ ទី៦ កញ្ញា ថា ការចរចាទិញលក់អាវុធរវាងរុស្ស៊ី និងកូរ៉េខាងជើង កំពុងដំណើរការយ៉ាងសកម្ម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ