Video Report: គម្រោងផ្សារទំនើបធំ ២ ដែលសង់យូរហើយ ប៉ុន្តែមិនឃើញសម្ពោធបើក!!!
រាជធានីភ្នំពេញ ត្រូវបានទទួលស្គាល់ថា គឺជាបណ្ដុំនៃចរន្ដអភិវឌ្ឍន៍ដ៏ក្ដៅគគុកជាងគេមួយ នៃវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជា។ អគារខ្ពស់ៗរាប់ពាន់អគារ ត្រូវបានសាងសង់ឡើងយ៉ាងគំហុកនៅរយៈពេល ៥ឆ្នាំចុងក្រោយនេះ។ ក្រៅពីសំណង់អគារលំនៅដ្ឋានបុរី ខុនដូ និងការិយាល័យ ត្រូវបានសាងសង់ឡើងជ្រោងច្រាង គេសង្កេតឃើញថា សំណង់ផ្សារទំនើបទាំងធំតូច យីហោជាតិ និងអន្តរជាតិ ក៏បាននិងកំពុងរំលេចខ្លួនកាន់តែច្រើនឡើងផងដែរ។ ទោះយ៉ាងណា ក៏មានផ្សារទំនើបធំៗ ចំនួន ២ បានជាប់គាំងមិនទាន់បើកដំណើរការនៅឡើយ ខណៈដែលការសាងសង់ត្រូវបានអូសបន្លាយមកជាច្រើនឆ្នាំមកហើយ។
គម្រោងសាងសង់ផ្សារទំនើបទាំងពីរ ដែលហាក់កំពុងជាប់គាំង រួមមាន ទី១ គឺផ្សារទំនើប Young Commercial ដែលផ្សារនេះ ត្រូវបានដឹងថា វិនិយោគក្នុងទំហំទឹកប្រាក់ ១៥លានដុល្លារ នៅតាមបណ្ដោយផ្លូវជាតិ លេខ៦A។
ទី២ គឺផ្សារទំនើប Parkson ដែលផ្សារទំនើបយីហោពីម៉ាឡេស៊ីមួយនេះ ត្រូវបានគេចាត់ទុកថា ជាដៃគូប្រជែងធំមួយរបស់ផ្សារទំនើប អ៊ីអន ហើយប្រហែលជាមានមនុស្សមិនតិចនោះដែរ ដែលរង់ចាំឡើងដើរកម្សាន្ដនៅផ្សារមួយនេះ។
ត្រូវបានចាប់ផ្ដើមសាងសង់តាំងពីឆ្នាំ ២០១២ និងធ្លាប់ប្រកាសថា បើកដំណើរការនៅឆ្នាំ២០១៥ លុះក្រោយមកទៀតប្រកាសថា នឹងបើកដំណើរការនៅដើមឆ្នាំ ២០១៧ ប៉ុន្ដែ គិតមកទល់ជាងពាក់កណ្ដាលឆ្នាំ២០១៨នេះទៅហើយ ផ្សារទំនើប Parkson នេះ នៅមិនទាន់បានបើកដំណើរការនៅឡើយទេ។