អត្ថបទក្រុមហ៊ុន

តើម្ចាស់អាជីវកម្មត្រូវរៀបចំអ្វីខ្លះ ដើម្បីអាចមានលទ្ធភាពខ្ពស់ទទួលបានដើមទុនកម្ចីពីធនាគារ?


ខ្វះខាតដើមទុន គឺជាបញ្ហាប្រឈមធំមួយសម្រាប់ម្ចាស់អាជីវកម្មនាពេលបច្ចុប្បន្ន ក្នុងការចាប់ផ្ដើម ឬពង្រីកអាជីវកម្មឲ្យរីកធំធាត់។ ប៉ុន្ដែ បញ្ហានេះ អាចដោះស្រាយទៅបានយ៉ាងងាយស្រួល ប្រសិនបើម្ចាស់អាជីវកម្ម មានភាពច្នៃប្រឌិត និងរៀបចំខ្លួនបានត្រឹមត្រូវ ដើម្បីស្វែងរកប្រភពទុនសម្រាប់អាជីវកម្ម ពិសេសប្រភពទុនពីគ្រឹះស្ថានធនាគារ។
តើម្ចាស់អាជីវកម្មត្រូវរៀបចំអ្វីខ្លះ ដើម្បីអាចមានលទ្ធភាពខ្ពស់ទទួលបានដើមទុនកម្ចីពីធនាគារ?
ដោយ

អ្នកយកព័ត៌មាន​របស់​ខេមបូណូមីស បានជួបសម្ភាសន៍ លោក ហុង ជៀប នាយក​សេវាហិរញ្ញវត្ថុ​ពាណិជ្ជកម្ម នៃធនាគារ CIMB ដើម្បីឲ្យលោក​ពន្យល់លម្អិតជុំវិញ ការត្រៀមរៀបចំខ្លួន​​របស់​ម្ចាស់អាជីវកម្ម​ ដើម្បី​ស្វែងរក​ប្រាក់កម្ចីពីធនាគារ សម្រាប់ប្រើប្រាស់ក្នុងការចាប់ផ្ដើម ឬពង្រីកអាជីវកម្ម​។

ខេមបូណូមីស៖ បញ្ហាខ្វះទុន គឺជាបញ្ហា​ប្រឈមធំមួយ ក្នុងចំណោម​បញ្ហាប្រឈម​ផ្សេងៗទៀត​ដែល​ម្ចាស់​អាជីវកម្ម​ខ្នាតតូច និងមធ្យមតែងតែជួបប្រទះ។ តើលោកយល់ថាកត្តាអ្វីខ្លះ ដែលធ្វើឲ្យម្ចាស់​​អាជីវកម្មមួយ​ចំនួន​ពិបាកក្នុង​ការស្វែងរក​ប្រភពទុន? ហើយម្ចាស់អាជីវកម្ម ត្រូវធ្វើដូចម្តេចដើម្បីបានប្រភពទុន?

លោក ហុង ជៀប៖ ជាការពិតណាស់ សហគ្រាសភាគច្រើនតែងជួបបញ្ហាកង្វះទុន ហើយ​ការខ្វាតខាតដើមទុន នៃអាជីវកម្ម​វាមានទៅតាមដំណាក់កាលផ្សេងៗគ្នាដូចជា ពេលចាប់ផ្ដើមអាជីវកម្ម និងពេលពង្រីកខ្លួនឲ្យកាន់តែធំ។ ប្រសិនបើមិនមែនដើមទុនទេ ច្បាស់ណាស់ម្ចាស់អាជីវកម្ម​មិនអាច​ធ្វើឲ្យអាជីវកម្ម​របស់ខ្លួន អាចរីកចម្រើន​បានឡើយ។ ចំពោះប្រភពដើមទុន ដែលអាចរកមកបាន គឺទីមួយ គឺម្ចាស់អាជីវកម្មខ្លួនឯងអាចប្រមែរ​ប្រមូលសាច់ប្រាក់របស់ខ្លួន ដែលមាន​ដាក់ធ្វើជាដើមទុនសម្រាប់អាជីវកម្ម និងទី២ គឺខ្ចីពីប្រភពខាងក្រៅ ហើយក្នុងនោះ ធនាគារ គឺជាជម្រើស​ដៃគូដ៏ល្អមួយ សម្រាប់​ម្ចាស់អាជីវកម្ម ​។

ខេមបូណូមីស៖ តើអាជីវកម្មមានលក្ខណៈពិសេសបែបណា ទើបអាចមានលទ្ធភាពខ្ពស់ទទួល​បានដើមទុនកម្ចីពីធនាគារ?

លោក ហុង ជៀប៖ បើទោះបីជាធនាគារ ជាប្រភពហិរញ្ញវត្ថុដ៏ល្អសម្រាប់សហគ្រាសខ្នាតតូច និងមធ្យមក៏ដោយចុះ ប៉ុន្ដែមិនមែនមានន័យថា គ្រប់ម្ចាស់អាជីវកម្ម​សុទ្ធតែអាចទទួលបានកម្ចី​ពីធនាគារនោះទេ។ អាជីវកម្ម​ដែលអាច​មានលទ្ធភាពខ្ពស់ទទួលបាន​កម្ចីពីធនាគារ ចាំបាច់​ត្រូវមានការចុះបញ្ជី​ស្នាម​ត្រឹមត្រូវតាមផ្លូវច្បាប់, មាន​របាយការណ៍​ចំណូលចំណាយ ឬផែនការអាជីវកម្ម​ច្បាស់លាស់ និងមានទ្រព្យ​បញ្ចាំជាដើម​។ ឯកសារទាំងអស់នេះ គឺពិតជាមានសារសំខាន់ណាស់សម្រាប់​ធនាគារ ដើម្បីសិក្សាមើលថា តើអាជីវកម្មនោះ អាចទទួលបាន​កម្ចី ឬក៏អត់ ឬអាចខ្ចីបានក្នុងទំហំទឹកប្រាក់ប៉ុន្មាន?

ខេមបូណូមីស៖ តើនៅធនាគារ CIMB ផ្ទាល់ អាចផ្ដល់កម្ចីដល់ម្ចាស់អាជីវកម្មក្នុងទំហំធំបំផុតប៉ុន្មាន? ហើយធនាគារ​មានការផ្ដល់ជូនលក្ខខណ្ឌពិសេសអ្វីខ្លះ?

លោក ហុង ជៀប៖ ជាទូទៅគ្រឹះស្ថានធនាគារ រួមទាំងធនាគារ CIMB គឺបានចូលរួម​យ៉ាងសកម្ម​ជាមួយ​រាជរដ្ឋាភិបាល​នៅក្នុងការ​ផ្ដល់កម្ចី​ទៅកាន់សហគ្រាសខ្នាតតូច និងមធ្យម ដ្បិតវិស័យនេះ គឺជាឆ្អឹងខ្នង​ដ៏សំខាន់​សម្រាប់សេដ្ឋកិច្ចជាតិ។ នៅធនាគារ CIMB ការផ្ដល់កម្ចី គឺមានភាពបន់បែន​ ដោយម្ចាស់​អាជីវកម្ម​អាចខ្ចីបានក្នុងទំហំទឹកប្រាក់ធំ​រហូតដល់ ៥០ម៉ឺនដុល្លារ ឬអាចលើសនេះ ទៅតាមភាពជាក់ស្ដែង​នៃលក្ខណៈសម្បត្តិរបស់អាជីវកម្មនោះ។ ក្រៅតែពីអាចខ្ចីបានក្នុងទំហំទឹកប្រាក់ធំ​រហូតដល់ ៨០% នៃទ្រព្យបញ្ចាំហើយនោះ ការទូទាត់សងត្រឡប់ប្រាក់កម្ចីនៅ​ធនាគារ CIMB ដូចជា ការសងប្រចាំខែ ឬត្រីមាស គឺមានទំហំតូច ដែលអាចជួយសម្រួលបន្ទុកហិរញ្ញវត្ថុ​សម្រាប់​ម្ចាស់អាជីវកម្មផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ នៅ ធនាគារ CIMB ដូចខ្ញុំបញ្ជាក់មុននេះ គឺយើងមានភាពបន់បែនសម្រាប់អតិថិជន ដូច្នេះ សូម្បីតែ ម្ចាស់អាជីវកម្ម ដែលមិនមានទ្រព្យបញ្ចាំ ក៏នៅតែអាចដាក់​ពាក្យស្នើសុំកម្ចីពីធនាគារ CIMB បានដែរ ប្រសិនបើអាជីវកម្មនោះ មានលទ្ធភាពសងត្រឡប់ល្អ និងមាន​ប្រវត្តិសងប្រាក់កម្ចីល្អ ហើយស្ថិតនៅក្នុង​​វិស័យ ដែលរាជរដ្ឋាភិបាល​មានការលើកទឹកចិត្ត ពិសេស​មានការធានាពីសាជីវកម្ម ធានាឥណទានកម្ពុជា (CGCC)។

សូមបញ្ជាក់ថា ធនាគារ CIMB គឺជាធនាគារថ្នាក់តំបន់មួយ ដែលបានឈានជើងចូលទីផ្សារកម្ពុជា​ជាង១ទសវត្សរ៍​មកហើយ។​ បច្ចុប្បន្ន ធនាគារមានសាខាចំនួន ១៤កន្លែង នៅក្នុងរាជធានី/ខេត្តសំខាន់ៗចំនួន ៥ រួមមាន រាជធានីភ្នំពេញ ខេត្តសៀមរាប, ព្រះសីហនុ, កំពង់ចាម, និងបាត់ដំបង។ ជាមួយនឹងអតិថិជនទាំងបុគ្គលសរុប​ប្រមាណ ៣,៥ ម៉ឺននាក់ ធនាគារ ស៊ីអាយអិមប៊ី មានផ្តល់ជូនសេវាកម្ម និងផលិតផលធនាគារដ៏ទូលំទូលាយ រួមមានសេវាកម្មហិរញ្ញវត្ថុ​បុគ្គល សេវាកម្មហិរញ្ញពាណិជ្ជកម្ម ព្រមទាំងសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម សេវាប្រតិបត្តិការ និងគ្រឹះស្ថានហិរញ្ញវត្ថុផងដែរ។

តាមទិន្នន័យ​ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បង្ហាញថា គិតត្រឹម​ឆ្នាំ២០២៣ ស្ថិតិសហគ្រាសខ្នាតតូច និងមធ្យម និងសិប្បកម្ម ​មានចំនួនសរុបជិត ៤,៥ ម៉ឺនមូលដ្ឋាន និងមាន​ពលកម្មសរុប​ជាង ​៤៦ម៉ឺននាក់។ ទោះយ៉ាងណា នៅមានសហគ្រាសខ្នាតូច និងមធ្យម​ជាច្រើនទៀត នៅមិនទាន់បាន​ចុះបញ្ជីត្រឹមត្រូវនោះឡើយ ហើយរាជរដ្ឋាភិបាលនាពេលកន្លងមក​ក៏បានអំពាវនាវ​ឲ្យ​ម្ចាស់សហគ្រាសទាំងនោះ មកចុះបញ្ចីឲ្យបានត្រឹមត្រូវតាមច្បាប់ ដើម្បីអាចទទួលបាន​ការលើកទឹកចិត្តផ្សេងៗ​ពីរដ្ឋ៕

ទស្សនាវីដេអូ៖

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មោទកភាពក្នុងនាមជាសហគ្រិនខ្មែរ ដែលបានផលិត និងនាំចេញផលិតផល Made in Cambodia ទៅកាន់ទីផ្សារអន្តរជាតិជាបន្តបន្ទាប់

ព័ត៌មាន
ជាជោគជ័យ មួយជំហានមួយទៀតហើយ របស់ក្រុមហ៊ុន ខ្មែរ ប៊ែរវើរីជីស ក្នុងការនាំយក ម៉ាកយីហោផលិតផលរបស់ខ្មែរ «Made in Cambodia» ទៅកាន់ទីផ្សារ…

លោកជំទាវ ម៉ៅ ចំណាន ភរិយាអ្នកឧកញ៉ា គិត ម៉េង បានបរិច្ចាគទឹកប្រាក់ចំនួន ៩៩៩.៩៩៩ ដុល្លារអាមេរិកជូនកាកបាទក្រហមកម្ពុជា ដើម្បីជួយទ្រទ្រង់ចំពោះបុព្វេហេតុកិច្ចការជំនួយមនុស្សធម៌។

ព័ត៌មាន
ក្នុងឱកាសដ៏វិសេសវិសាលនៃការប្រារព្ធខួបលើកទី ១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍច័ន្ទក្រហម នៅថ្ងៃទី៨ ឧសភា ឆ្នាំ២០២៤ ខាងមុខនេះ លោកជំទាវ ម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ