ធនាគារពិភពលោករក្សាការព្យាករសេដ្ឋកិច្ចកម្ពុជា

ធនាគារពិភពលោក ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចប្រទេសជិតខាងកម្ពុជាទាំង៣ តែរក្សាការព្យាករសេដ្ឋកិច្ចកម្ពុជានៅដដែល


ធនាគារពិភពលោក ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចប្រទេសជិតខាងកម្ពុជា តែរក្សាការព្យាករសេដ្ឋកិច្ចកម្ពុជានៅដដែល។ ប្រទេសវៀតណាម ថៃ និងឡាវ ដែលជាប្រទេសជិតខាងរបស់កម្ពុជា ត្រូវបានធនាគារពិភពលោកបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចទាបជាងមុន បន្ទាប់ពីមើលឃើញពីកត្តាប្រឈមនៅក្នុងប្រទេសទាំងបីនេះ។ ប៉ុន្ដែ សម្រាប់កម្ពុជា ធនាគារពិភពលោកនៅតែរក្សាការព្យាករកំណើននៅដដែល ក្រោយពីមើលឃើញ ពីសម្ទុះងើបឡើងកាន់តែប្រសើរឡើង ចំពេលដែលរាជរដ្ឋាភិបាលបានបើកចំហរសេដ្ឋកិច្ចកាន់តែធំ ហើយថ្មីៗនេះ ក៏ទើបតែបានដកចោលការដាក់កំហិតការធ្វើដំណើរពីក្រៅប្រទេសផងដែរ។
ធនាគារពិភពលោក ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចប្រទេសជិតខាងកម្ពុជាទាំង៣ តែរក្សាការព្យាករសេដ្ឋកិច្ចកម្ពុជានៅដដែល

តើមានកត្តាប្រឈមធំៗអ្វីខ្លះ ជំរុញឲ្យធនាគារពិភពលោក បន្ទាបការព្យាករកំណើនសេដ្ឋកិច្ចប្រទេសជិតខាងកម្ពុជា?

ធនាគារពិភពលោក នៅ​ដើម​ខែមេសា​នេះ បាន​ចេញ​របាយការណ៍​ថ្មី​ចុង​ក្រោយ​មួយ​របស់​ខ្លួន ដោយនៅ​តែ​បន្ត​រក្សា​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​នៅ​អត្រា ៤,៥% ដដែល​សម្រាប់​ឆ្នាំ​២០២២​នេះ ខណៈ​សេដ្ឋកិច្ច​ប្រទេស​ជិតខាង​កម្ពុជា​ចំនួន​បី ត្រូវ​បាន​ធនាគារ​ធនាគារពិភពលោក​បន្ទាប​ការ​ព្យាករ​ទាប​ជាង​មុន​។ ពោល​គឺ កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ថៃ ត្រូវ​បាន​បន្ទាប​ការ​ព្យាករ​មក​នៅ​ត្រឹមតែ ២,៩%​ប៉ុណ្ណោះ ខណៈ​ដែល​ពី​មុន​ធ្លាប់​ព្យាករ​ថា​នឹង​មាន​កំណើន​៣,៩%​។ ប្រទេស​វៀតណាម​វិញ កាលពី​ខែមករា​ធ្លាប់​បាន​ព្យាករ​ថា មាន​កំណើន​៥,៥% ប៉ុន្ដែ ការ​ព្យាករ​ថ្មី​ចុង​ក្រោយ​នេះ​របស់​ធនាគារពិភពលោក​មក​នៅ​ត្រឹមតែ ៥,៣%​ប៉ុណ្ណោះ​។ ដោយឡែក ប្រទេស​ឡាវ​វិញ ធនាគារពិភពលោក​ទម្លាក់​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​មក​នៅ​ត្រឹមតែ ៣,៨% ខណ​ដែល​ការ​ព្យាករ​ពី​មុន​ថា មាន​ដល់ ៤,៥%​។

ឥឡូវ​យើង​ផ្ដើមនិយាយ​លម្អិត​ពី​សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ​មុនគេ​! បើ​តាម​សេដ្ឋវិទូ​ធនាគារពិភពលោក​ប្រចាំ​ប្រទេស​ថៃ អ្នកស្រី Warunthorn Puthong បាន​និយាយ​ថា ការ​ទម្លាក់​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​ថៃ​មក​នៅ​ត្រឹម ២,៩%​នៅ​ឆ្នាំ​២០២២​នេះ គឺ​ដោយសារ​តែ​កត្តា​ហានិភ័យ​ខាងក្រៅ ដូច​ជា​សង្គ្រាម​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន និង វិបត្តិ​កូ​វី​ដ ១៩ ដែល​បាន​ធ្វើ​ឱ្យ​តម្លៃ​ថាមពល និង អតិផរណា​ក្នុងស្រុក​កើនឡើង  ធ្វើ​ឲ្យ​ជំរុញ​ការ​ចំណាយ​កើន​ខ្ពស់ និង​ប៉ះពាល់​ដល់​ការ​ប្រើប្រាស់​ឯកជន​នៅ​ក្នុង​ប្រទេស​។ សេដ្ឋវិទូ​ធនាគារពិភពលោក​រូប​នេះ បាន​បន្ថែម​ថា ប្រសិនបើ​ឥទ្ធិពល​នៃ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​កាន់តែ​ធ្ងន់ធ្ងរ​សម្រាប់​ប្រទេស​ថៃ សេដ្ឋកិច្ច​អាច​នឹង​កើន​ត្រឹមតែ ២,៦% ប៉ុណ្ណោះ​។ 

យ៉ាងណា​ម៉េ​ញ ធនាគារពិភពលោក​ជឿជាក់​ថា សេដ្ឋកិច្ច​ថៃ​កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​ឆ្ពោះទៅ​រក​ការ​ស្ទុះ​ងើបឡើង​វិញ​នៅ​ឆ្នាំ​នេះ​។ កត្តា​វិជ្ជមាន​រួម​មានការ​បើក​ប្រទេស​ឡើង​វិញ និង​ការ​បន្ធូរបន្ថយ​ការ​រឹត​បន្តឹង​ជំងឺ​រាតត្បាត ដើម្បី​បើក​ទទួលភ្ញៀវ​ទេសចរណ៍​ឡើង​វិញ​ជាដើម​។ 

ងាក​ចេញពី​ប្រទេស​ថៃ យើង​បន្ដ​ចាប់អារម្មណ៍​ទៅ​លើ​សេដ្ឋកិច្ច​វៀតណាម​វិញ​ម្ដង​។ ធនាគារពិភពលោក​បាន​កាត់​បន្ថយ​ការ​ព្យាករណ៍​កំណើន សម្រាប់​ប្រទេស​វៀតណាម​ក្នុងឆ្នាំនេះ​មក​ត្រឹម ៥,៣% ដោយសារ​ការ​កើនឡើង​នៃ​ការ​ឆ្លង​មេរោគ​កូ​វី​ដ ១៩ កាន់តែ​ខ្លាំង​នៅ​ក្នុង​ត្រីមាស​ទី ១ នៅ​ឆ្នាំ​នេះ និង​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​នៅ​ក្នុង​ទីផ្សារ​នាំ​ចេញ​សំខាន់​ៗ​របស់​ខ្លួន​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​សារព័ត៌មាន VN Express​។

គួរ​កត់​សម្គាល់ថា នេះ​ជា​លើក​ទី​ពីរ​ហើយ ដែល​ធនាគារ​ទម្លាក់​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​វៀតណាម​នៅ​ឆ្នាំ​២០២២​នេះ​។ កាលពី​ខែតុលា​ឆ្នាំ​មុន ប្រទេស​នេះ​ត្រូវ​បាន​រំពឹង​ថា​នឹង​មាន​អត្រាកំណើន ៦,៥% ប៉ុន្ដែ​នៅ​ខែមករា​ក៏​បាន​បន្ទាប​ការ​ព្យាករ​មក​នៅ​ត្រឹម ៥,៥% ហើយ​នៅ​ខែមេសា​នេះ ធនាគារពិភពលោក ក៏​បាន​បន្ទាប​ការ​ព្យ​ការ​សេដ្ឋកិច្ច​វៀតណាម​មក​នៅ​ត្រឹម ៥,៣% ប៉ុណ្ណោះ​។ ទោះ​យ៉ាងណា ធនាគារពិភពលោក គូសបញ្ជាក់​ថា នៅ​ក្នុង​សេណា​រី​យ៉ូ មានការ​បន្ធូរបន្ថយ​ការ​រឹត​បន្តឹង​ការ​ចល័ត​ក្នុងស្រុក និង​អន្តរជាតិ​កាន់តែ​ប្រសើរ​ឡើង នោះ កំណើនសេដ្ឋកិច្ច​វៀតណាម​អាច​ឡើង​ដល់ ៦,៥% នៅ​ឆ្នាំ​២០២២​។

ដោយឡែក ចំពោះ​សេដ្ឋកិច្ច​របស់​ប្រទេស​ឡាវ​វិញ ត្រូវ​បាន​ព្យាករ​ថា នឹង​មាន​កំណើន​តែ ៣,៨% នៅ​ឆ្នាំ ២០២២ ធ្លាក់​ចុះ​ពី​អត្រាកំណើន ៤,៥% ដែល​ធនាគារពិភពលោក​បាន​ព្យាករណ៍​កាលពី​ខែតុលា​ឆ្នាំ​មុន​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​សារព័ត៌មាន Vientianme Time​។

នៅ​ក្នុង​របាយការណ៍ បច្ចុប្បន្នភាព​សេដ្ឋកិច្ច​អាស៊ី​បូព៌ា និង​ប៉ា​ស៊ី​ហ្វិ​ក​របស់​ធនាគារពិភពលោក បាន​សង្កត់ធ្ងន់​ថា វិបត្តិ​អ៊ុយ​ក្រែ​ន​បាន​គំរាមកំហែង​ដល់​ការ​ងើបឡើង​វិញ​មិន​ស្មើគ្នា​នៃ​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​អាស៊ី​បូព៌ា និង ប៉ា​ស៊ី​ហ្វិ​ក  រួម​ទាំង​ប្រទេស​ឡាវ ដែល​បណ្តាល​មក​ពី​ការ​រីក​រាលដាល​កូ​វី​ដ​១៩​។

បើ​ទោះបីជា​ប្រទេស​ជិតខាង​កម្ពុជា​ទាំង​បី​នេះ កំពុង​មាន​ទំនោរ​សេដ្ឋកិច្ច​កើន​យឺត​ក្ដី ប៉ុន្ដែ ធនាគារពិភពលោក​នៅ​តែ​រក្សា​ការ​ព្យាករ​របស់​ខ្លួន​ចំពោះ​កំណើនសេដ្ឋកិច្ច​កម្ពុជា នៅ​ឆ្នាំ​២០២២ គឺ​ស្ថិត​ក្នុង​រង្វង់ ៤,៥% ដដែល ដូច​ទៅ​នឹង​ការ​ព្យាករ​នៅ​អំឡុង​ខែតុលា ឆ្នាំ​២០២១ ដែរ​។ ការ​ព្យាករ​ថ្មី​ចុង​ក្រោយ​នេះ ផ្អែក​លើ​ការ​ស្ដារ​សេដ្ឋកិច្ច​ក្នុងស្រុក​ល្អ​ប្រសើរ ជាមួយនឹង​វិធានការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​លុប​ចោលការ​រឹត​ត្បឹ​ង​ការ​ធ្វើ​ដំណើរ ខណៈ​កម្ពុជា​មាន​អត្រា​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១៩​ខ្ពស់​។  

គួរ​ជម្រាប​ថា នៅ​ក្នុង​សេណា​រី​យ៉ូ​ទាប​ជាង ធនាគារពិភពលោក​ព្យាករ​ថា សេដ្ឋកិច្ច​កម្ពុជា​នឹង​សម្រេច​បាន​កំណើន​ត្រឹមតែ​៣,៨% ប៉ុណ្ណោះ នៅ​ឆ្នាំ​២០២២​។ សេណា​រី​យ៉ូ​ទាប​ជាង​នេះ គឺ​គេ​សន្មត​ថា មានការ​ធ្លាក់​ចុះ​នៃ​លក្ខខណ្ឌ​សេដ្ឋកិច្ច​ក្នុងស្រុក ដោយសារ​តែ​អត្រា​អតិផរណា​កើនឡើង​ខ្ពស់ ខណៈ​ដែល​លក្ខខណ្ឌ​ខាងក្រៅ​កាន់តែ​អាក្រក់ ដោយសារ​តែ​ការ​ធ្លាក់​ចុះ​នៃ​តម្រូវការ​ខាងក្រៅ​៕

អត្ថបទ វ៉ាន់ ស្រីរ័ត្ន

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បុរី មេគង្គ លែន បាន​ចាប់​ដៃគូ​សហការ​លើ​កម្ចី​ហិរញ្ញប្បទាន​លំនៅឋាន​ជាមួយ​ធនាគា​សហពាណិជ្ជ ក.អ

ព័ត៌មាន
នាព្រឹកថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២២ នេះផ្ទាល់ក្រុមហ៊ុន មេគង្គ លែន ឌីវេឡុបម៉ិន ឯ.ក (Mekong Land Development Co., Ltd.) ដែលជាក្រុមហ៊ុនអ…

អូស្ត្រាលី អង់គ្លេស និងអាមេរិក ប្រកាសអភិវឌ្ឍមីស៊ីលល្បឿនលឿនជាងសំឡេង ចំពេលស្ថានការពិភពលោកតានតឹងខ្លាំង

ព័ត៌មាន
សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសអូស្ត្រាលីបានប្រកាសឲ្យដឹងថា ប្រទេសធំៗទាំង៣នេះ នឹងធ្វើការរួមគ្នាតាមរយៈសម្ព័ន្ធភាពសន្តិសុខ ដែលទើបបង្កើត…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ