Co-working space ដ៏ធំបំផុតនៅភ្នំពេញ បើកឲ្យដំណើរការនៅដើមឆ្នាំនេះ
ប្រាំឆ្នាំមុន បើនិយាយអំពីការិយាល័យធ្វើការរួម ឬហៅថា co-working space គ្មានអ្នកណាស្គាល់ទេ។ ប៉ុន្តែ ឥឡូវ ខណៈដែលនិស្សិតឬអ្នកធ្វើការវ័យក្មេងៗផ្លាស់ប្ដូររបៀបធ្វើការថ្មី ដោយចូលចិត្តធ្វើការនៅទីណាក៏បាន ពេលណាក៏បាន ការិយាល័យការងាររួមបាននិងកំពុងក្លាយជាទំនោរកាន់តែពេញនិយម ជាពិសេស នៅរាជធានីភ្នំពេញ។
សព្វថ្ងៃ ការិយាល័យរួម ឬ co-working space កើតឡើងរីកដុះដាលដូចផ្សិតនៅភ្នំពេញ។ ហើយឆាប់ៗនេះ co-working space ដ៏ធំបំផុតនិងដែលមានភាពច្នៃប្រឌិតបំផុត នឹងលេចចេញជារូបរាងមួយទៀតហើយ ដោយមានឈ្មោះថា Factory Phnom Penh។
អ្នកអភិវឌ្ឍដាក់ឈ្មោះថា Factory Phnom Penh ឬប្រែជាភាសាខ្មែរថា រោងចក្រភ្នំពេញ ដោយសារតែកាលពីមុន ទីនេះគឺជារោងចក្រកាត់ដេរដ៏ធំបំផុតមួយ ដែលសង់នៅលើផ្ទៃដីដល់ទៅ ៣ហិកតាកន្លះ។ ហើយឥឡូវនេះ ទីនេះ នឹងត្រូវប្រែក្លាយជាការិយាល័យធ្វើការរួម (co-working space) ដ៏ធំ ទំនើប និងមានភាពច្នៃប្រឌិតបំផុត។ នេះបើតាមការអះអាងរបស់ក្រុមហ៊ុនអភិវឌ្ឍសំណង់លំនៅដ្ឋាន និងខុនដូ ឈ្មោះ Urban Living Solutions។