វៀតណាម - អាមេរិក

តើជំនួបតាមទូរសព្ទរវាងមេដឹកនាំកំពូលរបស់អាមេរិក និងវៀតណាមបានពិភាក្សាយល់ព្រមគ្នាអ្វីខ្លះ?


អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាមលោក ង្វៀន ភូជុង និងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃពុធ ទី ៣០ មីនា បានពិភាក្សាដោយស្ងាត់ៗតាមរយៈទូរសព្ទ អំពីការពង្រឹងទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរ។ តើកិច្ចពិភាក្សារវាងមេដឹកនាំកំពូលនៃប្រទេសកុម្មុយនិស្ត និងប្រទេសដែលគេស្គាល់ថា ជាមាតាប្រជាធិបតេយ្យនោះ បានលើកឡើងពីបញ្ហា និងយល់ស្របលើចំណុចអ្វីខ្លះក្នុងទំនាក់ទំនងទេ្វភាគី?
ស្ងាត់ៗ ប្រធានបក្សកុម្មុនិស្តវៀតណាម និងលោក ចូ បៃដិន ជួបពិភាក្សាគ្នា!

តាមរយៈការចុះផ្សាយដោយសារព័ត៌មាន​អន្តរជាតិធំៗ​បានឱ្យដឹងថា បើតាមសេចក្តីថ្លែងការ​ពីរដ្ឋាភិបាលវៀតណាមថា​ ប្រធានបក្សកុម្មុនិស្តវៀតណាម​លោក ង្វៀន ភូជុង ​បានស្នើឱ្យប្រទេសទាំងពីរ​បន្តពង្រីកកិច្ចសហប្រតិបត្តការ​សេដ្ឋកិច្ច រក្សាឱ្យបា​នូវខ្សែចង្វាក់ផ្គត់ផ្គង់ និងធ្វើឱ្យប្រាកដអំពីកិច្ចសហប្រតិបត្តការ​សន្តិសុខ និងការពារជាតិ។ ភាគីទាំងពីរ​ក៏បានយល់ព្រមគ្នា​ទៅវិញទៅមក​លើការអញ្ជើញសម្រាប់ដំណើរទស្សនកិច្ច​កម្រិតខ្ពស់​ណាមួយ ដែលត្រូវធ្វើឡើងដោយភ្នាក់ងារពាក់ព័ន្ធ​នៃប្រទេសទាំងពីរផងដែរ។

បុគ្គលដែលគេដឹងថា មានឥទ្ធិពលបំផុតក្នុងប្រទេសវៀតណាម គឺលោក ង្វៀន ភូជុង ​បានបានសង្កត់ធ្ងន់លើភាពចាំបាច់សម្រាប់ភាគីទាំងពីរ ក្នុងការបង្កើនទំនាក់ទំនង និងការផ្លាស់ប្តូរ​រវាងទីភ្នាក់ងារ​នៃ​ប្រទេសទាំងពីរគ្រប់កម្រិត​ក្នុងលក្ខណៈបត់បែន រួមទាំងការពង្រឹងទំនាក់ទំនងរវាងរដ្ឋាភិបាល សភា គណបក្ស និងប្រជាជន ដើម្បីពង្រឹងទំនាក់ទំនង​នៃប្រទេសទាំងពីរ​ឱ្យកាន់តែ​មាននិរន្តរភាព និងមានភាពស៊ីជម្រៅផងដែរ។

ដោយឡែក នៅក្នុងសេចក្តីថ្លែងការណ៍មួយ សេតវិមានអាមេរិកបាន​និយាយថា លោកចូ បៃដិន បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក​ ចំពោះប្រទេសវៀតណាមគឺរឹងមាំ វិបុលភាព ប្រកបដោយភាពធន់ និងឯករាជ្យ ដោយបន្ថែមថា ប្រទេសទាំងពីរនឹងធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងធានាឱ្យបាននូវតំបន់​ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ។

ជាក់ស្តែង ការប្តេជ្ញារបស់រដ្ឋបាលលោក ចូ បៃដិន ក្នុងការបង្កើនទំនាក់ទំនង​ជាមួយប្រទេសនៅ​អាស៊ីអាគ្នេយ៍នេះកើតឡើង ចំពេលដែលមានការកើនឡើង​នូវភាពតានតឹង​ជាមួយចិន ទាំងនៅច្រកសមុទ្រ​តៃវ៉ាន់ និងសមុទ្រចិន​ខាងត្បូង។ បើទោះបីជា ប្រទេសវៀតណាមកំពុងមានភាពល្អែមល្ហែម​នៅក្នុងទំនាក់ទំនង​ជាមួយ​សហរដ្ឋអាមេរិកក៏ដោយ ប្រទេសកុម្មុយនិស្តមួយនេះ នៅតែបន្តរក្សាទំនាក់ទំនងល្អ និងមិនអាចខ្វះបានជាមួយនឹងប្រទេសចិនដែរ។

គួររំលឹកឡើងវិញបន្តិចថា អគ្គលេខាបក្សកម្មុយនិស្ដវៀតណាម លោក ង្វៀន ភូជុង បានបានធ្វើទស្សនកិច្ច​ទៅកាន់ប្រទេសចិន​ភា្លមៗ ក្រោយបញ្ចប់សម័យប្រជុំ​សមាជជាតិ​លើកទី ២០ នៃបក្សកុម្មុយនិស្តចិន​កាលពីឆ្នាំមុន ហើយក្នុងនោះភាគីទាំងពីរ​បានសន្យាថា នឹងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀត​នូវភាព​ជាដៃគូសហប្រតិបត្តិការ​យុទ្ធសាស្ត្រដ៏​ទូលំទូលាយ។

មែនទែនទៅ វៀតណាម ដូចប្រទេសអាស៊ីអាគ្នេយ៍ភាគច្រើនដទៃទៀតដែរ គឺបានរក្សាជំហរអព្យាក្រឹតជុំវិញភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិនដែលកំពុងកើនឡើង ហើយនៅក្នុងជំនួបតាមរយៈទូរសព្ទជាមួយលោក បៃដិននោះ លោក ភូជុង បានសង្កត់ធ្ងន់លើគោលនយោបាយការបរទេសនៃឯករាជ្យភាព និង «ការពឹងផ្អែកលើខ្លួនឯង» ខណៈដែលលោក ចូ បៃដិន លើកឡើងពីការកំណត់ពាណិជ្ជកម្ម ថាមពលស្អាត និងការផ្លាស់ប្តូរថាមពល ដើម្បីប្រែក្លាយប្រទេសទាំងពីរជាតំបន់ប្រកបសក្តានុពល៕




អត្ថបទបន្ទាប់


តើអ្វីនៅពីក្រោយយុទ្ធសាស្ត្រអព្យាក្រឹតរបស់ឥណ្ឌា លើជម្លោះនៃការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន?

ព័ត៌មាន
ជាងមួយឆ្នាំនៃសង្គ្រាមឈ្លានពានរបស់រុស្ស៊ីនៅប្រទេសក្បែរខាងអ៊ុយក្រែន ប្រទេសមួយចំនួននៅទ្វីបអាហ្រ្វិក អាស៊ី និងមជ្ឈិមបូព៌ាបានជៀសវាងក្នុងការចូលគ…

អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចការសាងសង់បានជាង ៤៤% ហើយ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលខេត្តកណ្តាលបានបង្ហាញពីវឌ្ឍនភាព នៃការអភិវឌ្ឍន៍គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ដែលមកទល់ពេលនេះសម្រេចបានជា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ