វិនិយោគចិន

តើ​គម្រោង​វិនិយោគ​សំណង់​ចិន​នៅ​កម្ពុជា​អាច​នឹង​ជាប់​គាំង​ឬ​ទេ បន្ទាប់​ពី​ចិន​រឹត​ត្បិត​លំហូរ​មូលធន​ទៅ​ក្រៅ​ប្រទេស?


វិធានការ​ទប់ស្កាត់​ការ​ហូរ​ចេញ​នូវ​ទ្រព្យ​ធន​របស់​ប្រទេស​ចិន​គឺ​កំពុង​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទីផ្សារ​អចលន​ទ្រព្យ​ទូទាំង​ពិភព​លោក ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា​ផង​ដែរ។
សំណង់​នៅ​ភ្នំពេញ

ដូច​ដែល​យើង​ដឹង​ហើយ​ថា ចិន​បាន​បោះទុន​វិនិយោគ​ធំ​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ពិសេស​ទៅ​លើ​វិស័យ​សំណង់​និង​អចលន​ទ្រព្យ គឺ​ជា​ផ្នែក​ដ៏​សំខាន់​ដែល​វិនិយោគិន​ចិន​បោះទុន​វិនិយោគ​ក្នុង​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ។

ដូច្នេះ តើ​រដ្ឋាភិបាល​ចិន​បាន​ចេញ​វិធានការ​ទប់ស្កាត់​លំហូរ​ចេញ​នូវ​ទ្រព្យ​ធន​របស់​វិនិយោគិន​ចិន​មក​កាន់​បរទេស នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទីផ្សារ​អចលន​ទ្រព្យ​កម្ពុជា​យ៉ាង​ណា​ខ្លះ? 

ឆ្លើយតប​ទៅ​នឹង​បញ្ហា​នេះ ត្រូវ​បាន​ក្រុម​អ្នកជំនាញ​អចលន​ទ្រព្យ​កម្ពុជា​បាន​អះអាង​ថា មិន​មាន​អ្វី​ប៉ះពាល់​ដល់​ការ​វិនិយោគ​របស់​ចិន​នៅ​កម្ពុជា​ទេ។

លោក​ឧកញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ ស៊ីភីអិល ជាក្រុមហ៊ុន​មាន​បទ​ពិសោធន៍​២០​ឆ្នាំ​នៅ​ក្នុង​ទីផ្សារ​អចលន​ទ្រព្យ​កម្ពុជា បាន​បញ្ជាក់​អះអាង​ប្រាប់​សារព័ត៌មាន​អេឡិចត្រូនិក ខេមបូណូមីស ថា ការរឹត​បន្តឹង​របស់​រដ្ឋាភិបាល​ចិន​ដែល​មិន​ឲ្យ​យក​លុយ​ចេញ​វិនិយោគ​ក្រៅ​ប្រទេស​ច្រើន រួមទាំង​មាន​ការ​ត្រួត​ពិនិត្យ​ច្បាស់​លាស់ មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​វិនិយោគ​នៅ​ក្នុង​គម្រោង​សាងសង់​របស់​ចិន​នៅ​កម្ពុជា​នោះ​ទេ ។

លោក​ឧកញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុន​អចលន​ទ្រព្យ ស៊ីភីអិល។ (cambonomist.com)

ហេតុអ្វីបានជាថាមិនប៉ះពាល់យ៉ាងដូច្នេះ? 

ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា លោក​ឧកញ៉ា  ចេង ខេង បាន​បក​ស្រាយ​ថា ដោយសារ​តែ​ប្រទេស​ចិន​មាន​ខេត្ត​និង​តំបន់​ស្វ័យត​មួយ​ចំនួន មាន​ការ​គ្រប់គ្រង​ដោយ​ឯករាជ្យ​របស់​ខ្លួន ដូចជា តៃវ៉ាន់ ហុងកុង ដែល​ជា​តំបន់​រដ្ឋបាល​ស្វ័យត​នៃ​ប្រទេស​ចិន ដែល​តំបន់​និង​ខេត្ត​ទំាង​អស់​នោះ​មាន​ប្រភព​ហិរញ្ញ​វត្ថុ​ផ្ទាល់​ខ្លួន។ 

លោក​ឧកញ៉ា ចេង ខេង បន្ត​ថា តំបន់​និង​ខេត្ត​ឯករាជ្យ​ទំាង​នោះ មិន​មាន​ការ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រឹត​ត្បិត​និង​បំរាម​នៃ​ការ​ទប់​ស្កាត់​ការ​ហូរ​ចេញ​ទ្រព្យ​ធន​ទៅ​វិនិយោគ​ក្រៅ​ប្រទេស​ទេ។ ដូច្នេះ​​គម្រោងសាងសង់សំណង់​អគារ​លំនៅដ្ឋាន ខុនដូរ អគារ​ពាណិជ្ជកម្ម របស់​វិនិយោគិន​ចិន​នៅ​កម្ពុជា ភាគ​ច្រើន​មក​ពី​ចិន​តៃវ៉ាន់ ចិន​ហុងកុង និង​ខេត្ត​មួយ​ចំនួន​ទៀត​នៃ​ប្រទេស​ចិន។

ពាក់ព័ន្ធ​ទៅ​នឹង​ការ​រឹត​បន្តឹង​ការ​ហូរ​ចេញ​ប្រាក់​នេះ​ដែរ លោក គីម ហ៊ាង ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​​អចលន​​វត្ថុ​​កម្ពុជា បាន​មាន​ប្រសាសន៍​​ថា កម្ពុជា​មាន​ទំនាក់​ទំនង​ជាមួយ​ចិន​យ៉ាង​ស្អិត​រមួត ហើយ​កម្ពុជា​គោរព​គោល​នយោបាយ​ចិន​តែ​មួយ  ដូច្នេះ​ចិន​ទំនង​ជា​មិន​រឹតត្បិត​មក​លើ​ប្រទេស​កម្ពុជា​នោះ​ទេ។ 

លោក គីម ហ៊ាង ប្រធាន​សមាគម​អ្នក​វាយតម្លៃ​និង​ភ្នាក់ងារ​​អចលន​​វត្ថុ​​កម្ពុជា។ (cambonomist.com)

លោក គីម ហ៊ាង ដែល​ជា​អគ្គនាយក​ក្រុមហ៊ុន​ខ្មែរ​រៀល​អេស្ទេត ដែរ​នោះ បាន​មើល​ឃើញ​ថា មិន​មាន​អ្វី​ប៉ះពាល់​ជា​ដុំ​កំភួន​នោះ​ឡើយ ប៉ុន្តែ អ្វី​ដែល​ប៉ះពាល់​ធំ​ជាង​គេ គឺ​ចិន​កំពុង​សម្លឹង​រឹត​ត្បិត​ការ​ហូរ​ចេញ​ទ្រព្យ​ធន​ក្នុង​ការ​វិនិយោគ​វិស័យ​អចលន​ទ្រព្យ គឺ អាមេរិក អឺរ៉ុប។ ដូច្នេះ​ការ​បង្វិល​សាច់​ប្រាក់​របស់​វិនិយោគ​ចិនទៅ​អាមេរិក និង អឺរ៉ុប នឹង​មាន​ការ​លំបាក។

លោក​បាន​បញ្ជាក់​ថា ពិត​ណាស់​ថា ចិន​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​ជួយ​អភិវឌ្ឍ​វិស័យ​សំណង់ និង​ជំរុញ​ទីផ្សារ​អចលន​ទ្រព្យ​កម្ពុជា ប៉ុន្តែ បើ​សិន​ជា​ការ​រឹត​ត្បិត​នេះ​ប៉ះពាល់​ខ្លាំង​ដល់​កម្ពុជា​មែន ក៏​កម្ពុជា​មាន​វិនិយោគិន​មក​ពី​ប្រទេស​ជា​ច្រើន មក​វិនិយោគ​នៅ​ទីនេះ​ដែរ។

ក្រុមអ្នក​ជំនាញ​សេដ្ឋកិច្ច​បាន​មើល​ឃើញ​ថា កម្ពុជា​មិន​មែន​ពឹង​ផ្អែក​តែ​លើ​វិនិយោគ​មក​ពី​ប្រទេស​ចិន​តែ​មួយ​នោះ​ទេ កម្ពុជា​ត្រូវ​ធ្វើការ​កៀងគរ​អ្នក​វិនិយោគ​មក​ពី​ប្រទេស​ផ្សេងៗ​ជា​ច្រើន​ទៀត។ 

ក្រុម​អ្នក​វិភាគ​ទាំង​នោះ បាន​បញ្ជាក់​ថា «បើ​ទោះ​បី​ជា​គ្មាន​វត្ត​មាន​ចិន ឬ​សកម្មភាព​អន់​ថយ​របស់​ចិន​នៅ​ក្នុង​វិស័យ​សំណង់ និង​អចលន​ទ្រព្យ ក៏​មិន​មែន​ជា​ហេតុផល​ធ្វើ​ឲ្យ​ទីផ្សារ​អចលន​ទ្រព្យ​កម្ពុជា ជាប់គាំង​មិន​ដំណើរការ​នោះ​ដែរ»។

វិស័យ​សំណង់​នៅ​កម្ពុជា​ជា​ម៉ាស៊ីន​រុញច្រាន​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ដ៏​សំខាន់​មួយ។ (រូបភាព៖ ហេង ភារម្យ)

សូមជម្រាបថា ថ្មីៗនេះ​រដ្ឋាភិបាល​ចិន​បាន​ចេញ​វិធានការ​ទប់ស្កាត់​លំហូរ​មូលធន​របស់​អ្នក​វិនិយោគ​ចិន ដែល​វិនិយោគ​នៅ​ក្រៅ​ប្រទេស។  ដោយ​រដ្ឋាភិបាល​បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​ដែល​មាន​គម្រោង​វិនិយោគ​ទៅ​បរទេស ធ្វើការ​បញ្ជាក់​ពី​ប្រភព​ទឹក​ប្រាក់​សម្រាប់​វិនិយោគ​និង​ផ្តល់​ព័ត៌មាន​បន្ថែម​រាល់​ការ​ចំណាយ​ផ្សេងៗ។

អ្នក​ដែល​រំលោភ​បំពាន​នឹង​ត្រូវ​ដាក់​ចូល​ក្នុង​បញ្ជី​ត្រួត​ពិនិត្យ​របស់​រដ្ឋាភិបាល ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​ប្រើប្រាស់​រូបិយ​ប័ណ្ណ​បរទេស​រយៈពេល​៣​ឆ្នាំ និង​ត្រូវ​ជាប់​ក្នុង​ការ​ស៊ើប​អង្កេត​ទាក់ទិន​នឹង​ការ​លាង​លុយ ។

គួរ​រំឭក​ដែរ​ថា គិត​ចាប់​តំាង​ពី​ឆ្នាំ​១៩៩៤ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា បាន​កត់ត្រា​តួលេខ​វិនិយោគ​មក​ពី​ប្រទេស​ចិន​ក្នុង​គម្រោង​ទឹក​ប្រាក់​ប្រមាណ​ជាង ១៤​ពាន់​លាន​ដុល្លារ​អាមេរិក ឈរ​ក្នុង​ចំណាត់​ថ្នាក់​លេខ​២  ខណៈ​ដែល​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន និង​ក្រុមហ៊ុន​មក​ពី​ប្រទេស​កូរ៉េ ស្ថិត​ក្នុង​លំដាប់​ថ្នាក់​លេខ​៣ និង​លេខ​៤ ជា​បន្ត​បន្ទាប់។ ប៉ុន្តែ បើ​គិត​តែ​ការ​វិនិយោគ​ពី​បរទេស គឺ​ការ​វិនិយោគ​របស់​ចិន​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១។ នេះ​បើ​យោងតាម​របាយការណ៍​ពី​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា៕




អត្ថបទបន្ទាប់


តើ​គួរ​បញ្ឈប់​ការ​ឲ្យ​លុយ​អ្នក​សុំទាន​តាម​ផ្លូវ ឬ​ទេ?

ព័ត៌មាន
និយាយដោយស្មោះត្រង់ ខ្ញុំគ្មានចេតនាមើលងាយអ្នកសុំទាន ពីព្រោះក៏ដឹងថា ពួកគាត់មិនមែនចង់កើតមកវេទនាតោកយ៉ាក​​ដូច្នេះ​ដែរ។ ខ្ញុំក៏សូមទោសដែរ ប…

ព្រឹត្តិការណ៍​កម្ពុជា-​ចិន​ធំៗ​គួរ​ឲ្យ​កត់​សម្គាល់​គិត​ចាប់​ពី​ខែ​ធ្នូ​ឆ្នាំ​២០១៦​មក

ព័ត៌មាន
ទំនាក់ទំនងកម្ពុជា-ចិនកាន់តែ​ប្រសើរ​ឡើងពីមួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ហើយថ្មីៗបំផុតនេះ គេ​សង្កេត​ឃើញ​និន្នាការ​នៃ​ការ​ហូរ​ចូល​មក​កម្ពុជា​យ៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ