ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើមួយរូប និយាយថា រកស៊ីខាត៤ឆ្នាំជាប់គ្នាហើយ!
អាជីវកររកស៊ីចិញ្ចឹមក្រពើយកកូនលក់ដ៏ចាស់វស្សាមួយរូប បានត្អូញត្អែរថា រូបលោករកស៊ីខាត ៤ឆ្នាំជាប់គ្នាហើយ គិតទាំងឆ្នាំនេះ ដោយសារតែកូនក្រពើគ្មានហាងឆេងទីផ្សារ ឬបើមាន ក៏តម្លៃថោកខ្លាំង ដែលពុំអាចចំណេញបាន។
លោក កាំង សារិន គឺជាម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើ Cambo Crocodile Farm ដែលជាកសិដ្ឋានចិញ្ចឹមក្រពើដ៏ធំនិងមានអាយុកាលយូរជាងគេបង្អស់ នៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ មកដល់ពេលនេះ កសិដ្ឋានមានចិញ្ចឹមក្រពើ ប្រមាណជា ៥ពាន់ក្បាល រាប់ចាប់តាំងពីក្រពើទើបញាស់ រហូតដល់ក្រពើធំ។
លោក សារិន ត្អូញត្អែរថា ៤ឆ្នាំចុងក្រោយនេះ លោកបានរកស៊ីខាតអស់ជិត ១០ម៉ឺនដុល្លារហើយ ពីរបរចិញ្ចឹមក្រពើនេះ ។ នៅឆ្នាំនេះ ស្ថានភាពតម្លៃកូនក្រពើ កាន់តែយ៉ាប់យឺនខ្លាំងជាងឆ្នាំមុនទៀត ព្រោះថា ឆ្នាំនេះតម្លៃកូនចុះនៅសល់តែ ២,៥ដុល្លារ ទៅ៣ដុល្លារតែប៉ុណ្ណោះ ខណៈដែលឆ្នាំមុនតម្លៃកូនក្រពើមួយក្បាលតម្លៃ ៥ដុល្លារ៕