កាលពីពាក់កណ្តាលខែឧសភា ឆ្នាំនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានកែប្រែថ្លៃលក់ទឹកស្អាតសម្រាប់ការផ្គត់ផ្គង់របស់ខ្លួន នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។
សូមបញ្ជាក់ដែរ ពាក់ព័ន្ធទៅនឹងការប្រែប្រួលតម្លៃទឹកស្អាតនេះដែរ ត្រូវបានប្រមុខរាជរដ្ឋាភិបាលបានបញ្ជាឲ្យបញ្ចុះតម្លៃ និងសងប្រាក់ត្រលប់ទៅឲ្យអតិថិជនវិញ បន្ទាប់ពីមានការតវ៉ាពីសំណាក់ប្រជាពលរដ្ឋជាច្រើន ការបង់ថ្លៃទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចេញនៅតម្លៃថ្មី កាលពីខែឧសភា កន្លងទៅ មានតម្លៃថ្លៃគុណនឹងពីរ។
រហូតមកដល់ដើមសប្តាហ៍នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចឲ្យក្រសួងឧស្សាហកម្ម និងសិប្បកម្មធ្វើការជាមួយរដ្ឋាករទឹកដើម្បីវិលត្រឡប់ទៅអនុវត្តរូបមន្តដើមវិញ និងត្រូវសងប្រាក់ទៅប្រជាជនវិញនូវទឹកប្រាក់ដែលបានយកលើសពីប្រជាជនតាមរបៀបថ្មី ដោយសម្តេចតេជោ ហ៊ុន សែន បានអះអាងថា ការគណនារបៀបទូទាត់តម្លៃថ្មីនេះអនុវត្តផ្ទុយនយោបាយអនុគ្រោះសម្រាប់ប្រជាជនក្រីក្រ។
កាលពីថ្ងៃទី២៨ ខែសីហាដដែល រដ្ឋាករទឹកស្វយ័តបានចេញសេចក្តីជូនដំណឹងថា រដ្ឋាករទឹកនឹងធ្វើការគណនាតម្លៃតាមរូបមន្តចាស់ និងធ្វើការទូទាត់សងប្រាក់លម្អៀងនាពេលកន្លងមកចាប់ពីថ្ងៃទី៤ កញ្ញាទៅ៕