ម៉ាសថ្លៃ? អ្នកអាចដេរម៉ាសខ្លួនឯងបាន ដោយទស្សនាវីដេអូនេះ!
នៅប្រទេសម៉ាឡេស៊ី ស្ទូឌីយ៉ូកាត់ដេរមួយ ឈ្មោះថា Maker's Habitat កំពុងបង្រៀងពិភពលោកអំពីវីធីផលិតម៉ាសមុខដែលធ្វើអំពីកំណាត់អំបោះ ខណៈដែលតម្រូវការម៉ាសនៅលើពិភពលោកកើនឡើងយ៉ាងគំហុក បន្ទាប់ពីវីរុសកូវីដ១៩ កំពុងឆ្លងរាតត្បាតស្ទើរតែគ្រប់ទិសទីនៅលើភពផែនដី។
ស្ថាបនិក Maker's Habitat អ្នកនាង Ching Ng ជាគ្រូបង្រៀនមុខវិជ្ជាដេរ ដល់កុមារនិងមនុស្សពេញវ័យ។ ប៉ុន្តែ ដោយសារតែពិភពលោកទាំងមូលកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការឆ្លងរាលដាលដ៏លឿននៃវីរុសកូវីដ១៩ អ្នកនាង Ching Ng បានប្រើម៉ាស៊ីនដេររបស់អ្នកនាង ដើម្បីបុព្វហេតុមួយខុសពីសព្វដង គឺ ដេរម៉ាសកំណាត់អំបោះ និងបង្ហាញអ្នកដទៃឲ្យចេះធ្វើវាដែរ។
អ្នកនាងបានផលិតជាវីដេអូមួយ បង្ហាញពីរបៀបដេរម៉ាស ក្នុងបំណងចែករំលែកដល់អ្នកដទៃទៀត។ ក្នុងពេលតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ វីដេអូរបស់អ្នកនាង Ching Ng មានអ្នកទស្សនាជិត ២លានដងទៅហើយ។ សម្រាប់លោកអ្នកនាង ដែលមានម៉ាស៊ីនដេរ និងមានជំនាញដេរខ្លះ គឺអាចផលិតម៉ាសនេះបានហើយ ដោយមើលតាមវីដេអូខាងលើ៕