Advertisement
លំនៅដ្ឋាន

ជប៉ុន​​បង្កើន​ការ​វិនិយោគ​ផ្នែក​​លំនៅដ្ឋាន​នៅ​កម្ពុជា ខណៈ​វិស័យ​នេះ​កាន់​តែ​ប្រកួត​ប្រជែង


ក្រុមហ៊ុន​វិនិយោគ​អចលន​ទ្រព្យ​របស់​ជប៉ុន ដែល​បាន​ឈរ​ជើង​យូរ​ឆ្នាំ​នៅ​កម្ពុជា នៅតែ​សម្លឹង​ឃើញ​ពី​សក្ដានុពល​ទីផ្សារ​អចលន​ទ្រព្យ​នៅ​កម្ពុជា ពិសេស លើ​ការ​អភិវឌ្ឍ​លំនៅដ្ឋាន​សម្រាប់​អ្នក​ចំណូល​មធ្យម។
គម្រោង​លំនៅដ្ឋាន​ អារ៉ាតា ហ្គាឌិន រ៉េស៊ីឌិនស៍ របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅដ្ឋាន​មក​ពី​ប្រទេស​ជប៉ុន ឈ្មោះ Creed Asia Cambodia។
ដោយ
Advertisement

យ៉ាង​ណា​ក៏​ដោយ វិស័យ​អចលន​ទ្រព្យ​កម្ពុជា នា​មួយ​រយៈ​ចុង​ក្រោយ​នេះ កំពុង​ឈាន​មក​ដល់​ចំណុច​មួយ​ដែល​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង ខណៈ​ដែល​គម្រោង​អភិវឌ្ឍ​លំនៅដ្ឋាន​ជា​ច្រើន​ ទាំង​ខុនដូ បុរី អាផាតមិន បាន​និង​កំពុង​ពង្រីក​ខ្លួន​កាន់​តែ​ច្រើន​ឡើងៗ។

លោក Eguchi Takashi ប្រធាន​ក្រុមហ៊ុន Creed Asia Cambodia បាន​លើក​ឡើង​ថា គិត​មក​ទល់​ពេល​នេះ ក្រុមហ៊ុន​របស់​លោក​បាន​វិនិយោគ​លើ​គម្រោង​អចលន​ទ្រព្យ​នៅ​កម្ពុជា ៣​គម្រោង​ហើយ ដែល​ក្នុង​នោះ មាន​ដូចជា គម្រោង​ខុនដូ Bodaiju គម្រោង​បុរី​មហា​សែនសុខ និង​គម្រោង​ទី៣ ដែល​ទើប​បើក​សម្ពោធ​សាងសង់​នា​ពេល​ថ្មីៗ​នេះ គឺ​គម្រោង​សួន​លំនៅដ្ឋាន Arata ដែល​ចំណាយ​ទុន​ប្រមាណ​ជាង​២០​លាន​ដុល្លារ សាង​សង់​លើ​ផ្ទៃ​ដី​សរុប​ជាង​១២​ហិកតា។ 

លោក​បន្ត​ថា នៅ​ក្នុង​ដំណាក់កាល​ដំបូង​នៃ​ការ​សាងសង់​គម្រោង​លំនៅដ្ឋាន​ទី​៣​នេះ នឹង​ធ្វើការ​សាងសង់​ផ្ទះ​ជាង​៥០០​ខ្នង ដែល​គ្រោង​ចាប់​ផ្ដើម​សាងសង់​នៅ​ខែ​កញ្ញា​ឆ្នាំ​២០១៧ ​ហើយ​​តម្លៃ​ផ្ទះ​ទាំង​នេះ ​មាន​ចាប់​ពី ៨៧០០០​ដុល្លារ​ឡើង​ទៅ។

លោក Eguchi Takashi ប្រធាន​ក្រុមហ៊ុន Creed Asia Cambodia។

បើ​តាម​ការ​បញ្ជាក់​ពី​ប្រធាន​ក្រុមហ៊ុន Creed Asia Cambodia បាន​ឲ្យ​ដឹង​ថា គិត​មក​ទល់​បច្ចុប្បន្ន ក្រុមហ៊ុន​ជប៉ុន​មួយ​នេះ​បាន​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​បាន​រយៈពេល ៥​ឆ្នាំ​មក​ហើយ ដោយ​បាន​វិនិយោគ​លើ​គម្រោង​លំនៅដ្ឋាន​បី​ដូច​ដែល​បាន​រៀបរាប់​ខាង​លើ និង​គិត​ជា​ទឹក​ប្រាក់​សរុប​ប្រមាណ ៧០​លាន​ដុល្លារ និង​កំពុង​សិក្សា​លើ​គម្រោង​ថ្មីៗ​បន្ថែម​ទៀត។

ហេតុផល​ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​មួយ​នេះ បន្ត​ពង្រីក​គម្រោង​ថ្មីៗ​របស់​ខ្លួន​បន្ថែម​ជា​បន្ដ​បន្ទាប់​យ៉ាង​ដូច្នេះ ត្រូវ​បាន​លោក Eguchi Takashi បញ្ជាក់​ឲ្យ​ដឹង​ថា ដោយសារ​តែ​លោក​មើល​ឃើញ​ពី​សក្ដានុពល​នៃ​ការ​កើន​ឡើង​នៃ​អ្នក​ចំណូល​មធ្យម ដែល​មាន​លទ្ធភាព​ក្នុង​ការ​ទិញ​លំនៅដ្ឋាន​មាន​តម្លៃ​ក្រោម​១០​ម៉ឺន​ដុល្លារ គួបផ្សំ​នឹង​ការ​មើល​ឃើញ​ពី​កំណើន​សេដ្ឋកិច្ច​ឥត​ឈប់​ឈរ​របស់​ប្រទេស​កម្ពុជា​ផង​ដែរ។

ហើយ​បើ​ទោះ​បី​ជា​មាន​មតិ​ខ្លះ​លើក​ឡើង​ថា បច្ចុប្បន្ន ការ​ផ្គត់ផ្គង់​លំនៅដ្ឋាន​ហាក់​កំពុង​លើស​តម្រូវការ​ក្ដី ប៉ុន្ដែ ប្រធាន​ក្រុមហ៊ុន Creed Asia Cambodia រូប​នេះ មិន​បាន​យល់​ដូច្នោះ​ទេ ដោយ​លោក​អះអាង​ថា ពិនិត្យ​មើល​ភាព​ជាក់ស្ដែង​នោះ គឺ​កំណើន​តម្រូវការ​នៃ​ប្រជាជន​ដែល​មាន​លទ្ធភាព​ក្នុង​ការ​ទិញ​ផ្ទះ​នៅ​តែ​បន្ត​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

យ៉ាង​ណា​ក៏​ដោយ​ចុះ ការ​អភិវឌ្ឍ​លំនៅដ្ឋាន​នៅ​កម្ពុជា​នា​មួយ​រយៈ​ចុង​ក្រោយ​នេះ ហាក់​បី​កំពុង​ពុះ​កញ្ជ្រោល​ខ្លាំង ខណៈ​ដែល​ក្រុមហ៊ុន​មួយ​ចំនួន​បាន​បញ្ចេញ​លក់​គម្រោង​លំនៅដ្ឋាន​ថ្មីៗ​របស់​ខ្លួន​ជា​ច្រើន។ ក្នុង​នោះ អ្វី​ដែល​ជា​ការ​កត់​សម្គាល់ ដែល​ជំរុញ​ឲ្យ​មាន​កំណើន​នៃ​អ្នក​ទិញ​លំនៅ​ដ្ឋាន​នោះ គឺ​ដោយសារ​តែ​ក្រុមហ៊ុន​លក់​លំនៅដ្ឋាន​ទាំង​នោះ បាន​ផ្ដល់​នូវ​គោលការណ៍​ធូរ​រលុង​ក្នុង​ការ​ទិញ​ផ្ទះ ពោល​គឺ​មិន​ចាំបាច់​មាន​ប្រាក់​កក់ ឬ​មាន​ការ​សិក្សា​ពី​ប្រភព​ចំណូល​សាំញ៉ាំ​ច្រើន​នោះ​ទេ។ 

បើ​តាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយ​កម្ម និង​សំណង់ គិត​ត្រឹម​៦​ខែ​ឆ្នាំ​២០១៧​នេះ គម្រោង​សាងសង់​បុរី​លំនៅ​ដ្ឋាន ឬ​បុរី​ថ្មីៗ មាន​១៤​ទីតាំង ហើយ​បើ​គិត​មក​ទល់​ពេល​បច្ចុប្បន្ន គម្រោង​លំនៅដ្ឋាន​ប្រភេទ​នេះ​មាន​សរុប​រហូត​ដល់ ១៥៣​ទីតាំង ដែល​បាន​និង​កំពុង​ប្រមូល​ផ្ដុំ​គ្នា​សាងសង់​នៅ​តំបន់​សំខាន់ៗ​មួយ​ចំនួន ដូចជា តំបន់​ក្បែរ​ផ្លូវ​ជាតិ​លេខ​៤ ផ្លូវ​ជាតិ​លេខ​៦ ផ្លូវ​ជាតិ​លេខ​១ តំបន់​ស្ថិត​ក្នុង​ខណ្ឌ​សែនសុខ ខណ្ឌ​ឫស្សីកែវ និង​តំបន់​អរិយក្សត្រ​ជាដើម។

បើ​តាម​ការ​ប៉ាន់​ស្មាន​របស់​ក្រសួង​រៀបចំ​ដែនដី​​​ដដែល បាន​ឲ្យ​ដឹង​ថា ទៅ​ដល់​ឆ្នាំ​២០៣០​ខាង​មុខ កម្ពុជា​នឹង​មាន​តម្រូវការ​លំនៅដ្ឋាន​ថ្មីៗ ជា​មធ្យម មាន​ប្រមាណ​ជាង ៨​ម៉ឺន​ខ្នង​បន្ថែម​ទៀត​ជា​រៀងរាល់​ឆ្នាំ ដោយ​មិន​រាប់​បញ្ចូល​កង្វះ​លំនៅដ្ឋាន​នា​ពេល​បច្ចុប្បន្ន​ផង​ទេ៕

តួលេខ​វិនិយោគ​បរទេស​លើ​វិស័យ​សំណង់ និង​អចលនទ្រព្យ​ក្នុង​ពេល ១៧ឆ្នាំ​ចុងក្រោយ! 

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធ្វើយ៉ាងណាដើម្បីគ្រប់គ្នា​អាច​ទទួលទាន​ចំណី​អាហារ​ដែល​មាន​សុវត្ថិភាព​គ្រប់​គ្រាន់?

ចំណេះដឹង
ពាក្យ​សុវត្ថិភាព​ចំណី​អាហារ​បាន​ក្លាយ​ទៅ​ជា​ឃ្លា​មួយ​ដែល​គេ​អាច​និយាយ​បាន​ស្ទើរ​តែ​គ្រប់​គ្នា នៅ​ក្នុង​ប្រទេស​កម្ពុជា សូម្បី​តែ​ក្មេងៗ...

ឧកញ៉ា លី ហួរ ប្រាប់គន្លឹះកុំឲ្យអាជីវកម្មឆាប់ដួលបះ​ជើង

ចំណេះដឹង
ការបង្កើតអាជីវកម្មដំបូងៗ គឺពិតជាមានហានិភ័យខ្ពស់ក្នុងការដួលរលំ ប្រសិនបើសហគ្រិនមិនបានត្រៀមខ្លួន និងគិតគូរឲ្យបានគ្រប់ជ្រុងជ្រោយជាមុននោះទេ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ