សេដ្ឋកិច្ច​អាពាហ៍ពិពាហ៍!

ដឹងទេថា ពិធី​​មង្គល​ការ​​មួយ​​នៅ​ភ្នំពេញ​ត្រូវ​ចំណាយ​អស់​​ប៉ុន្មាន?


ការ​ចំណាយ​លើ​ការ​រៀប​អាពាហ៍​ពិពាហ៍​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា អស់​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់ បើធៀប​នឹង​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត ដែល​មិន​សូវ​មាន​ចំណាយ​ហ៊ឹកហ៊ាក់​លើ​ការ​រៀប​មង្គល​ការ​នោះ​ទេ។
បុគ្គលិក​ក្រុមហ៊ុន​បម្រើ​សេវា​ម្ហូប​ការប្រជុំ​គ្នា​ត្រៀម​ខ្លួន​បម្រើ​ម្ហូប​ភ្ញៀវ​ក្នុង​ពិធី​មង្គល​ការមួយ។
ដោយ

យ៉ាង​ណា​ក៏​ដោយ ការ​ចំណាយ​លើ​ការ​រៀបចំ​មង្គលការ​នៅ​កម្ពុជា ត្រូវ​បាន​អ្នក​ជំនាញ​ប៉ាន់​ស្មាន​ថា មាន​រហូត​ដល់​រាប់​រយ​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ ខណៈ​ដែល​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា​ជាង ១៥​លាន​នាក់ ប្រជាជន​ដែល​មាន​អាយុ​ស្ថិត​ក្នុង​វ័យ​រៀបការ​មាន​រហូត​ដល់​មួយ​ភាគ​បី​នៃ​ចំនួន​ប្រជាជន​សរុប។ 

លោក ទូច រដ្ឋា ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​អាជីវកម្ម​ សេងហុក ហេង ដែល​មាន​បម្រើ​អាហារ​សម្រាប់​កម្មវិធី​អាពាហ៍​ពិពាហ៍​និង​កម្មវិធី​ផ្សេងៗ​ទៀត បាន​លើក​ឡើង​ថា កំណើន​នៃ​ការ​ចំណាយ​លើ​ការ​រៀបចំ​អាពាហ៍​ពិពាហ៍​នៅ​កម្ពុជា​ហាក់​មាន​សន្ទុះ​ជា​វិជ្ជមាន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដែល​វា​ក៏​បាន​ឆ្លុះ​បង្ហាញ​ឲ្យ​ឃើញ​ពី​កំណើន​ប្រជាជន ក៏​ដូចជា​ជីវភាព​រស់នៅ​កាន់​តែ​ល្អ​ប្រសើរ​ជាង​មុន។ 

ម្ចាស់​អាជីវកម្ម​ផ្នែក​សេវា​រៀបចំ​អាហារ​និង​តុការ​រូប​នេះ បាន​ប៉ាន់​ស្មាន​ថា ការ​ចំណាយ​សម្រាប់​ការ​រៀបចំ​កម្មវិធី​មង្គលការ​នៅ​រាជ​ធានី​ភ្នំពេញ​នា​ពេល​បច្ចុប្បន្ន​នេះ ជា​មធ្យម​មាន​ចន្លោះ​ពី​ ១៥.០០០​ដុល្លារ ទៅ ២០.០០០​ដុល្លារ ដោយ​ការ​ចំណាយ​នេះ​ត្រូវ​បាន​បូករួម​ជា​កញ្ចប់​តែ​ម្ដង រួម​មាន​ដូចជា ថ្លៃ​អាហារ​ហូប​ចុក សម្អាងការ ភ្លេង​បុរាណ​និង​សម័យ ការ​រៀបចំ​តុប​តែង​រោងការ និង​ការ​ជួល​ទីតាំង​ជា​ដើម។

លោក ទូច រដ្ឋា អ្នក​គ្រប់គ្រង​អាជីវកម្ម​ធ្វើម្ហូប​ការ សេងហុក ហេង។

លោក​បាន​គូស​បញ្ជាក់​ទៀត​ថា សម្រាប់​អ្នក​មាន​ទ្រព្យ​ធន​ច្រើន ឬ​ហៅ​ថា អភិជន បច្ចុប្បន្ន​នេះ អាច​មាន​ចំណាយ​លើ​ការ​រៀបចំ​ពិធី​មង្គល​ការ​នេះ រហូត​ដល់​រាប់​សែន ឬ​លាន​ដុល្លារ​ក៏​មាន​ដែរ។

លោក ទូច រដ្ឋា បាន​បន្ថែម​ទៀត​ថា សម្រាប់​ឆ្នាំ​នេះ លោក​ទទួល​បាន​អតិថិជន​ជា​មធ្យម​មិន​ក្រោម ៣០​រោងការ​នោះ​ទេ ក្នុង​មួយ​ខែៗ។ ស្រប​ពេល​ដែល​តម្រូវការ​នៃ​សេវាកម្ម​រៀបចំ​មង្គលការ​មាន​កំណើន​ឥត​ឈប់​ឈរ ក៏​បាន​ធ្វើ​ឲ្យ​អ្នក​ប្រកប​អាជីវកម្ម​ក្នុង​វិស័យ​នេះ ក៏​មាន​សន្ទុះ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ផង​ដែរ។ 

តួយ៉ាង ប្រធាន​គ្រប់គ្រង​ទូទៅ​អាជីវកម្ម សេងហុក ហេង ដដែល​នេះ បាន​លើក​ឡើង​ថា បច្ចុប្បន្ន ក្រៅពី​អាជីវកម្ម​ផ្ដល់​សេវា​លើ​ម្ហូប​អាហារ​សម្រាប់​ពិធី​មង្គលការ ក៏​មាន​អាជីវកម្ម​មួយ​ចំនួន​ទៀត​ក្នុង​វិស័យ​នេះ កំពុងតែ​មាន​សក្ដានុពល​ខ្លាំង​ផង​ដែរ ដូចជា ការ​ជួល​ទីតាំង​សម្រាប់​រៀងចំ​ពិធី​មង្គលការ សេវា​សម្អាងការ និង​សេវា​រៀបចំ​តុប​តែង​រោងការ​ដោយ​ប្រើ​ផ្កា​ស្រស់​ជា​ដើម។

ជាមួយ​គ្នា​នេះ​ដែរ ម្ចាស់​ហាង​លក់​ផ្កា​ស្រស់​មួយ​កន្លែង​នៅ​រាជ​ធានី​ភ្នំពេញ យីហោ​នីនី ផ្កាស្រស់​១៦៨ បាន​លើក​ឡើង​ដែរ​ថា សម្រាប់​ការ​ជ្រើសរើស​ផ្កា​ស្រស់​យក​ទៅ​តុបតែង​ក្នុង​កម្មវិធី​មង្គល​ការ​នា​ពេល​បច្ចុប្បន្ន​នេះ ជា​មធ្យម​អាច​ចំណាយ​ពី​ ២​ពាន់​ដុល្លារ ទៅ​៥​ពាន់​ដុល្លារ ខណៈ​ដែល​ពិធី​មង្គល​ការ​ធំៗ អាច​ឈាន​ដល់​ចំណាយ​រាប់​ម៉ឺន​ដុល្លារ​ឯណោះ។ 

ម្ចាស់ហាង​លក់​ផ្កា​ស្រស់​រូប​នេះ បាន​បន្ថែម​ថា ផ្កា​ស្រស់​ភាគ​ច្រើន គឺ​ត្រូវ​បាន​នាំចូល​មក​ពី​ប្រទេស​ចិន​និង​ថៃ ហើយ​មាន​ចំនួន​តិចតួច​បំផុត​ដែល​មាន​ដាំដុះ​នៅ​ក្នុង​ស្រុក។ មិន​តែ​ប៉ុណ្ណោះ ពេល​បច្ចុប្បន្ន​នេះ ផ្កា​ស្រស់​ហាក់​មាន​ភាព​ពេញ​និយម​សម្រាប់​ការ​តុបតែង​រោងការ បើ​ធៀប​នឹង​ផ្កា​ក្រដាស ឬ​ផ្កា​ជ័រ។  

ដ្បិតថា ការ​រៀបចំ​មង្គលការ​នៅ​កម្ពុជា​ត្រូវ​បាន​ចំណាយ​ច្រើន​ក៏​ពិត​មែន ប៉ុន្ដែ វា​ក៏​បាន​ចូលរួម​ចំណែក​ក្នុង​ការ​បង្កើត​ឱកាស​ការងារ​ជា​ច្រើន​សម្រាប់​ប្រជាជន​កម្ពុជា ក៏​ដូចជា​ការ​ផ្សារ​ភ្ជាប់​ទៅ​នឹង​ទំនាក់​ទំនង​ផ្នែក​វប្បធម៌ និង​ប្រពៃណី​ទំនៀម​ទម្លាប់​ផង​ដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្នុង​​អាស៊ាន តើ​ប្រទេស​ណា​មានតំបន់​​​បេតិកភណ្ឌ​ពិភព​លោក​ច្រើន​ជាង​គេ? កម្ពុជា​មាន​០៣!

ព័ត៌មាន
ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១៧ ប្រាសាទ​បុរាណ​ខ្មែរ​មួយ​ទៀត ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​​របស់​អង្គការ​ យូណេស្កូ។…

អចលន​ទ្រព្យ​កម្ពុជា--ពី​អ្វី​​ដែល​គេ​មិន​ធ្លាប់​​ស្គាល់​សោះ ក្លាយ​ជា​វិស័យ​នាំមុខ​គេ!

ព័ត៌មាន
អ្នក​ជំនាញ​ប្រកប​អាជីវកម្ម​ទាក់ទង​នឹង​សេវា​ការ​ទិញ​លក់​អចលន​ទ្រព្យ​នៅ​កម្ពុជា ដែល​មាន​បទ​ពិសោធន៍​២​ទសវត្ស​មក​ហើយ​នោះ បាន​ឲ្យ​ដឹង​ថា …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ