Advertisement
បរិស្ថាន

ស្ត្រី​អាមេរិកាំង​ដែល​ការពារ​ព្រៃ​ឈើ​កម្ពុជា​នៅ​ជួរភ្នំ​ក្រវាញ​ខាង​ត្បូង


ចាប់តាំង​ពីប្រទេស​កម្ពុជា​ក្លាយ​ជា​ប្រទេស​សេរី​នា​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៩០ ប្រទេស​តូច​មួយ​នេះ​បើក​ចំហ​ទទួល​ស្វាគមន៍​ជន​បរទេស​ ទាំងអ្នក​ទេសចរ ទាំង​អ្នក​មក​រក​ស៊ី​​ក្នុង​នាម​ជា​វិនិយោគិន​ ជាច្រើន។ ជន​បរទេស​មួយ​ចំនួន​តូច​បានបន្សល់ទុក​នូវ​ឈ្មោះ​អាស្រូវ​​ដោយ​ប្រព្រឹត្ត​អំពើ​មិន​គប្បី​នៅ​ស្រុក​ខ្មែរ។ ប៉ុន្តែ ជន​បរទេស​មួយ​ចំនួន​ធំ ស្រលាញ់​រាប់​អាន​ខ្មែរ​និងជួយ​ខ្មែរ​ដោយ​ស្មោះ​គួរ​ឲ្យ​គោរព។
អ្នកនាង ស៊ូវ៉ាណា ហ្គនលែត (Suwanna Gauntlett) ស្ថាបនិក​អង្គការ Wildlife Alliance។ រូបភាព៖ ហ្វេសប៊ុក
ដោយ
Advertisement

តួយ៉ាង ស្ត្រី​ជនជាតិ​អាមេរិកាំង​នៅ​ក្នុង​រូប​ខាង​លើ​នេះ គាត់​រស់នៅ​ជាមួយ​ព្រៃឈើ​និង​សត្វ​ព្រៃ​នៅ​កម្ពុជា​អស់​រយៈពេល​ជិត ២០​ឆ្នាំ​ហើយ។ បច្ចុប្បន្ន គាត់​គឺ​ជា​ស្ថាបនិក និង​ជា​នាយិកា​ប្រតិបត្តិ​អង្គការ Wildlife Alliance។ 

ក្នុង​អត្ថបទ​នេះ ខេមបូណូមីស សូមលើក​យក​ពីប្រវត្តិ​ត្រួសៗ​អំពី​ស្ត្រី​រូប​នេះ និង​កិច្ចការងារ​នានា​ដែល​គាត់​បាន​ជួយ​ដល់​កម្ពុជា ទាក់ទិង​នឹង​ព្រៃឈើ​និង​សត្វ​ព្រៃ។

អ្នកនាង ស៊ូវ៉ាណា ហ្គនលែត (Suwanna Gauntlett) មាន​កំណើត​កើតជា​​នៅ​ទីក្រុង​ San Francisco រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក ប៉ុន្តែ ធំធាត់​ចម្រើន​វ័យ​នៅ​អាមេរិក​ខាងត្បូង និង​អឺរ៉ុប។ នេះ​បើ​តាម​ឯកសារប្រវត្តិ​ផ្ទាល់​ខ្លួន ដែល​ចុះផ្សាយ​ដោយ The Huffington Post

អ្នកនាង ស៊ូវ៉ាណា ហ្គនលែត (Suwanna Gauntlett) ស្ថាបនិក​អង្គការ Wildlife Alliance ចុះ​ផ្ទាល់​ជាមួយ​នឹង​បុគ្គលិក​អភិរក្ស​សត្វព្រៃ។ (រូបភាព៖ ហ្វេសប៊ុក)
Advertisement

បទពិសោធន៍​កុមារភាព​នាំ​ទៅ​រក​ការ​អភិរក្ស​សត្វ​ព្រៃ

កាល​ពី​កុមារភាព​ខណៈ​ដែល​កំពុងរស់នៅ​ក្នុង​ប្រទេស​ប្រេស៊ីល អ្នកនាង ស៊ូវ៉ាណា បានជួប​ប្រទះ​រឿង​សោកនាដកម្ម​មួយ​ដោយ​ផ្ទាល់​ភ្នែក គឺ​អ្នកនាង​បាន​ឃើញ​​ព្រាន​ប្រមាញ់​ធ្វើ​ទារុណកម្ម​សត្វ​ខ្លារខិន​នៅ​ក្នុង​ភូមិ​មួយ។ បទ​ពិសោធន៍​នេះ បាន​ជំរុញ​ឲ្យ​អ្នក​នាង​ដើរ​ទៅ​រក​ផ្លូវ​នៃការ​អភិរក្ស​សត្វ​ព្រៃ។ 

ជាកុមារ​ដែល​ស្រលាញ់​សត្វ​ព្រៃ​ អ្នក​នាង​ ស៊ូវ៉ាណា ក៏បាន​តាំងចិត្ត​​លះបង់​កម្លាំងកាយ​ចិត្ត​ និង​អាយុជីវិត​ដើម្បី​អភិរក្ស​និង​ការពារ​សត្វ​ព្រៃ។ 

មុន​ពេល​ឈាន​ជើង​ចូល​មក​កម្ពុជា អ្នកនាង ស៊ូវ៉ាណា ហ្គនលែត ធ្លាប់​ធ្វើការងារ​អភិរក្ស​សត្វ​ព្រៃ​នៅ​ប្រទេស​ជាច្រើន ដូចជា រុស្ស៊ី ឥណ្ឌា ថៃ និង​មីយ៉ាន់ម៉ា។ ប៉ុន្តែ យើង​សូម​លើក​យក​តែ​កិច្ចការងារ​ដែល​អ្នក​នាង និង​អង្គការ Wildlife Alliance ធ្វើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ។

អ្នក​នាង ស៊ូវ៉ាណា លែងសត្វអណ្ដើក​ជាមួយ​​កម្លាំង​អភិរក្ស​សត្វ​ព្រៃ។ (រូបភាព៖ ហ្វេសប៊ុក)

ការងារ​អភិរក្ស​សត្វ​ព្រៃ និង​បង្ក្រាប​បទ​ល្មើស​សត្វ​ព្រៃ​នៅ​កម្ពុជា

ដើម​ឆ្នាំ​២០០០ អ្នក​នាង ស៊ូវ៉ាណា និងអង្គការ​ Wildlife Alliance ដែល​កាលនោះ​មាន​ឈ្មោះថា WildAid បាន​ចាប់​ផ្ដើម​ចង​សម្ព័ន្ធ​មេត្រី​​ជាមួយ​នាយកដ្ឋាន​រុក្ខាប្រមាញ់​និង​ការពារ​សត្វ​ព្រៃ និង​ការិយាល័យ​គ្រប់គ្រង​ឧទ្យានជាតិ​របស់​ប្រទេស​កម្ពុជា ដោយ​អ្នក​នាង​បាន​ដឹង​ថា ការគំរាម​កំហែង​ដ៏​ធំបំផុត​ចំពោះ​ជីវចម្រុះ​នៅ​កម្ពុជា គឺ​ការទន្ទ្រាន​ដី​ព្រៃ ការកាប់​ព្រៃ​ខុស​ច្បាប់​ និង​ការ​ប្រមាញ់​សត្វ​ព្រៃ​ដោយ​ខុស​ច្បាប់។ 

ដំបូង​ឡើយ អង្គការរបស់​អ្នកនាង​ផ្ដល់​តែ​ការបណ្ដុះ​បណ្ដាល​ពង្រឹង​សមត្ថភាព​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​និង​សត្វ​ព្រៃ​ប៉ុណ្ណោះ ដោយ​នៅ​ដើម​ឆ្នាំ​២០០១ បាន​បណ្ដុះ​បណ្ដាល​មន្ត្រី​រដ្ឋបាល​រុក្ខាប្រមាញ់ និង​កងរាជ​អាវុធ​ហត្ថ​កម្ពុជា​ ៥០នាក់។

ប៉ុន្តែ ភ្លាមៗ​នោះ អ្នក​នាង ស៊ូវ៉ាណា បាន​សុំ​ការអនុញ្ញាត​និង​សហការ​ជាមួយ​អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា បង្កើត​នូវ​ក្រុម​ចល័ត​ពិសេស​បង្ក្រាប​បទ​ល្មើស​សត្វ​ព្រៃ​លើក​ដំបូង​បង្អស់​នៅ​ក្នុង​ប្រទេស​នេះ ដែល​​ក្រុម​ការងារ​បែប​នេះ​មាន​តែ​មួយ​គត់​នៅ​អាស៊ី​អាគ្នេយ៍​នេះ។ ក្រុម​សង្គ្រោះ​សត្វ​ព្រៃ​​ដែល​បង្កើតឡើង ធ្វើការ​ល្បត​ទូទាំង​ប្រទេស​ និង​ឆ្មក់​បង្ក្រាប​ការ​ដឹក​ជញ្ជូន​សត្វ​ព្រៃ​ដោយ​ខុស​ច្បាប់​នៅ​តាម​ទីក្រុង​ប្រជុំជន តាមដង​ផ្លូវ និង​តាមព្រំដែន។ 

Advertisement

អង្គការ Wildlife Alliance តាំងពី​ពេល​នោះ​មក ដើរតួនាទី​សំខាន់​ក្នុង​ការ​សង្គ្រោះសត្វ​ព្រៃ ថែរក្ស និង​ដោះលែង​ទៅ​ក្នុង​ព្រៃ​វិញ ដោយ​រៀងរាល់​ឆ្នាំ អង្គការនេះ​សង្គ្រោះ​បាន​សត្វ​ព្រៃ​រស់​រាប់​ពាន់​ក្បាល។ 

ដោយសារតែចំនួន​សត្វ​ព្រៃ​សង្គ្រោះ​បាន​ច្រើន​ពេក នាំ​ឲ្យ​ខ្វះ​មណ្ឌល​ថែទាំ​ ព្រោះតែ​សួន​សត្វ​ភ្នំតាម៉ៅ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​មាន​ទំហំ​តូច​ពេក និង​គ្មាន​បរិក្ខារ​ស្តង់ដារ​គ្រប់គ្រាន់ អង្គការ Wildlife Alliance ក៏​បាន​ជួយ​រក​ថវិកា​ពី​​ក្រៅ​ប្រទេស​មក​កែ​លម្អ​និង​ពង្រីក​សួន​សត្វ​ភ្នំតាម៉ៅ រហូត​ដល់​សព្វ​ថ្ងៃ។ 

បន្ទាប់មក​ទៀត អ្នក​នាង​ ស៊ូវ៉ាណា និង​អង្គការ Wildlife Alliance បាន​ជួយ​បណ្ដុះ​បណ្ដាល​និង​បំពាក់​សម្ភារៈ​ដល់​ឧទ្យានុរក្ស​នៅ​ឧទ្យានជាតិ​បូកគោ តាម​ការស្នើ​សុំ​ពី​នាយកដ្ឋាន​ឧទ្យានជាតិ និង​បាន​បង្កើត​ជា​មជ្ឈមណ្ឌល​ជាតិ​បណ្ដុះ​បណ្ដាល​ឧទ្យានុរក្ស ដែល​បាន​បណ្ដុះ​បណ្ដាល​ឧទ្យានុរក្ស​ជាង ៥០០នាក់​ទូទាំង​ប្រទេស។ 

កាន់តែ​ជោគជ័យ ការងារកាន់តែ​រីកធំ 

អ្នកនាង ស៊ូវ៉ាណា ហ្គនលែត ជួប​ប្រជុំ​ជាមួយ​លោក​ជំទាវ​អភិបាល​ខេត្ត​កោះកុង ពិភាក្សា​អំពី​ការងារ​អភិរក្ស​បរិស្ថាន។
Advertisement

បន្ទាប់ពី​ជោគជ័យ​ក្នុង​ការការពារ​ឧទ្យានជាតិ​បូកគោ អង្គការ​របស់​អ្នកនាង ស៊ូវ៉ាណា ត្រូវបានរដ្ឋាភិបាល​ស្នើសុំ​ឲ្យ​ជួយ​ការពារ​តំបន់ជួរ​ភ្នំក្រវាញ​ភាគ​ខាង​ត្បូង បន្ទាប់​ពី​មាន​ភាព​អាសន្ន​នៃ​ការ​កើន​ឡើង​នូវ​ការ​ប្រមាញ់សត្វ​ព្រៃ​ខុសច្បាប់​និង​ភ្លើង​ឆេះ​ព្រៃ។ 

ដោយ​មាន​ការគាំទ្រ​ផ្នែក​នយោបាយ​ពី​សំណាក់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល អ្នកនាង​ ស៊ូវ៉ាណា បាន​ធ្វើការសហការគ្នា​ជាមួយ​ក្រសួងចំនួន ៣ ដើម្បី​ដោះស្រាយ​បញ្ហា​ការ​ទន្ទ្រាន​ព្រៃ​​យក​ដី​នៅ​ក្នុង​តំបន់​ជួរភ្នំ​ក្រវាញ និង​បាន​បង្កើត​ផែនការ​គ្រប់គ្រង​ដី​ធ្លី​រយៈពេល​វែង​នៅ​ទីនោះ។ 

ការថែរក្សា​និង​អភិរក្ស​តំបន់​ព្រៃ​ជួរ​ភ្នំ​ក្រវាញ​ភាគ​ត្បូង​ ទទួលបាន​ជោគជ័យ​គួរ​ឲ្យ​កត់សម្គាល់ ដោយ​ការទន្ទ្រាន​ព្រៃ​យក​ដី​ត្រូវ​បាន​បញ្ឈប់ សកម្មភាព​ប្រមាញ់​សត្វ​ដំរី​និង​ខ្លា​ត្រូវ​បាន​កាត់​បន្ថយ​ស្ទើរតែ​ទាំងស្រុង ហើយ​តំបន់​នេះ​ត្រូវ​បាន​រាជ​រដ្ឋាភិបាល​កំណត់​ព្រំប្រទល់​ច្បាស់លាស់​ និង​ដាក់​ជា​ដែន​ព្រៃ​ការពារ។ 

អ្នកនាង ស៊ូវ៉ាណា និង​ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រ​កម្ពុជា។
Advertisement

កិច្ច​ប្រឹងប្រែង​ដំបូងៗ​ទាំង​នេះ ទទួលបានជោគជ័យ​ និង​បាន​ប្រែក្លាយទៅ​ជា​កម្មវិធី​ការពារ​តំបន់​ព្រៃ​ជួរ​ភ្នំ​ក្រវាញ​ភាគ​ខាងត្បូង ដែល​អនុវត្ត​ដោយ​រដ្ឋបាល​ព្រៃឈើ និង​អង្គការ Wildlife Alliance គ្រប​ដណ្ដប់​ទៅ​លើតំបន់​ជួរ​ភ្នំក្រវាញ​ភាគ​ខាង​ត្បូង​ទាំង​មូល។ 

កម្មវិធីនេះ រួមមាន ស្ថានីយ​អនុរក្ស​ ៦​កន្លែង កម្មវិធី​ដាំ​ដើម​ឈើ​ឡើងវិញ​មួយ​កន្លែង ស្ថានីយ​ស្ដារសម្បទា​សត្វព្រៃ កសិកម្ម​និង​ទេសចរណ៍ធម្មជាតិ​នៅ​ក្នុង​ឃុំ​ចំនួន ៤ ដែល​ផ្ដល់​ការងារ​និង​ចំណូល​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ។ បច្ចុប្បន្ន ចំនួន​សត្វ​ដំរី​កំពុងកើន​ឡើង​វិញ ដោយ​គេ​ឧស្សាហ៍​ប្រទះ​ឃើញ​ដំរី​ជារឿយៗ។

អ្នកនាង ស៊ូវ៉ាណា និង​អង្គការ Wildlife Alliance បានធ្វើការ​យ៉ាងជោគជ័យ​ជាមួយ​រដ្ឋបាល​ព្រៃឈើ ក្រសួង​ចំនួន ៥ និង​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​រដ្ឋាភិបាល ក្នុង​ការ​លុប​ចោល ឬ​កាត់​បន្ថយ​ទំហំ​ដី​សម្បទាន​សេដ្ឋកិច្ច​​ចំនួន ៣៤ និង​បាន​សង្គ្រោះ​ព្រៃឈើ​បាន​ជាច្រើន​ម៉ឺន​ហិកតា។ 

បច្ចុប្បន្ន ព្រៃ​ឈើ​ជិត ៨សែន​ហិកតារ ត្រូវបានថែរក្សា​នៅ​ក្នុង​តំបន់​ជួរ​ភ្នំក្រវាញ​ភាគ​ខាងត្បូង ដែល​នេះ​ជា​សមិទ្ធផល​អភិរក្ស​ព្រៃ​ឈើ​ដ៏​អស្ចារ្យ​បំផុត​នៅ​​ក្នុង​តំបន់​អាស៊ី។

អ្នក​នាង ស៊ូវ៉ាណា និង​ឯកអគ្គរដ្ឋទូត​​អាមេរិក William A. Heidt និង​ភរិយា។
Advertisement

ជា​អ្នក​បរិស្ថាន​និង​អភិរក្ស​ដ៏​លេច​ធ្លោ អ្នកនាង ស៊ូវ៉ាណា ហ្គនលែត ត្រូវបាន​សារព័ត៌មាន​ធំៗ​នៅ​លើ​ពិភព​លោក​ចុះផ្សាយ​អំពី​គាត់ ដូចជា CNN, BBC, National Geographic, Discovery Channel ទស្សនាវដ្ដី The New York Times និង​សារព័ត៌មាន​ធំៗ​ជាច្រើន​ទៀត។

ហើយ​ជា​ការតបស្នង​គុណ​ដែល​អ្នក​នាង ស៊ូវ៉ាណា បាន​រួម​ចំណែក​ដល់​ជីវភាព​ប្រជាជន​កម្ពុជា និង​បរិស្ថាន ប្រមុខ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​ប្រគល់​មេដាយ​កិត្តយស​ចំនួន ២ ដល់​រូប​អ្នក​នាង។ 

អ្នក​នាង ស៊ូវ៉ាណា ហ្គនលែត ប្ដេជ្ញា​បន្ត​ការងារ​​​​ដោយ​មិន​ខ្លាច​ហត់​នឿយ​បន្ត​ទៀត ដើម្បី​ការពារ​​និង​អភិរក្ស​សត្វ​ព្រៃ​និង​ព្រៃ​ឈើ​កម្ពុជា និង​ដោះស្រាយ​បញ្ហា​ការប្រែប្រួល​អាកាសធាតុ​នៅ​ប្រទេស​ដ៏​គួរ​ឲ្យ​ស្រលាញ់​មួយ​នេះ៕

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុងបាវិត​នឹង​មាន​ទីក្រុង​រណប​​ដែល​នឹង​សង់​ក្នុង​​តម្លៃ​៥០០​លាន​ដុល្លារ​

ព័ត៌មាន
ក្រុមហ៊ុន Empire World Groups Asia បាន​បើក​ដំណើរការ​សាក​ល្បង​គម្រោង​ទី១​ក្នុង​ការ​សាងសង់​​អឹផាតមិន លើ​ផ្ទៃ​ដី​ប្រមាណ​៥០​ហិកតា នៃ...

កម្ពុជា​លើក​«ទឹក​ជំនួស​ស្រា​»​សន្យា​​ការពារ​វិនិយោគ​ទៅ​មក​​ជាមួយ​​អារ៉ាប់​អេមីរ៉ាត

ព័ត៌មាន
បន្ទាប់​ពី​ក្រុមហ៊ុន​អាកាសចរណ៍​ដ៏​ធំ​មួយ​របស់​អារ៉ាប់ Emirates បាន​ពង្រីក​ជើង​ហោះហើរ​របស់​ខ្លួន​ទៅ​មក​កម្ពុជា​កាល​ពី​ពេល​ថ្មីៗ​ន...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ