Advertisement
បច្ចេកវិទ្យា-​សហគ្រិន​ភាព

យុវជន​រូបនេះ​​បង្កើត GAME ផ្សព្វផ្សាយ​អត្តសញ្ញាណ​ខ្មែរ​​ទៅ​កាន់​​ពិភព​លោក


លោក ឈួម ពិសិដ្ឋ ជា​កូន​ខ្មែរ​មួយ​រូប ដែល​បាន​ដឹកនាំ​ក្រុម DirectPlay បង្កើត GAME ដោយ​បញ្ចូល​អត្តសញ្ញាណ​ខ្មែរ ដូចជា ក្បាច់គុណ ទីតាំង​ប្រាសាទ​បុរាណ និង​សិល្បៈ​ខ្មែរ​ជា​ច្រើន​ទៀត ដើម្បី​ផ្សព្វផ្សាយ​ទៅ​កាន់​ពិភព​លោក។
យុវជន ឈួម ពិសិដ្ឋ បង្កើត​ GAME ដែល​បញ្ចូល​រូបភាពអត្តសញ្ញាណ​ខ្មែរ​ ផ្សព្វផ្សាយទៅ​កាន់​ពិភព​លោក។
ដោយ
Advertisement

ឆ្លើយតប​ជាមួយ​អ្នក​កាសែត ខេមបូណូមីស លោក ឈួម ពិសិដ្ឋ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «ចាប់តាំង​ពី​ឆ្នាំ២០១៣ រហូត​មក​ដល់​បច្ចុប្បន្ន យើង​បាន​បង្កើត GAME ចំនួន​៦​ហើយ។ ហើយ GAME ចុង​ក្រោយ​នេះ ឈ្មោះ Jailbreak The Game ដែល​ត្រូវ​បាន​ទទួល​ពាន​រង្វាន់ Cambodia ICT ប្រចាំឆ្នាំ២០១៧»។

លោក​លម្អិត​ថា Game ទី១ ឈ្មោះ Hungry ObOb ដែល​មាន​រូប​កង្កែប​ទាញ​ផ្កែ​ដើម្បី​ទាក់ទាញ​សត្វ​ឃ្មុំ ដោយ​ប្រើ​អណ្តាត។ ក្នុង​នោះ​មាន​បញ្ចូល​ទីតាំង​ប្រាសាទ​អង្គរវត្ត​នៅ​លើ Window8។ ទី២ ហ្គេម​ឈ្មោះ Parachute Jumper ជា​សកម្មភាព​លោត​ឆ័ត្រ​លើ​យន្តហោះ​រើស​ត្បូង​លើ​ដី​តែ​កុំ​ឲ្យ​ប៉ះ​សត្វ​កុក។ ទី៣ ហ្គេម ឈ្មោះ Sok and Sao’s Adventure ដែល​បង្ហាញ​ថា សត្វ​មូស ខ្យា​ដំរី ជា​សត្វ​ចង្រៃ។ ទី៤ ហ្គេម​ឈ្មោះ Chasing Zombies ទី៥ ហ្គេម ឈ្មោះ Wrath of Fighters  និង​ទី៦ ហ្គេម ឈ្មោះ Jailbreak ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ជាង​គេ។

លោក​​អត្ថាធិប្បាយ​​ថា ក្រុម​​របស់​​លោក​មាន ៤​នាក់ ដូចជា អ្នក​គូរ​រូប​ឌីជីថល អ្នក​ធ្វើ​គំនូរ​ជីវចល និង​អ្នក​សរសេរ​កម្មវិធី (Program) និង​កូដ ខណៈ​លោក​ជា​អ្នក​ដឹកនាំ។  ក្នុង​មួយ​ឆ្នាំ ក្រុម DirectPlay ធ្វើ​បាន​តែ​២​ប៉ុណ្ណោះ។ បើ​តាម​ការ​បញ្ជាក់​ពី​លោក ឈួម ពិសិដ្ឋ ហ្គេម របស់​លោក​ទាំង​អស់ មិន​ចម្លង​ពី​គេ​ឡើយ ពោល​​គឺ​បង្កើត​ដោយ​គំនិត​ខ្លួន​ឯង​សុទ្ធ​សាធ។

លោក​បញ្ជាក់​ថា លក្ខណៈ​ពិសេស​របស់ Jailbreak the Game គឺ​បង្កើត​ចេញ​ពី​ភាពយន្ត​​ឈ្មោះ Jailbreak ដែល​លោក​បាន​បញ្ចូល​ក្បាច់​ខ្មែរ ទីក្រុង​ភ្នំពេញ អគារ​បូឌីញ និង​អត្តសញ្ញាណ​ខ្មែរ ជា​ច្រើន​ទៀត។

លោក​អះអាង​ថា៖ «យើង​ចង់​បង្ហាញ​ជា​ឧទាហរណ៍​ឲ្យ​សិស្ស​និស្សិត​ក្រោយៗ​ទៀត ដែល​រៀនចប់​ចង់​ធ្វើ GAME។ យើង​បង្ហាញ​គាត់​ថា GAME មិន​អាក្រក់​ទេ សំខាន់​យើង​យក​មក​ប្រើប្រាស់​ក្នុង​វិធីណា? ដូច្នេះ ជា​ការ​លើក​ទឹក​ចិត្ត​គាត់ ព្រោះ​សង្គម​និង​ក្រសួង​បាន​ទទួល​ស្គាល់។ កាល​មុន រូបភាព​អ្នក​ធ្វើ​ហ្គេម​ផ្សេង តែ​ពេល​ជាប់​ពាន​រង្វាន់ គេ​ឲ្យ​តម្លៃ​យើង​លើស​មុន»។ 

តាមពិត​ទៅ លោក ឈួម ពិសិដ្ឋ មិនមែន​ជា​អ្នក​ជំនាញ​ព័ត៌មាន​វិទ្យា (IT) នោះ​ទេ បុរស​វ័យ​២៩​ឆ្នាំ​រូប​នេះ គឺ​ជា​វិស្វករ។ លោក​ពន្យល់​យ៉ាង​ដូច្នេះ ថា៖ «ហ្គេម វា​ជា​ផ្នែក​មួយ​ដែល​ជួយ​ជំរុញ​សិល្បៈ​យើង​ឲ្យ​ទៅ​មួយ​កម្រិត​ទៀត។ ធម្មតា ជំនួញ គេ​ធ្វើ​ដើម្បី​លុយ។ លុយ​ជា​រឿង​មួយ ប៉ុន្តែ ក្រុម​ខ្ញុំ​បាន​សួរ​ខ្លួន​ឯង​ថា តើ​យើង​ធ្វើ​ដើម្បី​អ្នក​ណា? យើង​ធ្វើ​ដើម្បី​ប្រជាជន និង​ប្រទេស​យើង។ ដូច្នេះ យើង​មាន​វប្បធម៌ យើង​អាច​សម្តែង​តាម​កុន ចម្រៀង ឬ​របាំ តែ​យើង​អាច​យក​ទាំង​អស់​ហ្នឹង​ដាក់​បញ្ចូល​ក្នុង​ហ្គេម ដូច​នៅ អឺរ៉ុប គេ​យក​សម្លៀក​បំពាក់​គេ តួអង្គ​គេ និង​វប្បធម៌​គេ​ដាក់​ក្នុង​ហ្គេម។ ចុះ​ហេតុអ្វី​យើង​មិន​នាំ​យក​អត្តសញ្ញាណ​ខ្មែរ​យើង​មក​ផ្សព្វផ្សាយ​ក្នុង​ហ្គេម​ដែរ​ទៅ? ដូច្នេះ យើង​ចង់​ផ្សព្វផ្សាយ​អ្វី​ជា​របស់​ខ្មែរ​ទៅ​កាន់​ពិភពលោក តាមរយៈ​ឌីជីថល»។ 

លោក​ពន្យល់​ថា ហ្គេម​ទាំង​៦ គឺ​អាច​ដោនឡូត​ដោយ​មិន​គិត​ថ្លៃ។ ម្យ៉ាង​វិញ​ទៀត ហ្គេម​នេះ​បាន​បង្ហាញ​ពី​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​បែប​ថ្មី ដោយ​មិន​ដាក់​ពាណិជ្ជកម្ម​ពេល​កំពុង​លេង ដែល​ធ្វើ​ឲ្យ​រំខាន និង​ធុញ​ទ្រាន់​ដល់​អ្នក​លេង​នោះ ប៉ុន្តែ ហ្គេម Jailbreak គឺ​បាន​បញ្ចូល​ផ្ទាំង​បាណូ ភេសជ្ជៈ​ស្ទីង​របស់​ក្រុមហ៊ុន PEPSI៕  

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សេវា​រថភ្លើង"​លឿន​ទាន់ចិត្ត​" នឹងជួយ​សម្រួល​ចរាចរណ៍​​ភ្នំពេញ-​ព្រលានយន្តហោះ

ព័ត៌មាន
អំណេះ​តទៅ បញ្ហា​ខកជើង​យន្តហោះ​ដោយសារតែ​​ការកក​ស្ទះ​ចរាចរណ៍ ឬដំណើរ​មិនអាច​ព្យាករ​បាន​ អាច​នឹង​លែង​មាន​តទៅ​ទៀត​ហើយ បន្ទាប់ពី​សេវា...

ក្រសួង​រៀបចំ​ដែនដី​​នឹង​ចាត់​វិធានការ​គម្រោង​ពុះ​ដី​ឡូត៍​លក់​គ្មាន​លិខិត​អនុញ្ញាត

ព័ត៌មាន
នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ ប្រកាស​ចាត់​វិធានការ​ទៅ​លើ​​គម្រោង​ពុះ​ដី​ឡូត៍​លក់​ដែល​មិន​មាន​...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ