[Video Report] តំបន់និរតីរាជធានីភ្នំពេញមានសន្ទុះអភិវឌ្ឍន៍យ៉ាងលឿន!
ប៉ុន្មានឆ្នាំចុងក្រោយនេះ ការពង្រីកទីក្រុងនៅតាមតំបន់មួយចំនួននៃរាជធានីភ្នំពេញ បានធ្វើឡើងយ៉ាងមមាញឹក។ ក្នុងនោះ តំបន់បែកខាងត្បូងឈៀងខាងលិចរាជធានីភ្នំពេញ ក៏ត្រូវបានគេវាយតម្លៃថា មានសកម្មភាពអភិវឌ្ឍន៍ខ្លាំងក្លាដែរ ដោយរួមមានការបង្កើតតំបន់សេដ្ឋកិច្ចពិសេស សកម្មភាពសាងសង់លំនៅដ្ឋាន បុរី ខុនដូ រោងចក្រ និងក្រុមហ៊ុនជាដើម។
លោក ស្រី ទួន អ្នករស់នៅតំបន់ចម្ការដូង បានប្រាប់ខេមបូណូមីសថា លោកធ្វើការនៅតំបន់ខណ្ឌដង្កោនេះតាំងពីឆ្នាំ២០០០មក ដោយកាលនោះ ទីនេះ វាលស្រែ និងឧស្សាហ៍មានទឹកលិចផ្លូវនៅពេលភ្លៀងម្តងៗ ប៉ុន្ដែ បច្ចុប្បន្ន ខណ្ឌដង្កោមានការអភិវឌ្ឍលំនៅដ្ឋាន និងមានហេដ្ឋារចនាសម្ព័ន្ធល្អជាងមុន។
លោករៀបរាប់យ៉ាងដូច្នេះថា៖«កាលមុន ខែទឹកជន់ លិចផ្លូវថ្នល់ ហើយបុរីពិភពថ្មីចម្ការដូងនេះ ពីមុនសុទ្ធតែជាបឹង និងវាលស្រែ តែបច្ចុប្បន្ន នៅម្តុំនេះ មានសំណង់ផ្ទះច្រើន មិនមែនមានតែបុរីពិភពថ្មីមួយទេ មានបុរីជាច្រើនទៀត មានរោងចក្រកាត់ដេរ និងក្រុមហ៊ុន និយាយរួម វាខុសពីមុនឆ្ងាយ»។