វិស័យសំណង់នៅតែមានកំណើនរឹងមាំនៅចុងឆ្នាំនេះ ទោះបីការបោះឆ្នោតជាតិកាន់តែខិតចូលមកដល់
ដោយ
កំណើនទុនវិនិយោគក្នុងវិស័យសំណង់នៅកម្ពុជា នារយៈចុងឆ្នាំ២០១៧នេះ នៅតែរក្សាបាននូវកំណើនខ្ពស់រឹងមាំគួរឲ្យកត់សម្គាល់ ទោះបីជាការបោះឆ្នោតជាតិនឹងត្រូវចូលមកដល់នៅឆ្នាំក្រោយនេះក៏ដោយក្ដី។ តួយ៉ាង នៅរយៈពេល១០ខែឆ្នាំនេះ ទុនវិនិយោគក្នុងវិស័យសំណង់បានហក់កើនឡើងប្រមាណ២៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦។ ស្របទៅនឹងកំណើនទុនវិនិយោគក្នុងវិស័យសំណង់នេះដែរ ក៏បានធ្វើឲ្យក្រុមហ៊ុនប្រកបអាជីវកម្មសិក្សាគម្រោងប្លង់ និងក្រុមហ៊ុនផ្គត់ផ្គង់សម្ភារ និងសេវាកម្មក្នុងវិស័យសំណង់ក៏មានការកើនឡើងច្រើនផងដែរ។