ពិការភ្នែកទាំងគូ ប៉ុន្តែមិនពិការចំណេះ
គេនិយាយថា ឲ្យតែមានសង្ឃឹមនិងជំនឿចិត្ត អ្វីៗក៏អាចសម្រេចបានដែរ។ ជាក់ស្ដែង កុមារីមួយរូបនៅក្នុងវីដេអូដែលលោកអ្នកនាងនឹងទស្សនាខាងក្រោមនេះ ជំនះភាពពិការភ្នែកទាំងគូរបស់នាង និងបានចូលរៀនក្រេបយកចំណេះដូចក្មេងដទៃទៀតដែរ។ ទៅថ្ងៃអនាគត នាងចង់ធ្វើជាគ្រូបង្រៀន។
កើតមកពិការភ្នែក ជីវិតពិតប្រាកដជាងងឹតសូន្យសុងទៅហើយ គ្មានឡើយក្ដីរំពឹងក្នុងមួយជាតិនេះ។ នេះជាការយល់ឃើញរបស់មនុស្សភាគច្រើន ប៉ុន្តែ កុមារី វ៉ា សីហា មកពីស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានធ្វើឲ្យមនុស្សផងទាំងពួង រួមទាំងឪពុកម្ដាយបងប្អូន ឃើញច្បាស់ថា នាងពិការភ្នែកទាំងគូមែនពិត តែចំណេះមានពេញខ្លួនដូចក្មេងដទៃទៀតដែរ។ នេះដោយសារនាងបានចូលរៀននៅសាលាបង្រៀនកុមារគថ្លង់ពិការភ្នែករបស់អង្គការ គ្រួសារថ្មី នៅជាយរាជធានីភ្នំពេញ។