ក្រុមអ្នកវិភាគបានលើកឡើងថា ការមិនពេញចិត្តរបស់លោក ដូណាល់ ត្រាំ ចំពោះការចំណាយយោធារបស់អាម៉េរិក នៅក្រៅប្រទេស រួមផ្សំនឹងភាពយឺតយ៉ាវ នៃលំហូរទុនវិនិយោគពីកូរ៉េខាងត្បូង បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីការផ្លាស់ប្តូរទម្រង់ទំនាក់ទំនង នៃសម្ពន្ធមិត្តទាំងពីរ ពោលគឺប្រែប្រួលពីទំនាក់ទំនងផ្អែកលើសន្តិសុខទៅជាទំនាក់ទំនងផ្អែកលើផលប្រយោជន៍សេដ្ឋកិច្ចវិញ។
អ្នកស្រាវជ្រាវនៅស្ថាប័ន Carnegie Endowment for International Peace បានគូសបញ្ជាក់ថា ពេលនេះ មានការមន្ទិលសង្ស័យយ៉ាងខ្លាំងថា តើទុនវិនិយោគ៣៥០ពាន់លានដុល្លារ ដែលទីក្រុងសេអ៊ូល បានសន្យាអាចធានាបាននូវការប្តេជ្ញាចិត្តរបស់អាម៉េរិក លើផ្នែកសន្តិសុខសម្រាប់កូរ៉េខាងត្បូង ដូចដែលភាគីទាំងពីរធ្លាប់រំពឹងទុកដែរឬយ៉ាងណា?
កាលពីថ្ងៃទី១៦ ខែសីហា លោក ត្រាំ បានប្រកាសថា លោកបានបញ្ជាឱ្យមន្ទីរបញ្ចកោណកាត់បន្ថយទំហំសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង ដោយសារតែសមយុទ្ធនេះចំណាយថវិកាច្រើនហួសហេតុ និងបង្កជាការបញ្ជូនសញ្ញាអរិភាពមិនចាំបាច់ទៅកាន់កូរ៉េខាងជើង។ ការសម្រេចចិត្តនេះបានធ្វើឡើងចំពេល ដែលរដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េខាងត្បូង លោក គីម ជុងក្វាន់ (Kim Jung-kwan) ធ្វើដំណើរទៅដល់រដ្ឋធានីវ៉ាស៊ីនតោន ដើម្បីជួបពិភាក្សាជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មអាម៉េរិកលោក ហូវ៉ាដ លុតនិក (Howard Lutnick) អំពីកញ្ចប់វិនិយោគ និងបញ្ហាពន្ធគយ។
ទន្ទឹមនឹងនេះ សារព័ត៌មាន Politico ដោយផ្អែកលើប្រភពដែលដឹងពីកិច្ចការនេះបានរាយការណ៍ថា បទបញ្ជារបស់លោក ត្រាំ មួយភាគធំ គឺបណ្តាលមកពីភាពយឺតយ៉ាវ នៃលំហូរទុនវិនិយោគរបស់កូរ៉េខាងត្បូង បើធៀបនឹងល្បឿននៃការវិនិយោគរបស់ប្រទេសជប៉ុន។ អ្នកស្រាវជ្រាវជាន់ខ្ពស់ផ្នែកវិភាគយោធានៅស្ថាប័ន Defense Priorities បានលើកឡើងថា វាគឺជាកំហុសដ៏ធំមួយសម្រាប់ប្រទេសជាសម្ព័ន្ធមិត្ត ប្រសិនបើពួកគេគិតថា ការបង្កើនកញ្ចប់ថវិកាក្នុងកិច្ចការការពារជាតិ ឬកិច្ចព្រមព្រៀងសេដ្ឋកិច្ចធំៗអាចទិញយកការប្តេជ្ញាចិត្តខាងយោធារបស់សហរដ្ឋអាម៉េរិក បាននោះ។ អ្នកជំនាញបានចាត់ទុកការកាត់បន្ថយសមយុទ្ធប្រចាំឆ្នាំនេះ បានបង្កើនក្តីបារម្ភកាន់តែខ្លាំងដល់កូរ៉េខាងត្បូង អំពីភាពមិនប្រាកដប្រជា និងភាពជឿជាក់លើសហរដ្ឋអាម៉េរិកក្នុងនាមជាដៃគូសន្តិសុខ និងសេដ្ឋកិច្ច៕
អត្ថបទៈ សួន ឡង់ទី