Rolls-Royce បង្ហាញរថយន្តថ្មីម៉ូដែល Sweptail តម្លៃ១៣លានដុល្លារ
ក្រុមហ៊ុនរថយន្ត Rolls Royce ទើបបានផលិតរួចរាល់នូវម៉ូដែលថ្មីបំផុតមួយ ឈ្មោះ Sweptail ដែលក្រុមហ៊ុនអះអាងថា អាចជារថយន្តដែលថ្លៃជាងគេបំផុត នៅលើពិភពលោក។
រថយន្ត Rolls Royce ឈ្មោះ Sweptail នេះ ជាការផលិតសម្រិតសម្រាំងបំផុត សម្រាប់អតិថិជនមួយរូបគត់ដែលបានកុម្មង់ឲ្យក្រុមហ៊ុន Rolls-Royce ផលិតឲ្យរូបគាត់។
រថយន្តប្រណីតថ្មីបំផុតដែលមានតែមួយគ្រឿងគត់នេះ ត្រូវបានបង្ហាញដល់អ្នកសារព័ត៌មាននៅឯ Concorso d’Eleganza នៅក្រុង Villa d’Este កាលពីថ្ងៃទី២៧ ឧសភា ឆ្នាំ២០១៧។
ក្រុមហ៊ុន Rolls-Royce បានឲ្យដឹងថា ខ្លួនបានចាប់ផ្ដើមផលិតរថយន្តមួយគ្រឿងយ៉ាងពិសេសនេះ តាំងពីឆ្នាំ២០១៣ មកម្ល៉េះ ហើយទើបនឹងផលិតរួចរាល់ថ្មីៗបំផុតនេះប៉ុណ្ណោះ។ រថយន្ត Sweptail នេះ យកលំនាំតាមរថយន្ត Rolls-Royce កាលសម័យទសវត្ស១៩២០។
យោងតាមសារព័ត៌មាន The Telegraph រថយន្ត Rolls Royce ឈ្មោះ Sweptail នេះ មានតម្លៃជាង ១២,៨លានដុល្លារអាមេរិក។ ហើយផ្អែកតាមតម្លៃនេះ Sweptail អាចក្លាយជារថយន្តប្រណីតមួយគ្រឿង ដែលមានតម្លៃខ្ពស់ជាងគេបំផុតនៅលើពិភពលោក៕