គន្លឹះជោគជ័យ

អ្នកឧកញ៉ា លី ហួរ៖ ដើម​ទុនបើក​អាជីវកម្ម​ដំបូង​មិន​មែន​ជា​ប្រាក់​ទេ គឺ​គំនិត!


អ្នកឧកញ៉ា លី ហួរ ត្រូវ​បាន​ចាត់​ទុក​ថា ជា​ពាណិជ្ជករ​ខ្មែរ​មួយ​រូប​ដែល​ទទួល​បាន​ភាព​ជោគជ័យ​យ៉ាង​ខ្លាំង​នៅ​ក្នុង​មុខ​ជំនួញ ជា​បុគ្គល​គំរូ​ម្នាក់​សម្រាប់​សហគ្រិន​ក្មេងៗ​ជំនាន់​ក្រោយ​គួរ​រៀនសូត្រ និង​អនុវត្ត​តាម។ ហើយ​ជា​បុគ្គល​ដែល​មាន​ការ​តំាង​ចិត្ត​ខ្ពស់​ក្នុង​ការ​សម្រេច​គោលដៅ​ជោគជ័យ​នៅ​ក្នុង​មុខ​ជំនួញ។
អ្នកឧកញ៉ា លី ហួរ ប្រធាន​ក្រុម​ប្រឹក្សាភិបាល​ក្រុមហ៊ុន លីហួរ គ្រុប (រូបភាព៖ ខេមបូណូមីស)
ដោយ

អ្នកឧកញ៉ា លី ហួរ ត្រូវបានចាត់ទុកថា ជាពាណិជ្ជករខ្មែរមួយរូបដែលទទួលបានភាពជោគជ័យយ៉ាងខ្លាំងនៅក្នុងមុខជំនួញ ជាបុគ្គលគំរូម្នាក់សម្រាប់សហគ្រិនក្មេងៗជំនាន់ក្រោយគួររៀនសូត្រ និងអនុវត្តតាម។ ហើយជាបុគ្គលដែលមានការតំាងចិត្តខ្ពស់ក្នុងការសម្រេចគោលដៅជោគជ័យនៅក្នុងមុខជំនួញ។ 

តើអ្នកឧកញ៉ា លី ហួរ បានប្រាស់ប្រើរូបមន្តនិងយុទ្ធសាស្ត្រគ្រប់គ្រងដឹកនាំអាជីវកម្មយ៉ាងដូចម្ដេចខ្លះ ទើបធ្វើឲ្យលោកទទួលបាននូវភាពជោគជ័យខ្លាំងបែបនេះ? ដើម្បីដំណើរការអាជីវកម្មមួយទទួលបានជោគជ័យ តើលោកត្រូវគោរពគោលការណ៍សំខាន់អ្វីខ្លះ? 

អ្នកសារព័ត៌មានអេឡិចត្រូនិក ខេមបូណូមីស បានជួបធ្វើបទសម្ភាសន៍ដោយផ្ទាល់ជាមួយនឹងអ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន លីហួរ គ្រុប និងជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ជុំវិញគន្លឹះសំខាន់ៗក្នុងការប្រកបអាជីវកម្មជោគជ័យ ដូចខាងក្រោមនេះ ៖

ខេមបូណូមីស ៖ មានមូលដ្ឋានគ្រឹះសំខាន់ៗអ្វីខ្លះ ក្នុងការបើកអាជីវកម្មដំបូង ថាតើយើងត្រូវមានធនធានអ្វីខ្លះ?

អ្នកឧញ៉ា លី ហួរ៖ មុនដំបូង យើងចង់បើកអាជីវកម្មអ្វីមួយ គឺថា ដើមទុនរបស់យើងមិនមែនជាប្រាក់នោះទេ ដើមទុនរបស់យើងគឺគំនិត ! យើងត្រូវមានគំនិតគិតគូរឲ្យបានល្អិតល្អន់មុននឹងយើងបើកអាជីវកម្មអ្វីមួយនោះ។ យើងត្រូវសិក្សាស្រាវជ្រាវទៅលើបញ្ហាប្រឈមផ្សេងៗហានិភ័យអ្វីខ្លះ ដែលប្រឈមនឹងការបើកអាជីវកម្មរបស់យើង។ យើងត្រូវតែរកឲ្យឃើញអស់នូវរាល់ចំណុចហានិភ័យផ្សេងៗ ដែលធ្វើឲ្យប៉ះពាល់ដល់មុខជំនួញយើងដើម្បីឲ្យអាជីវកម្មទទួលបានជោគជ័យ នោះហើយជាដើមទុនរបស់យើង។ 

ពិតណាស់ថា លុយសំខាន់ជាងដើមទុន ប៉ុន្តែ ខ្ញុំចាត់ទុកថាជាដើមទុនទី២ ដើមទុនទី១ គឺជាដើមទុនគំនិតនេះឯង បើយើងគ្មានគំនិត គិតឲ្យបានល្អិតល្អន់ និងវែងឆ្ងាយនោះទេ ទោះយើងមានលុយប៉ុន្មានក៏ដោយក៏វាបរាជ័យ មិនទទួលជោគជ័យនោះទេ ។

ក្រុមហ៊ុន លីហួរ វេរលុយ ជា​បុត្រ​សម្ព័ន្ធ​នៃ​ក្រុមហ៊ុន លីហួរ គ្រុប។ (ហេង ភារម្យ)
កត្តា​ដែល​ធ្វើ​ឲ្យ​មុខ​ជំនួញ​ជោគ​ជ័យ មិន​មែន​សុទ្ធតែ​ចម្លង​ពី​គេ​មក​ធ្វើ​តាម បាន​ជោគជ័យ​នោះ​ទេ យើង​ត្រូវ​មាន​បទ​ពិសោធន៍ និង​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់!
— អ្នកឧកញ៉ា លី ហួរ ប្រធាន​ក្រុមហ៊ុន លីហួរ គ្រុប

ខេមបូណូមីស៖ តើកត្តាអ្វីខ្លះដែលធ្វើឲ្យអ្នកឧកញ៉ា ទទួលបានភាពជោគជ័យនៅក្នុងមុខជំនួញដ៏ត្រចះត្រចង់បែបនេះ?

អ្នកឧកញ៉ា លី ហួរ៖ បាទ សូមអរគុណ ត្រង់ចំណុចត្រង់នេះ ខ្ញុំចង់បញ្ជាក់ឲ្យដឹងថា ការគ្រប់គ្រងគឺជាចំណុចដ៏សំខាន់ក្នុងចំណោមចំណុចសំខាន់ៗដទៃទៀតសម្រាប់ដឹកនាំក្រុមហ៊ុនឲ្យឈានទៅរកភាពជោគជ័យ។ ខ្ញុំចង់ប្រាប់ថា ធ្វើយ៉ាងណាតាមដានកិច្ចការ ត្រួតពិនិត្យនិងគ្រប់គ្រងជាប់ជានិច្ច នោះអ្វីៗប្រកបដោយភាពរលូន។ ដូច្នេះ ជារួមដើម្បីឲ្យដំណើរការអាជីវកម្មប្រព្រឹត្តទៅដោយរលូននិងជោគជ័យនោះ យើងត្រូវផ្តោតទៅលើចំណុចសំខាន់ៗបី ទី១ ការគ្រប់គ្រង ទី២ ធនធានមនុស្សល្អ និងទី៣ ការបណ្តុះបណ្តាល។ ទំាងបីចំណុចនេះហើយដែលធ្វើឲ្យការដឹកនាំក្រុមហ៊ុនជោគជ័យ។

ខេមបូណូមីស៖ អ្នកឧកញ៉ា មានក្រុមហ៊ុនរហូតដល់ទៅ ៧ ក្រុមហ៊ុនឯណោះ តើអ្នកឧកញ៉ា បែងចែកពេលវេលា គ្រប់គ្រងដឹកនាំក្រុមហ៊ុនរបៀបណាខ្លះ?

អ្នកឧកញ៉ា លី ហួរ៖ បាទ ពិតណាស់វាច្រើនមែន ប៉ុន្តែ ពួកយើងមានក្រុមមួយសម្រាប់មើលការខុសត្រូវគ្រប់ក្រុមហ៊ុននីមួយៗ យើងបានចាត់តាំងឲ្យមានប្រធានក្រុមហ៊ុន១ ជាអ្នកមើលការទទួលខុសត្រូវលើកិច្ចការងារគ្រប់ផ្នែកក្នុងក្រុមហ៊ុន។ រាល់ក្រុមហ៊ុននីមួយៗ ត្រូវតែធ្វើរបាយការណ៍ប្រចំាថ្ងៃ ប្រចាំខែ ឆ្លងមកស្នាក់កណ្តាលដើម្បីត្រួតពិនិត្យវាយតម្លៃ និងអនុម័ត។ ធ្វើដូច្នេះ យើងស្រួលធ្វើការគ្រប់គ្រងការងារបានល្អ។ នេះជាកិច្ចការងារដែលខ្ញុំត្រូវធ្វើប្រចាំថ្ងៃ។

ខេមបូណូមីស៖ តើអ្វីខ្លះជាឧបសគ្គរបស់អ្នកឧកញ៉ាក្នុងការប្រកួតប្រជែងនៅក្នុងមុខជំនួញ?

អ្នកឧកញ៉ា លី ហួរ៖ ពិតណាស់ ការប្រកួតប្រជែងតែងតែកើតមានឡើង។ គ្រប់ប្រទេសដែលមានការរីកចម្រើនខ្លាំង ការប្រកួតប្រជែងក៏កាន់តែខ្លាំង។ យើងមិនត្រូវខ្លាចការប្រកួតប្រជែងនោះទេ ការប្រកួតប្រជែងនាំមកនូវសេវាកម្មល្អ គុណភាពល្អ សោភ័ណភាព និង ការច្នៃប្រឌិតផ្សេងៗ ឲ្យកាន់តែល្អប្រសើរ។ ដូច្នេះ កាន់តែមានការប្រកួតប្រជែងក្រុមហ៊ុនកាន់តែមានភាពរីកចម្រើន។

ខេមបូណូមីស៖ អ្នកឧកញ៉ាជាអ្នកជំនួញមួយរូបដ៏ឆ្នើមនៅកម្ពុជា អ្នកឧកញ៉ាបានបង្កើតរូបមន្ត និងយុទ្ធសាស្ត្រផ្ទាល់ខ្លួនអ្វីខ្លះ ដើម្បីគ្រប់គ្រងដឹកនាំអាជីវកម្មឲ្យទទួលបានជោគជ័យខ្លាំងបែបនេះ? ហើយលោកត្រូវគោរពគោលការណ៍សំខាន់អ្វីខ្លះ? 

អ្នកឧកញ៉ា លី ហួរ៖ ខ្ញុំមានគោលការណ៍ច្បាស់លាស់ខ្លួនឯង តំាងតែពីខ្ញុំមានអាជីវកម្មកម្រិតលក្ខណៈជាគ្រួសារ មិនទាន់បើកជាក្រុមហ៊ុន (ស្តង់ដារ)នោះម្ល៉េះ។ យើងធ្វើអ្វីក៏ដោយ ឲ្យវាមានតម្លាភាព ដូចជាការទិញលក់ គឺការតថ្លៃគ្នាមួយដែលត្រូវឲ្យមានតម្លាភាព។

ឧទាហរណ៍ បើគេទិញមួយឲ្យច្បាស់មួយ ទិញពីរឲ្យច្បាស់ជាពីរ បើគេទិញមួយគីឡូ ឲ្យគេតែ ៩ខាំកន្លះ នេះមិនមានតម្លាភាពនោះទេ។ យើងរកស៊ី ត្រូវធ្វើយ៉ាងម៉េច ឲ្យសមភាព យុត្តិធម៌ជាមួយអតិថនជន មិនបោកប្រាស់ ឬក៏ចំណេញហួសហេតុ។ បើខ្ញុំលក់ក្រណាត់ ម៉ែត្រដឹងតែពីគ្រប់ ខ្ញុំលក់មាសជញ្ជីងត្រូវគ្រប់គីឡូ បើដូរលុយវិញក៏ត្រូវតែគ្រប់ចំនួន។ 

យើងដាក់ពិន័យយ៉ាងតឹងរ៉ឹងដល់បុគ្គលិក យកលុយភ្ញៀវស្មើនឹងលួចលុយក្រុមហ៊ុន ត្រូវតែមានទោស។ ឈរនៅលើគោលការណ៍នេះ ដែលធ្វើឲ្យអតិថិជន សាធារណជន គេទុកចិត្ត គេវាយតម្លៃថា ទុកនិងដូរលុយនៅលីហួរមិនខ្លាចបាត់ លើសគាត់ឲ្យមកវិញ។ ការអនុវត្តរបស់យើងត្រូវមានតម្លាភាព ឲ្យអតិថិជនគេទទួលយកបាន យើងត្រូវឈរលើទស្សនៈបីយ៉ាង គឺត្រូវរួសរាយរាក់ទាក់ទន់ភ្លន់ទៅកាន់អតិថិជន ទី២ ម៉ឺងម៉ាត់ហ្មត់ចត់ និង ទី៣ មិនកេងប្រវ័ញ្ច។ ទំាងអស់នេះហើយជាគោលការណ៍ និងជារូបមន្តរបស់យើង ហើយកិច្ចការអស់នេះ យើងមិនអាចធ្វើបានតែមួយថ្ងៃទេ វាមិនងាយស្រួលទេ ត្រូវការជំនះតស៊ូយូរឆ្នាំ ទើបគេទុកចិត្ត លីហួរ មកដល់សព្វថ្ងៃនេះ។ 

ខេមបូណូមីស៖ សំណួរចុងក្រោយ តើអ្នកឧកញ៉ាចង់ផ្តាំផ្ញើទៅកាន់សហគ្រិនវ័យក្មេងដែលមានបំណងចង់បើកអាជីវកម្មយើងត្រូវតំាងចិត្តអ្វីខ្លះ?

អ្នកឧកញ៉ា លី ហួរ៖ ជាចុងក្រោយ ខ្ញុំចង់ផ្តាំផ្ញើប្អូនៗជំនាន់ក្រោយ ក៏ដូចសហគ្រិនវ័យក្មេងថា បើទោះបីជាប្អូនរៀនបានច្រើន ជាពិសេសរៀនមកក្រៅប្រទេសក្ដី ប៉ុន្តែកត្តាដែលធ្វើឲ្យមុខជំនួញជោគជ័យ មិនមែនសុទ្ធតែចម្លងពីគេ មកធ្វើតាមបានជោគជ័យទេ យើងត្រូវមានបទពិសោធន៍និងគំនិតច្នៃប្រឌិតខ្ពស់។ ខ្ញុំសូមបញ្ជាក់ជាថ្មីម្តងទៀត ថា ដើមទុនបើកអាជីវកម្មមិនមែនជាប្រាក់ទេ គឺគំនិត។ 

បន្ថែមលើសពីនេះទៅទៀត យើងត្រូវសិក្សាទៅលើទីផ្សារឲ្យច្បាស់លាស់ តើវាប្រឈមទៅនឹងបញ្ហាអ្វីខ្លះ? គូប្រកួតប្រជែងរបស់យើងមានអ្វីខ្លះ? ហើយយើងសិក្សាឲ្យអស់ តើយើងត្រៀមខាតប៉ុន្មានខែ ហើយដើមទុនជាប្រាក់ហ្នឹង យើងមានគ្រប់គ្រាន់សម្រាប់ខាតរយៈពេលប៉ុន្មាន? ហើយចូរចងចាំថា ការវិនិយោគអ្វីក៏ដោយបើយើងមិនហ៊ានខាត ច្បាស់ជាមិនមានចំណេញមកវិញនោះទេ។ ហើយធ្វើអ្វីក៏ដោយ ចូរកុំលោភលន់ពេក។

សូមប្អូនៗចងចំា ពាក្យខ្មែរបុរាណយើងបួនមាត់ ខ្លីតែមានន័យគ្រប់គ្រាន់ គឺ  “គិតហើយ សឹមគូរ” !

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា​មាន​សណ្ឋាគារ​ជាង​៦០០ ផ្ទះ​សំណាក់​ជាង​២០០០ ប៉ុន្តែ​នៅ​មិន​ទាន់​ឆ្លើយ​តប​នឹង​តម្រូវការ​នៅ​ឡើយ

ព័ត៌មាន
កម្ពុជាជាប្រទេសដែល​កំពុង​មាន​ការ​អភិវឌ្ឍ​យ៉ាង​ខ្លាំង​ខ្លា​មួយ​នៅ​ក្នុង​តំបន់​អាស៊ាន។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ គឺ​ថា​ប្រទេស​ត…

អាកាសចរណ៍ Emirates នឹង​បើក​ការ​ហោះហើរ​មក​កម្ពុជា​នៅ​ពាក់​កណ្ដាល​ឆ្នាំ​នេះ

ព័ត៌មាន
រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា នឹង​ក្លាយ​ជា​ទិសដៅ​ថ្មី​បំផុត​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Emirates ដែល​គ្រោង​នឹង​ចាប់​ផ្ដើម​ជើង​ហោះហើរ​ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ