[VIDEO] បន្ទាប់ពីសួនសត្វ សាហ្វារី ឧកញ៉ា លី យ៉ុងផាត់ នឹងបើកសួនទឹកដ៏ធំបំផុតមួយទៀត ចុងឆ្នាំនេះ!
បើមិនមានអ្វី ប្រែប្រួលទេ សួនទឹកកម្សាន្ដដ៏ធំជាងគេបង្អស់នៅអាស៊ាន ឈ្មោះហ្គាឌិន ស៊ីធី វ៉តធើផាក ដែលមានតម្លៃវិនិយោគចុះបញ្ជីប្រមាណ ៥៥ លានដុល្លារអាមេរិក វិនិយោគដោយក្រុមហ៊ុន LYP Group របស់ ឯកឧត្តម អ្នកឧកញ៉ា លី យ៉ុងផាត់នោះ នឹងបើកដំណើរការជាធារណៈនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៩នេះហើយ ខណៈដែលនៅខែសីហា ឆ្នាំនេះ សួនទឹកនេះ ក៏នឹងបើកដំណើរការសាកល្បង សម្រាប់ភ្ញៀវចូលលេងកម្សាន្ដផងដែរ។ នេះបើតាម ការបញ្ជាក់ពីអគ្គនាយកក្រុមហ៊ុន LYP Group។
សួនទឹកដ៏ធំ ហ្គាឌិន ស៊ីធី វ៉តធើផាកនេះ ត្រូវបានគេមើលឃើញថា ជាផលិតផលទេសចរណ៍សំខាន់មួយ សម្រាប់ជំរុញកំណើនទេសចរណ៍របស់កម្ពុជា ដែលបច្ចុប្បន្នរាជរដ្ឋាភិបាលចាត់ទុកវិស័យនេះជា «មាសបៃតង» របស់កម្ពុជា។
សួនទឹកកម្សាន្ត ហ្គាដិនស៊ីធី វ៉តធើផាក នេះ បាននិងកំពុងអភិវឌ្ឍសាងសង់នៅលើផ្ទៃដី ជិត ៧ហិកតា ដែលស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបថ្មី របស់ឯកឧត្តម អ្នកឧកញ៉ា លី យ៉ុងផាត់ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារប្រមាណជាង ១៥ គីឡូម៉ែត្រពីរាជធានីភ្នំពេញ៕