ដំណើរទស្សនកិច្ច

តើទស្សនកិច្ច៣ថ្ងៃរបស់លោក វ៉ាង យី នៅកម្ពុជា ភាគីទាំងពីរបានប្តេជ្ញា និងគាំទ្រគ្នាទៅវិញទៅមកលើចំណុចអ្វីខ្លះ?


ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិនមកកាន់កម្ពុជារយៈពេល៣ថ្ងៃ ត្រូវបានបញ្ចប់ជាស្ថាបពរ បន្ទាប់ពីប្រមុខការទូតចិនរូបនេះ បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា និងចូលរួមធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំនៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិនលើកទី៧នៅកម្ពុជា។ តើតាមរយៈដំណើរទស្សនកិច្ចនេះ នឹងជំរុញឱ្យទំនាក់ទំនងកម្ពុជា-ចិន ពិសេសផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍កាន់តែមានលទ្ធផលផ្លែផ្កាបន្ថែមទៀតកម្រិតណា?
ដំណើរទស្សនកិច្ច
ដោយ

សេចក្តីប្រកាសព័ត៌មានរួមស្តីពីដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិនមកកាន់កម្ពុជាបានបញ្ជាក់ថា ភាគីទាំងពីរកម្ពុជា-ចិនបានឯកភាពគ្នាថា កម្ពុជានិងចិន គឺជាមិត្តដែកថែបដែលតែងតែនៅក្បែរគ្នា និងជួយគ្នាក្នុងគ្រាលំបាក។ ភាគីទាំងពីរ ក៏បានឯកភាពធ្វើអានុភាវូបនីយកម្មតួនាទីសម្របសម្រួលរបស់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដើម្បីកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ព្រមទាំងរួមគ្នាជំរុញគោលនយោបាយពហុភាគីនិយម និងសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍រួមប្រកបដោយសេរី បើកចំហ សមភាព និងបរិយាបន្ន។

កម្ពុជា-ចិន ក៏បានឯកភាពគ្នាក្នុងការបន្សំគំនិតផ្តួចផ្ដើមខ្សែក្រវាត់និងផ្លូវ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ឱ្យកាន់តែស៊ីជម្រៅ, ពន្លឿនការបង្កើតផែនការសហប្រតិបត្តិការសម្រាប់ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា, ជំរុញការរៀបចំផែនការគោល និងការរៀបចំផ្លូវដែកកម្ពុជា-ចិន, និងផ្តល់មជ្ឍមណ្ឌលធ្វើនិទស្សន៍កសិកម្មចិន និងគម្រោងប្រមូលផលដើមដៃផ្សេងទៀតនៃច្រករបៀងមច្ឆា និងអង្គរ និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន។ មិនតែប៉ុណ្ណោះ ភាគីទាំងពីរនឹងធានាឱ្យបាននូវការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនប្រកបដោយគុណភាពខ្ពស់, ជំរុញការនាំចូលផលិតផលកសិកម្មរបស់កម្ពុជាទៅកាន់ប្រទេសចិន, និងលើកទឹកចិត្តឱ្យធុរជនចិនមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនផងដែរ។

ភាគីទាំងពីរ ក៏បានឯកភាពក្នុងការឆ្លៀតចាប់យកកាលានុវត្តភាពនៃ«ឆ្នាំផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន» ជំរុញការផ្លាស់ប្តូរទេសចរណ៍រវាងប្រទេសទាំងពីរ, បង្កើនជើងហោះហើរទ្វេទិសប្រកបដោយសណ្តាប់ធ្នាប់, គាំទ្រកម្ពុជាក្នុងការប្រើប្រាស់ឱ្យអស់ពីសក្តានុពលនៃធនធានទេសចរណ៍ និងធនធានរបស់ខ្លួន, និងដាក់ចេញបន្ថែមនូវការផ្លាស់ប្ដូររវាងយុវជន, ប្រជាជនមូលដ្ឋាន និងក្រុមមិត្តភាព។ ទន្ទឹមនេះ កម្ពុជានឹងគាំទ្រដល់ការបើកដំណើរការឡើងវិញនូវមជ្ឈមណ្ឌលវប្បធម៌ចិននៅកម្ពុជា។

កម្ពុជា-ចិន ក៏បានឯកភាពគ្នាក្នុងការលើកកម្ពស់ការចូលរួមកម្រិតខ្ពស់ និងធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរការងារស្តីពីអភិបាលកិច្ច ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ, បន្តធ្វើសមយុទ្ធ និងការហ្វឹកហ្វឺនរួមគ្នា និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនានាដូចជាសេវាសុខាភិបាល និងភស្តុភារកម្ម, ការបណ្តុះបណ្តាលបុគ្គលិក និងការបោសសម្អាតមីន, ព្រមទាំងរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនដូចជាល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណែត, ការក្លែងបន្លំតាមទូរគមនាគមន៍, និងការជួញដូរគ្រឿងញៀន។

ទន្ទឹមនេះ ភាគីទាំងពីរ ក៏បានបានបញ្ជាក់សាជាថ្មីពីការត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌនៃគំនិតផ្តួចផ្ដើមអភិវឌ្ឍន៍សកល, គំនិតផ្តួចផ្តើមសន្តិសុខសកល, និងគំនិតផ្ដួចផ្ដើមអារ្យធម៌សកល, ព្រមទាំងបង្កើនការសម្របសម្រួលបន្ថែមទៀតនៅក្នុងវេទិកានានាដូចជា កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន។ ភាគីទាំងពីរបានឯកភាពក្នុងការបម្រើផលប្រយោជន៍រួមរបស់ប្រទេសក្នុងតំបន់ ដើម្បីការពារសន្តិភាព និងស្ថិរភាពដែលរកបានដោយលំបាក និងជំរុញការអភិវឌ្ឍ និងវិបុលភាពនៅក្នុងតំបន់។ ភាគីទាំងពីរ បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តក្នុងការអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិនៃភាគីនានានៅសមុទ្រចិនខាងត្បូង និងជំរុញការពិគ្រោះយោបល់លើក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូងសម្រាប់ការសន្និដ្ឋានជាជំហានដំបូង។

ជាមួយគ្នានេះ ភាគីចិនបានគូសបញ្ជាក់សាជាថ្មីនូវការគាំទ្រចំពោះជម្រើសរបស់កម្ពុជាលើមាគ៌ាអភិវឌ្ឍន៍ដែលស្របនឹងលក្ខខណ្ឌជាតិ, គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីការពារអធិបតេយ្យភាពជាតិ, សន្តិសុខ និងផលប្រយោជន៍នៃការអភិវឌ្ឍ ព្រមទាំងប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែកពីផ្នែកខាងក្រៅក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ ភាគីកម្ពុជា ក៏បានបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះគោលនយោបាយចិនតែមួយ និងទទួលស្គាល់ថា សាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់តំណាងឱ្យប្រទេសចិនទាំងមូល ហើយតៃវ៉ាន់គឺជាផ្នែកដែលមិនអាចកាត់ផ្ដាច់បានពីទឹកដីរបស់ប្រទេសចិន។ ទន្ទឹមនេះកម្ពុជាប្រឆាំងរាល់ការប៉ុនប៉ងប្រើប្រាស់បញ្ហានានារបស់តៃវ៉ាន់ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន, ប្រឆាំងគ្រប់ទម្រង់នៃឯករាជ្យភាពរបស់តៃវ៉ាន់, គាំទ្រយ៉ាងមុតមាំលើរាល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលចិន ដើម្បីសម្រេចបាននូវការបង្រួបបង្រួមជាតិ, និងមិនបង្កើតទំនាក់ទំនងផ្លូវការណាមួយជាមួយតៃវ៉ាន់នោះទេ។

សូមជម្រាបថា ក្នុងដំណើរបំពេញទស្សនកិច្ចរបស់ប្រមុខការទូតចិនមកកម្ពុជានេះ កម្ពុជា-ចិនក៏បានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការលើវិស័យនានាដូចជាហេដ្ឋារចនាសម្ព័ន្ធ, អធិការកិច្ច, និងចត្តាឡីស័ក។ មិនតែប៉ុណ្ណោះភាគីទាំងពីរ បានចូលរួមពិធីប្រកាស និងផ្សព្វផ្សាយសៀវភៅស្តីពីប្រពៃណីរបស់កម្ពុជាជាខេមរភាសា ដែលបានបកប្រែពីភាសាចិន និងពិធីសម្ពោធការនាំចេញផ្លែដូងស្រស់របស់កម្ពុជាទៅកាន់ប្រទេសចិនផងដែរ៕

អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម វ៉ាដាច់ឥណ្ឌា និងថៃ ក្លាយជាអ្នកផ្គត់ផ្គង់អង្ករធំបំផុតរបស់សិង្ហបុរី

ព័ត៌មាន
ការិយាល័យពាណិជ្ជកម្មវៀតណាម ប្រចាំនៅសិង្ហបុរី បាននិយាយថា វៀតណាម បានវ៉ាដាច់ឥណ្ឌា និងថៃ ជាលើកដំបូង ក្លាយជាប្រទេសនាំចេញអង្ករធំជាងគេទៅកាន…

ក្រុមហ៊ុនមិត្តហ្វូនសាខាក្រុងព្រះសីហនុ បានសហការជាមួយរដ្ឋបាលខេត្ត រៀបចំកម្មវិធីសម្អាតឆ្នេរសមុទ្រ

ព័ត៌មាន
នៅថ្ងៃទី 20 ខែមេសា ឆ្នាំ 2024 មិត្តហ្វូនសាខាព្រះសីហនុ បានសហការជាមួយរដ្ឋបាលខេត្តដើម្បីរៀបចំសម្អាត និងអនាម័យឆ្នេរអូរឈើទាល ដែលមានប្រវែងជាង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ