គន្លឹះជោគជ័យ

ទម្លាប់​១៥​យ៉ាង​របស់​មហា​សេដ្ឋី​ដែល​​អ្នក​​គួរ​តែ​អាន!


ជោគជ័យ​មិន​មែន​ប្រើ​រយៈពេលខ្លី​​ដើម្បី​សម្រេច​បាន​នោះ​ទេ។ មហា​សេដ្ឋី​ដែល​ជោគជ័យ​ទាំង​អស់​តែង​តែ​ប្រឹង​ប្រែង និង​ចាប់​ផ្តើម​ពី​​ទម្លាប់​រៀង​ខ្លួន។
ទម្លាប់​១៥​យ៉ាង​របស់​មហាសេដ្ឋី​ ដែលនាំ​ឲ្យ​ពួកគេ​ជោគជ័យ។
ដោយ

លោក ថូម៉ាស ខរលី អ្នក​និពន្ធ​សៀវភៅ​មួយ​រូប​ដែល​បាន​ចំណាយ​ពេល​៥​ឆ្នាំ ស្រាវជ្រាវ​និង​តាមដាន​ស៊ី​ជម្រៅ​ទម្លាប់​ប្រចាំ​ថ្ងៃ​របស់​មហា​សេដ្ឋី​ដែល​ជោគជ័យ​ដោយ​ខ្លួន​ឯង​ចំនួន​១៧៧​នាក់ បាន​សរសេរ​នៅ​ក្នុង​សៀវភៅ​របស់​ខ្លួន​ថា ទម្លាប់​ប្រចាំ​ថ្ងៃ​របស់​ពួកគាត់​គឺ​ជា​កត្តា​កំណត់​​ភាព​ជោគជ័យ​របស់​បណ្តា​អ្នក​ទាំងនោះ។ 

មហា​សេដ្ឋី​ដែល​ជោគជ័យ​ទាំង​អស់​គ្នា គឺ​មាន​ចំណុច​រួម​គ្នា​មួយ​គឺ​ពួកគាត់​ប្រកាន់​ខ្ជាប់​និង​ដាច់ខាត​​នូវ​ទម្លាប់​ប្រចាំ​​ថ្ងៃ​របស់​ពួក​គាត់។ សៀវភៅ​របស់​លោក ថូម៉ាស់ ដែល​បាន​បោះពុម្ព​កាល​ពី​ឆ្នាំ២០១៦ មាន​ចំណង​ជើង​​ថា «ផ្លាស់ប្តូរ​ទម្លាប់​របស់​អ្នក ផ្លាស់​ប្តូរ​ជីវិត​របស់​អ្នក»។ 

ខាង​ក្រោម​នេះ​គឺ​ជា​ទម្លាប់​វិជ្ជមាន​ទាំង​១៥​ របស់​បណ្តា​មហា​សេដ្ឋី​ទាំង​នោះ ហើយ​យើង​គ្រប់​គ្នា​សុទ្ធតែ​អាច​យក​មក​អនុវត្ត​ជា​ទម្លាប់​ប្រចាំ​ថ្ងៃ​របស់​យើង៖

១. ទម្លាប់​អាន​ជា​ប្រចាំ 

ពួក​អ្នក​មាន​តែងតែ​ចំណាយ​ពេល​អាន​សៀវភៅ និង​ឯកសារ​នានា​ជា​រៀង​រាល់​ថ្ងៃ។ លោក ថូម៉ាស ខរលី បាន​សរសេរ​នៅ​ក្នុង​សៀវភៅ​របស់​ខ្លួន​ថា ៨៨% នៃ​មហា​សេដ្ឋី​ទាំង​អស់​ដែល​លោក​បាន​តាមដាន បាន​ចំណាយ​ពេល​៣០​នាទី ឬ​លើស​ពី​នេះ រៀងរាល់​ថ្ងៃ ដើម្បី​អាន​​បង្កើន​ចំណេះដឹង​និង​សិក្សា​បន្ថែម។ ពួក​គេ​ចូល​ចិត្ត​ជា​រួម​នូវ​សៀវភៅ ឬ​អត្ថបទ​បី​ប្រភេទ គឺ​ប្រវត្តិ​រូប​មនុស្ស​ល្បីៗ ជោគជ័យ​លើ​លោក សៀវភៅ​ជួយ​លើកទឹក​ចិត្ត​ខ្លួន​ឯង ឬ​ការ​អភិវឌ្ឍ​ខ្លួន និង​ប្រវត្តិ​សាស្រ្ត។ 

២. ទម្លាប់​ហាត់​ប្រាណ​ជា​ប្រចាំ 

ពួក​អ្នក​មាន​តែង​តែ​ហាត់​ប្រាណ​ជា​ប្រចាំ​ដោយ​ចំណាយ​ពេល​លើស​ពី​៣០​នាទី​ក្នុង​មួយ​ថ្ងៃ ទៅ​លើ​ការ​រត់​តិចៗ ការ​ដើរ ការ​ជិះកង់ ឬ​លំហាត់​នានា​ដែល​មាន​ផល​ដល់​បេះដូង​និង​ខួរ​ក្បាល។ ពួកគេ​ជឿថា​ការ​ហាត់​ប្រាណ​គឺ​ជួយ​ដល់​បេះ​ដូង និង​ខួរ​ក្បាល​របស់​ពួក​គេ​ឲ្យ​កាន់​តែ​ល្អ និង​ឆ្លាត​បន្ថែម​ទៀត។ 

៣. ទម្លាប់​ដើរ​ជាមួយ​ពួក​ដែល​ជោគជ័យ​នានា 

ពួក​អ្នក​មាន​ចូល​ចិត្ត​ដើរ​ជាមួយ​អ្នក​មាន​ដូចគ្នា ឬ​អ្នក​ដែល​ទទួល​បាន​ជោគ​ជ័យ។ លោក ខរលី បញ្ជាក់​ថា ពួក​អ្នក​មាន​ទាំង​នោះ​ចូល​ចិត្ត​ស្វែងរក និង​ដើរ​ជាមួយ​អ្នក​ដែល​មាន​គោលដៅ​ច្បាស់​លាស់ មាន​សុទិដ្ឋិ​និយម មាន​ទស្សនៈ​វិស័យ​វិជ្ជមាន។ 

នៅ​ពេល​ដែល​ពួកគេ​បាន​ទាក់ទង​គ្នា​ហើយ ពួកគេ​តែងតែ​ពង្រឹង​ទំនាក់​ទំនង​គ្នា​ជានិច្ច ហើយ​តែងតែ​ធ្វើ​នូវ​ទម្លាប់​ដូចជា ជូនពរ​គ្នា​ក្នុង​ឱកាស​ថ្ងៃ​កំណើត ឬ​ខួប​អ្វី​មួយ ទូរស័ព្ទ​សួរ​សុខ​ទុក្ខ​គ្នា ចូលរួម​ក្នុង​កម្មវិធី​ស្ម័គ្រ​ចិត្ត និង​បណ្តាញ​នានា ។ល។

៤. ទម្លាប់​ដើរ​តាម​ស្វែងរក​គោល​ដៅ​របស់​ខ្លួន​ឲ្យ​បាន 

ពួក​អ្នក​​មាន​​ទាំង​​នោះ​តែងតែ​ស្វែងរក​និង​ដើរ​តាម​គន្លង​សុបិន​និង​គោលដៅ​របស់​ខ្លួន ព្រោះ​ថា ពួក​គេ​មាន​ការ​សប្បាយ​ចិត្ត ពេញ​ចិត្ត មាន​សុភមង្គល​ក្នុង​ការ​សម្រេច​តាម​គោលដៅ​របស់​ខ្លួន។ មាន​មនុស្ស​ជា​ច្រើន​បាន​បង្កើត​ជា​កំហុស​ដោយ​មិន​បាន​ស្វែង​រក​គោលដៅ​របស់​ខ្លួន​នោះ​ទេ តែ​បែរ​ជា​ប្រឹង​សម្រេច​តាម​បំណង ឬ​គោលដៅ​របស់​អ្នក​ផ្សេង​ទៅ​វិញ (ដែល​រាប់​ទាំង​ឪពុក​ម្តាយ​ផង​ដែរ)។ នៅ​ពេល​ដែល​យើង​មាន​សុបិន មាន​គោលដៅ នោះ​យើង​នឹង​ធ្វើការ​ប្រកប​ដោយ​ការ​ពេញចិត្ត សប្បាយ មាន​ការ​តស៊ូ អំណត់​ព្យាយាម មាន​ឋាមពល និង​ស្វិត​ស្វាញ​ជាមួយ​នឹង​ឧបសគ្គ​នានា។ 

៥. ទម្លាប់​ក្រោក​ពី​ព្រលឹម 

ប្រមាណ​ជាង ៥០% នៃ​បណ្តា​មហា​សេដ្ឋី​ដែល​លោក ខរលី ស្រាវជ្រាវ ទម្លាប់​តែងតែ​ក្រោក​ពី​គេង​យ៉ាង​ហោច​ណាស់​៣​ម៉ោង​មុន​ពេល​ចាប់​ផ្តើម​ធ្វើការ។ ពួកគេ​ថា ក្រោក​ឡើង​នៅ​ម៉ោង​៥​រៀង​រាល់​ព្រឹក ហើយ​តែងតែ​​ដាក់​ផែនការ​សម្រេច​ការងារ​៣​ក្នុង​ថ្ងៃ​នោះ នឹង​ជួយ​ឲ្យ​ខ្លួន​យើង​អាច​គ្រប់គ្រង​លើ​ខ្លួន​ឯង​បាន ជា​ពិសេស គឺ​បង្កើន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង និង​ដឹកនាំ​ជីវិត​របស់​យើង​ដោយ​ផ្ទាល់។ 

៦. ពួក​គេ​មាន​ប្រភព​ចំណូល​ពី​ច្រើន​ប្រភព 

ពួក​អ្នក​មាន​ទាំង​នោះ​មិន​មែន​ពឹង​ផ្អែក​លើ​ប្រភព​ចំណូល​តែ​មួយ​នោះ​ទេ។ ក្នុង​ចំណោម​មហា​សេដ្ឋី​ទាំង​១៧៧​នាក់​នោះ ៦៥% បញ្ជាក់​ថា ពួកគេ​មាន​ប្រភព​ចំណូល​យ៉ាង​តិច​ណាស់ ៣ ដែល​បាន​ជួយ​ទ្រទ្រង់​ពួក​គេ​ឲ្យ​​សម្រេច​បាន​១​លាន​ដុល្លារ​ដំបូង​របស់​ពួកគេ។

៧. ពួក​គេ​តែងតែ​ផ្ទៀង​ផ្ទាត់ និង​ឆែក​ជាមួយ​គ្រូ​ណែនាំ ឬ​អ្នក​ចង្អុល​បង្ហាញ​របស់​ពួកគេ​ជានិច្ច 

លោក ខរលី បាន​សរសេរ​នៅ​ក្នុង​សៀវភៅ​របស់​លោក​ថា ការ​មាន​អ្នក​ណែនាំ ឬ​អ្នក​ជួយ​ចង្អុល​បង្ហាញ​ផ្លូវ​របស់​អ្នក នឹង​ជួយ​ឲ្យ​ទ្រព្យ​សម្បត្តិ​របស់​យើង​កើន​ឡើង​ដែរ។ គ្រូ​ណែនាំ ឬ​អ្នក​ចង្អុល​បង្ហាញ​ដែល​ជោគ​ជ័យ​នានា តែងតែ​ណែនាំ​យើង​ពី​អ្វី​ដែល​គួរ និង​មិន​គួរ ចែក​រំលែកជាមួយ​យើង​នូវ​បទ​ពិសោធន៍​ជីវិត មុខរបរ ហើយ​ចង្អុល​បង្ហាញ​ផ្លូវ​វិជ្ជមាន​ដល់​យើង។ 

៨. ពួក​គេ​តែង​តែ​គិត​វិជ្ជមាន 

ភាព​ជោគជ័យ​យូរ​អង្វែង​គឺ​អាច​សម្រេច​ទៅ​បាន​លុះ​ណា​តែ​យើង​មាន​ទស្សនៈ​វិស័យ​ប្រកប​ដោយ​ភាព​វិជ្ជមាន។ បញ្ហា​របស់​មនុស្ស​ទូទៅ​គឺ​ថា ពួកគេ​មិន​បាន​ដឹង ឬ​យល់​អំពី​គំនិត ភាព​វិជ្ជមាន ឬ​អវិជ្ជមាន​របស់​ខ្លួន។ ការ​យល់​ដឹង​អំពី​គំនិត​របស់​ខ្លួន​គឺ​ជា​កូន​សោ​ចម្បង​បំផុត។ នេះ​គឺ​សមស្រប​នឹង​ទស្សនៈ​សមាទិដ្ឋិ​របស់​ពុទ្ធ​សាសនា។

៩. ពួក​គេ​មិន​ទោរ​តាម​ទំនោរ​របស់​ក្រុម​ផ្សេងៗ​នោះ​ទេ 

ជា​ការ​ពិត​ណាស់​ថា នៅ​​ក្នុង​សង្គម​យើង​ចាំបាច់​ត្រូវ​ចូល​ក្នុង​ចំណោម​គេ​ឯង ត្រូវ​ជា​ផ្នែក​មួយ​នៃ​ក្រុម​ណា​មួយ​ក្នុង​សង្គម ប៉ុន្តែ នៅ​ពេល​ដែល​យើង​ជា​ផ្នែក​មួយ​ហើយ យើង​មិន​អាច​ផ្តាច់​ខ្លួន​បាន​គឺ​ជា​មូលហេតុ​ដែល​​មនុស្ស​ជា​ច្រើន​មិន​ទទួល​បាន​ជោគ​ជ័យ។ 

មនុស្ស​ជោគ​ជ័យ​​តែងតែ​បង្កើត​ក្រុម ឬ​ហ្វូង​របស់​ខ្លួន​ថ្មី ហើយ​បញ្ចុះ​បញ្ចូល​ឲ្យ​អ្នក​ដទៃ​ចូល​តាម។ លោក ខរលី បាន​បញ្ជាក់​ថា ទម្លាប់​របស់​ពួក​អ្នក​មាន​នោះ​គឺ បើ​ចង់​ផ្តាច់​ខ្លួន​ពី​ហ្វូង​ក្រុម​ណា​មួយ ត្រូវ​បង្កើត​ក្រុម​ខ្លួន​ឯង ហើយ​ឲ្យ​អ្នក​ដទៃ​ចូល​រួម។

១០. ពួកគេ​មាន​កិរិយា​មារយាទ​ល្អ 

លោក ខរលី បញ្ជាក់​​ថា បណ្តា​ពួក​អ្នក​មាន​គឺ​មាន​មារយាទ​ល្អ​ណាស់ ហើយ​តែងតែ​ប្រកាន់​ខ្ជាប់​នូវ​មារយាទ​ល្អ​ទាំង​នោះ។ ពួក​គេ​តែងតែ​មាន​សុជីវធម៌ សីលធម៌​ល្អ​មិន​ថា នៅ​ក្នុង​ខណៈ​ពេល ឬ​កាលៈ​ទេសៈ​ណា​នោះ​ទេ។ 

១១. ពួកគេ​តែង​ជួយ​អ្នក​ដទៃ​ឲ្យ​ជោគ​ជ័យ​ដែរ 

ពួកគេ​ប្រកាន់​នូវ​ទស្សនៈ​ថា ការ​ជួយ​អ្នក​ដទៃ​ឲ្យ​ដើរ​ទៅ​មុខ​សម្រេច​តាម​គោលដៅ និង​សុបិន​របស់​ខ្លួន គឺ​ដូច​ជួយ​ខ្លួន​ឯង​ឲ្យ​បាន​ជោគ​ជ័យ​ដែរ។ អ្វីៗ​ទាំងអស់​គឺ​កើត​ឡើង​ដោយ​ការងារ​ជា​ក្រុម ហើយ​វិធី​ដ៏​ល្អ​បំផុត​ដើម្បី​ឲ្យ​ក្រុម​សម្រេច​បាន​ជោគ​ជ័យ យើង​ចាំបាច់​ត្រូវ​ជួយ​គ្នា​ឲ្យ​ជោគជ័យ​ទាំង​អស់​គ្នា។

១២. ពួក​គេ​តែងតែ​ប្រើ​ពេល​ពី​១៥ ទៅ​៣០​នាទី​ក្នុង​មួយ​ថ្ងៃ​សម្រាប់​គ្រាន់​តែ​គិត

ពួក​អ្នក​មាន​តែងតែ​គិត​សញ្ជប់​សញ្ជឹង​តែ​ម្នាក់​ឯង​យ៉ាង​ហោច​ណាស់​១៥​នាទី ក្នុង​មួយ​ថ្ងៃ ហើយ​ពួកគេ​តែងតែ​ចំណាយ​ពេល​រាល់​ថ្ងៃ​ ព្រាង​លើ​ចំណុច​មួយ​ចំនួន​ដោយ​ខ្លួន​ឯង​ដូចជា រឿង​ការ​ងារ ហិរញ្ញវត្ថុ គ្រួសារ សុខភាព បញ្ហា និង​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម​នានា។ 

ពួកគេ​តែងតែ​សួរ​ខ្លួន​ឯង​នូវ​សំណួរ​ដូច​តទៅ តើ​ត្រូវ​ធ្វើ​ម្តេច​ដើម្បី​បាន​លុយ​បន្ថែម​ទៀត? តើ​ការងារ​រាល់​ថ្ងៃ​ហ្នឹង​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត​ទេ? តើ​យើង​បាន​ហាត់​ប្រាណ​គ្រប់​គ្រាន់​ហើយ​ឬ​នៅ? តើ​យើង​គួរ​ចូលរួម​កម្មវិធី​មនុស្ស​ធម៌ ឬ​ការងារ​សង្គម​ណា​ទៀត​ទេ?

១៣. ពួកគេ​តែងតែ​ស្វែង​រក​ព័ត៌មាន​ត្រឡប់ (feedback) 

ការ​ភ័យ​ខ្លាច​ការ​រិះគន់​តិះទៀន​នានា នឹង​ធ្វើ​ឲ្យ​យើង​ខកខាន​មិន​បាន​ស្វែក​រក​ព័ត៌មាន​ត្រឡប់​ (feedback) សម្រាប់​ខ្លួន​​ឯង។ ព័ត៌មាន​ត្រឡប់​មាន​សារសំខាន់​សម្រាប់​ឲ្យ​យើង​រៀន​អំពី​អ្វី​ដែល​ធ្វើ​កើត ឬ​មិន​កើត និង​ដឹង​ថា យើង​ដើរ​នៅ​លើ​ផ្លូវ​ត្រូវ​ឬ​អត់? ព័ត៌មាន​ត្រឡប់​នឹង​ផ្តល់​ឲ្យ​យើង​នូវ​ព័ត៌មាន​នានា​ដែល​យើង​ត្រូវការ​ដើម្បី​សម្រេច​ជោគជ័យ​នូវ​រាល់​ដំណើរ​ផ្សង​ព្រេង​របស់​យើង។ 

១៤. ពួកគេ​តែងតែ​ស្នើ​សុំ​នូវ​អ្វី​ដែល​ពួក​គេ​ត្រូវការ 

មាន​មនុស្ស​ជា​ច្រើន​មាន​ការ​ភ័យ​ខ្លាច​ក្នុង​ការ​ស្នើសុំ​នូវ​អ្វី​ដែល​ខ្លួន​ត្រូវការ។ បើ​ចង់​ជោគជ័យ យើង​ត្រូវ​តែ​ជំនះ​នូវ​ការ​ភ័យ​ខ្លាច និង​ទទូច​ស្នើ​សុំ​ឲ្យ​មាន​ការ​ជួយ​ពី​អ្នក​ដទៃ​ដើម្បី​ទទួល​បាន​អ្វី​ដែល​យើង​ចង់​បាន។ សូម​កុំ​ខ្មាស់ ក្នុង​ការ​សុំ​ឲ្យ​គេ​ជួយ។ 

១៥. ពួកគេ​តែង​តែ​គិតគូរ​យ៉ាង​ច្បាស់​លាស់​ប្រថុយ​ជាមួយ​នឹង​ហានិយ​ភ័យ​ទាំង​ឡាយ 

ពួក​អ្នកមាន​ទាំង​នោះ គឺ​ជា​ពួក​ដែល​មិន​ចេះ​ខ្លាច​ប្រថុយ​ជាមួយ​នឹង​ហានិយ​ភ័យ​នោះ​ទេ។ ពួកគេ​យល់​ថា ហានិយ​ភ័យ​ទាំង​ឡាយ​តែងតែ​មាន​តម្លៃ​របស់​វា បើ​យើង​បរាជ័យ​គឺ​យើង​រៀន​​ពី​វា។ ការ​បរាជ័យ កំហុស​ទាំង​ឡាយ គឺ​ជា​មេរៀន​ដ៏​ល្អ​សម្រាប់​យើង​ឈាន​ទៅ​រក​ជោគជ័យ​នៅ​ទី​បញ្ចប់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន​​«​គ្រាក់ៗ​»​ទាំង​១០​ដែល​​ក្ដោបក្ដាប់​​សេដ្ឋកិច្ច​កម្ពុជា (ភាគ១)

ព័ត៌មាន
សេដ្ឋកិច្ច​កម្ពុជា​បាន​ងើប​ឡើង​ដោយ​វិវឌ្ឍ​ខ្លួន​បន្តិច​ម្ដងៗ ពី​កម្រិត​ក្រោម​សូន្យ​នៅ​ក្រោយ​សង្គ្រាម​រ៉ាំរ៉ៃ​ជា​ច្រើន​ទសវត្សរ៍ ត្រឡប់​មក​រក​…

សង្គ្រាម​គ្រឿង​ញៀន​ផ្ដាច់​ផ្ដិល​ជីវិត​ចៅហ្វាយក្រុង​ហ្វ៊ីលីពីន​ម្នាក់​ទៀត​ហើយ

ព័ត៌មាន
អភិបាលក្រុង​ហ្វីលីពីន​មួយ​រូប​ទៀត​ហើយ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន​ដ៏​បង្ហូរ​ឈាម​របស់​ប្រធានាធិបតី លោក Ro…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ