[វីដេអូ] ហេតុអ្វីធនាគារអេស៊ីលីដាទើបតែសម្រេចចិត្តចូលផ្សារភាគហ៊ុននៅឆ្នាំ២០២០នេះ?
ធនាគារអេស៊ីលីដា ដែលជាធនាគារពាណិជ្ជធំជាងគេមួយនៅកម្ពុជា បានប្រកាសថា នៅមុនខែមេសាឆ្នាំ២០២០នេះ ធនាគារនេះ នឹងបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ ឬបណ្ណភាគហ៊ុនរបស់ខ្លួន នៅក្នុងផ្សារមូលបត្រកម្ពុជា។ វត្តមាន របស់ធនាគារអេស៊ីលីដានៅក្នុងផ្សារមូលបត្រកម្ពុជានេះ ត្រូវបានគេមើលឃើញថា នឹងធ្វើឲ្យវិស័យផ្សារភាគហ៊ុនកម្ពុជានឹងកាន់តែមានការរីកចម្រើនថែមមួយកម្រិតទៀត។
នៅឆ្នាំ២០២០នេះ ធនាគារអេស៊ីលីដា នឹងបើកនូវសករាជថ្មីរបស់ខ្លួនក្នុងវិថីហិរញ្ញវត្ថុនៅកម្ពុជា ហើយក៏ត្រូវបានគេមើលឃើញថា នឹងអាចក្លាយជាធនាគារគំរូមួយផងដែរ ក្នុងការបោះជំហានជើងចូលក្នុងទីផ្សារភាគហ៊ុននៅក្នុងពេលឆាប់ៗដ៏ខ្លីខាងមុខនេះ។ ស្របពេលដែល ធនាគារដ៏ធំមួយនេះ នឹងបោះផ្សាយលក់ភាគហ៊ុននោះ ប្រាក់ចំណេញរបស់ធនាគារអេស៊ីលីដា ក៏ត្រូវបានរំពឹងដែរថា នឹងហក់កើនឡើងលើស ១០០លានដុល្លារអាមេរិកនៅឆ្នាំ២០២០។ នេះបើតាមការអះអាងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារ ដែលប្រាប់សារព័ត៌មានខេមបូណូមីសនាពេលថ្មីៗនេះ។